ភ្នំពេញៈ ក្នុងថ្ងៃទី២ នៃ​ពិធី​បុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិ​ខ្មែរ មាន​ភ្ញៀវ​ទេសចរ​ប្រមាណ​ជាង ១,៥៧​លាន​នាក់​បាន​ចេញ​ដើរ​កម្សាន្ត​នៅ​តាម​បណ្តា​ខេត្ត និង​រមណីយដ្ឋាន​នានា​ក្នុង​ប្រទេស ដោយ​ចំនួន​នេះ​គឺ​កើនឡើង ៨៣​ភាគរយ​បើ​ធៀប​នឹង​ថ្ងៃទី​១ នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ឆ្នាំ​នេះ។ សរុប​រយៈពេល ២​ថ្ងៃ​ដំបូង​នៃ​ពិធី​បុណ្យ​ចូលឆ្នាំថ្មី​នេះ គឺ​មាន​ភ្ញៀវ​ដើរ​កម្សាន្ត​ប្រមាណ​ជាង ២,៤៥​លាន​នាក់។

ទិន្នន័យ​ក្រសួង​ទេសចរណ៍​បង្ហាញ​ថា ក្នុង​ថ្ងៃ​ទី​២ នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី ដែល​ត្រូវ​នឹង​ថ្ងៃទី​១៥ ខែ​មេសា ឆ្នាំ​២០២២ ភ្ញៀវ​ទេសចរ​ចេញ​ដើរកម្សាន្ត​មាន​ចំនួន​សរុប ១ ៥៧៩ ២៥១នាក់ ក្នុង​​នោះ​ភ្ញៀវ​ជាតិ​ចំនួន ១ ៥៦៩ ៤៨២នាក់ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង ៩ ៧៦៩នាក់។

បើ​តាម​ក្រសួង​ទេសចរណ៍ គោលដៅ​ទេសចរណ៍​សំខាន់ៗ រួមមាន ខេត្ត​បាត់ដំបង មាន​ភ្ញៀវ ២៤១ ៨១៧នាក់, ខេត្តព្រៃវែង ១៥៥ ៣០៤នាក់, ខេត្តបន្ទាយមានជ័យ ១៣៧ ១៨៣នាក់, ខេត្តកំពង់ចាម ១២៣ ៨៧០នាក់, ខេត្តពោធិ៍សាត់ ១២០ ៧១៤នាក់, ខេត្តកំពត ១០៨ ៤៤២នាក់, ខេត្តសៀមរាប ១០៧ ០១៤នាក់, ខេត្តកំពង់ស្ពឺ ១០១ ៧៥១នាក់ និងខេត្តកំពង់ឆ្នាំង ៩១ ០៧០នាក់។ ដោយឡែក​សម្រាប់​រាជធានី​ភ្នំពេញ មាន​ចំនួន​ប្រមាណ ៦៦ ៥៣៣នាក់។

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ថោង ខុន បាន​និយាយ​ថា ចំនួន​ភ្ញៀវ​ទេសចរ​ចេញ​ដើរ​កម្សាន្ត​ក្នុង​ថ្ងៃ​ទី២ នៃ​ឱកាស​ពិធី​បុណ្យ​ចូល​ឆ្នាំថ្មី ត្រូវ​នឹង​ថ្ងៃទី​១៥ ខែ​មេសា ឆ្នាំ​២០២២ បាន​ហក់ឡើង​យ៉ាង​ច្រើន​បើ​ធៀប​នឹង​ថ្ងៃទី១ នៃ​ពិធី​បុណ្យនេះ។ សរុប​រយៈពេល ២ថ្ងៃ មានភ្ញៀវ ២ ៤៤២ ១៤៨នាក់។ ចរន្ត​ភ្ញៀវទេសចរ​នឹង​បន្ត​មាន​ភាព​ផុសផល​នា​ថ្ងៃ​បញ្ចប់​ពិធី​បុណ្យ​ចូលឆ្នាំ ដែល​ត្រូវ​នឹង​ថ្ងៃសៅរ៍ និង​បន្ត​រហូត​ដល់​ថ្ងៃអាទិត្យ ចុង​សប្តាហ៍​នេះ។

