​ភ្នំពេញៈ ភ្ញៀវទេសចរ​ប្រមាណ​ជាង ៨៦​ម៉ឺន​នាក់ បានចេញ​ដើរ​កម្សាន្ត នៅក្នុង​ថ្ងៃទី​១ នៃ​ឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ ដែល​ត្រូវ​នឹង​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០២២​។ នេះ​បើ​យោងតាម​តួលេខ​ពី​ក្រសួងទេសចរណ៍​។​

​ក្រសួងទេសចរណ៍ បាន​បង្ហាញថា ក្នុង​ថ្ងៃទី​១ នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ ដែល​ត្រូវ​នឹង​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០២២ មាន​ភ្ញៀវទេសចរ​ចេញ​ដើរ​កម្សាន្ត​សរុប ៨៦២ ៨៩៧​នាក់ ក្នុងនោះ​ភ្ញៀវ​ជាតិ មាន​ចំនួន ៨៥៤ ៦៥៤​នាក់ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង មាន​ចំនួន ៨ ២៤៣​នាក់​។​

​រាជធានី​-​ខេត្ត ដែល​ទទួលបាន​ភ្ញៀវទេសចរ​ច្រើនជាងគេ​រួមមាន ខេត្ត​ខេត្តកំពង់ឆ្នាំង មាន​ចំនួន ១៦០ ៧៤០​នាក់​, បាត់ដំបង ១០៧ ២៥៤​នាក់​, សៀមរាប ១០៧ ០១៤​នាក់​, ពោធិ៍សាត់ ៨៣ ៨៩៦​នាក់​, កំពង់ចាម ៥៧ ៤៣០​នាក់​, ព្រៃវែង ៥៦ ០០២ នាក់​, កំពង់ស្ពឺ ៤៩ ២៨៨​នាក់​, រាជធានី​ភ្នំពេញ ៣៨ ៩៧២​នាក់ និង​ខេត្តបន្ទាយមានជ័យ ចំនួន ៣៧ ៣១៦​នាក់​។​

​សម្រាប់​ចំនួន​ភ្ញៀវ​ដែល​ចេញ​ដើរ​កម្សាន្ត​ក្នុង​ថ្ងៃទី​១ នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណីជាតិ​ខ្មែរ​ឆ្នាំ​២០២២ នេះ​គឺមាន​ភាព​ផុសផុល​ខ្លាំង និង​មាន​ចំនួន​ច្រើនជាង​ពេល​មិនទាន់មាន​ការកើតឡើង​នូវ​ជំងឺ​កូ​វីដ ១៩ នៅ​ឆ្នាំ​២០១៩ ទៅទៀត​។ ជាក់ស្តែង តួលេខ​ខាងលើ គឺ​កើនឡើង​ប្រមាណ ៥,៦៨​ភាគរយ​បើ​ធៀប​នឹង​ថ្ងៃ​ចូលឆ្នាំ​ថ្ងៃទី​១ កាលពី​ឆ្នាំ​២០១៩ ដែលមាន​ចំនួន ៨១៦ ៤៦៩​នាក់​។​

​សម្ទុះ​នៃ​កំណើន​ភ្ញៀវ​ចេញ​ដើរ​កម្សាន្ត​ពេលនេះ គឺ​បន្ទាប់ពី​ការខកខាន​រយៈពេល ២​ឆ្នាំ​ដែល​បណ្តាលមកពី​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩​។ ម្យ៉ាងទៀត​នៅតាម​បណ្តា​ខេត្ត​នីមួយៗ​សុទ្ធ​តែមាន​រៀបចំ​ឱ្យមាន​កន្លែង​កម្សាន្ត​សម្រាប់​ទទួល​ស្វាគមន៍​ភ្ញៀវទេសចរ​ផងដែរ​។​

​រាជរដ្ឋាភិបាល​កម្ពុជា កាលពីពេល​ថ្មីៗ​នេះ​ក៏​ទើបបាន​ប្រកាស​ដកចេញ​កាតព្វកិច្ច​នៃ​ការពាក់​ម៉ាស់ សម្រាប់​ប្រជាពលរដ្ឋ ក្នុង​ខេត្ត​ចំនួន ៤ រួមមាន ខេត្តព្រះវិហារ ស្ទឹងត្រែង រតនគិរី និង​មណ្ឌលគិរី ផងដែរ​។ ទោះយ៉ាងណា​នៅតាម​កន្លែង​កម្សាន្ត​នីមួយៗ ក៏ត្រូវ​តែ​គោរព​នូវ​គោលការណ៍​សុវត្ថិភាព​អនាម័យ និង​ការអនុវត្ត SOP ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ផងដែរ​៕

វីដេអូ៖