លោកថ្លែងថា៖«ក្នុងថ្ងៃទី២ ចរន្ត​ភ្ញៀវ​ទេសចរ​មាន​ភាព​ផុសផុល និង​កុះករ​កាន់​តែ​ច្រើន បើ​ធៀប​នឹង​ថ្ងៃទី១ បើ​ទោះ​បី​តំបន់​ខ្លះ​មាន​ភ្លៀង​ធ្លាក់ក៏​ដោយ។ ជាក់ស្តែង តួលេខ​ថ្ងៃ​ទី២ បាន​កើន​ឡើង​រហូត​ដល់​ប្រមាណ ៨៣​ភាគរយ​បើ​ធៀប​នឹង​ថ្ងៃ​ចូល​ឆ្នាំទី១»។

ក្នុងថ្ងៃទី២ ភ្ញៀវ​ទេសចរ និង​ប្រជាពលរដ្ឋ​បាន​ដើរ​កម្សាន្ត​នៅ​តាម​គោលដៅ​ទេសចរណ៍​នានា​ទូទាំង​ប្រទេស រួម​ទាំង​ទី​កន្លែង​ប្រារព្ធ​កម្មវិធី​សង្រ្កាន្ត និង​កម្មវិធី​កម្សាន្ត​សប្បាយ​នានា។ ដោយ​ឡែក​បណ្តា​ខេត្ត​ដែល​ពុំ​មាន​ការ​រៀបចំ​សង្ក្រាន្ត​នៅ​ទីរួម​ខេត្ត ក៏​បាន​រៀបចំ​ឱ្យ​មាន​តំបន់​ត្រជាក់ចិត្ត​នៅ​ក្នុង​ប្រជុំជន​ក្នុង​ទីរួម​ខេត្ត ដោយ​មាន​ការ​ដាក់​ឡាន​ទឹក​ដើម្បី​បាញ់​កម្សាន្ត​ដាក់​ប្រជាពលរដ្ឋ ចាក់​ភ្លេង និង​រាំលេង​កម្សាន្ត រួម​ជាមួយ​ការលេង​ល្បែង​ប្រជាប្រិយ​ផងដែរ។

ក្រៅតែ​ពី​សកម្មភាព​ពេលថ្ងៃ គោលដៅ​មួយ​ចំនួន​នៅ​បន្ត​មាន​សកម្មភាព​ពេលរាត្រី​ដែល​ទាក់ទាញ​ភ្ញៀវទេសចរ​ជាច្រើន ដូចជា តំបន់​ផាប់ស្រ្ទីត (Pub Street) ក្នុង​ខេត្ត​សៀមរាប និង​តាម​បណ្តោយ​ឆ្នេរ​សមុទ្រ​ក្នុង​ខេត្ត​ព្រះសីហនុ​ជាដើម រួម​ជាមួយ​ទីតាំង​សង្ក្រាន្ត​ដែល​មាន​កម្មវិធីប្រគំ​តន្រ្តី និង​ការ​តាំង​ពិព័រណ៍។

យោង​តាម​ក្រសួង​ទេសចរណ៍ មិន​សូវ​ខុស​ពី​ថ្ងៃទី​១ ទេ ក្រៅ​ពី​ខេត្ត​ទាំង ៤ ដែល​បាន​ដក​ចេញ​កាតព្វកិច្ច​ពាក់ម៉ាស់ ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​ជាច្រើន​ដែល​ទៅ​លេង​កម្សាន្ត​កម្មវិធី​សង្រ្កាន្ត តំបន់​ត្រជាក់ចិត្ត ជះទឹក និង​ប៉ាតម្សៅ ឬ​កម្មវិធី​កម្សាន្ត​តាម​ភូមិស្រុក​នានា មាន​ចំនួនមិន​សូវ​ច្រើន​ទេ​ដែល​បាន​ពាក់​ម៉ាស់​បាន​ខ្ជាប់ខ្ជួន ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ ភ្ញៀវ​ដែល​ដើរ​កម្សាន្ត​នៅ​តាម​រមណីយដ្ឋាន និង​គោលដៅទេសចរណ៍​មាន​ការ​ពាក់​ម៉ាស់​បាន​ខ្ជាប់ខ្ជួន​ជាង រួម​ជាមួយ​ការ​ចូលរួម​អនុវត្ត SOP បាន​ល្អ​ប្រសើរ​ផងដែរ៕