ទីក្រុងកូឡុំបូៈ ក្រុមហ៊ុន​អាកាសចរណ៍ Sri Lankan Airlines ដែល​ខ្វះ​សាច់ប្រាក់​របស់​ប្រទេស​ស្រីលង្កា​បាន​បង្ហាញ​ផែនការ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដើម្បី​ជួល​យន្តហោះ​រហូតដល់ ២១ គ្រឿង​រយៈពេល​ត្រឹមតែ​ ២​ ថ្ងៃ បន្ទាប់ពី​រដ្ឋាភិបាល​បានប្រកាស​ពី​ការខកខាន​សងបំណុល​ដែល​ជំពាក់​បរទេស​ចំនួន​ ៥១​ ពាន់​លាន​ដុល្លារ​។

ប្រទេស​ដី​កោះ​មួយ​នេះ​កំពុងស្ថិត​ក្នុងការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​ដែល​រង​ផលប៉ះពាល់​ខ្លាំង​បំផុត​របស់ខ្លួន​ចាប់តាំងពី​ទទួលបាន​ឯករាជ្យ​កាលពី​ឆ្នាំ​ ១៩៤៨ ​ដោយសារតែ​ការខ្វះខាត​ធ្ងន់ធ្ងរ​នៃ​ទំនិញ​សំខាន់ៗ និង​ការដាច់​ភ្លើង​ជាប្រចាំ​ដែល​បណ្តាលឱ្យ​ភាព​រងទុក្ខវេទនា​រីករាលដាល​។

ការតវ៉ា​ដ៏ធំ​បាន​អំពាវនាវ​ឱ្យមាន​ការលាលែង​តំណែង​ពី​រដ្ឋាភិបាល​មួយ​នេះ ដែល​បាន​អង្វរ​ដល់​ប្រជាជន​ស្រីលង្កា​នៅក្រៅ​ប្រទេស​ឱ្យ​បញ្ជូន​សាច់ប្រាក់​ទៅផ្ទះ​ដើម្បី​ជួយ​លើ​ការចំណាយ​សម្រាប់​ការនាំចូល​សំខាន់​។

ទោះបី​ជាមាន​វិបត្តិ​នេះ​ក៏ដោយ ក៏​ក្រុមហ៊ុន​អាកាសចរណ៍ Sri Lankan Airlines ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​បានបង្ហាញ​ពី​ផែនការ​បង្កើន​យន្តហោះ​របស់ខ្លួន​ពី ២៤ ​ទៅ ៣៥ ​គ្រឿងក្នុង​រយៈពេល​ ៣ ​ឆ្នាំ​ខាងមុខ និង​ដាក់ជំនួស​យន្តហោះ​ចាស់ៗ​មួយចំនួន​របស់ខ្លួន​។

ក្រុមហ៊ុន​នេះ​បាន​ឱ្យដឹង​នៅក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​ខ្លី​មួយ​ថា​៖ «​ក្រុមហ៊ុន​អាកាសចរណ៍​ Sri Lankan Airlines បានដាក់​ចេញ​សំណើ​ចំនួន​ ៤ ​សម្រាប់​សំណើ​ជួល​យន្តហោះ​រហូតដល់ ២១​ គ្រឿង​ដើម្បី​គាំទ្រ​ដល់​យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម​រយៈពេល​វែង​របស់ខ្លួន​»​។

សេចក្តី​ប្រកាស​នេះ​បានធ្វើ​ឡើង​ បន្ទាប់ពី​រដ្ឋាភិបាល​បាន​ផ្អាក​ការសង​ប្រាក់កម្ចី​បរទេស​ទាំងអស់​របស់​ខ្លួន មុនពេល​ការចរចា​សម្រាប់​ការរៀបចំ​រចនាសម្ព័ន្ធ​បំណុល​ជាមួយ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​នៅ​សប្តាហ៍​ក្រោយ​។

ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​មួយ​នេះ​មិនបាន​ឱ្យដឹងថា ខ្លួន​គ្រោង​ផ្តល់​ហិរញ្ញប្បទាន​ដល់​ការជួល​នេះ​ដោយ​របៀប​ណា​នោះទេ ដោយ​តារាង​តុល្យការ​របស់ខ្លួន​បង្ហាញ​ពី​បំណុល​ចំនួន ១,៧ ​ពាន់​លាន​ដុល្លារ និង​ការខាតបង់​ជា​បន្តបន្ទាប់​ចំនួន ១,៥៦ ​ពាន់​លាន​ដុល្លារ កាលពី​ខែមីនា ឆ្នាំ​ ២០២០​។

នៅ​ថ្ងៃ​ដដែល​នេះ ទីភ្នាក់ងារ​វាយតម្លៃ​អន្តរជាតិ Fitch ក៏បាន​ទម្លាក់​ចំណាត់ថ្នាក់​មូលបត្រ​ដែលមាន​តម្លៃ ១៧៥ ​លាន​ដុល្លារ​ដែល​ចេញ​ដោយ​ក្រុមហ៊ុន​អាកាសចរណ៍​មួយ​នេះ​ពី​ចំណាត់ថ្នាក់ ​C មក​នៅត្រឹម​ CC ដោយ​បង្ហាញថា​ក្រុមហ៊ុន​អាកាសចរណ៍​មួយ​នេះ ​«​ជិត​ដល់ពេល​មិនអាច​សងបំណុល​ហើយ​»​។

ទីភ្នាក់ងារ Fitch បានឱ្យដឹងថា​ការវាយតម្លៃ​ថ្មី​របស់​ក្រុមហ៊ុន​អាកាសចរណ៍​នេះ លើ​បំណុល​ដែល​ត្រូវ​បង់​នៅ​ខែមិថុនា ឆ្នាំ ២០២៤ ស្របតាម​ការប្រកាស​ការខក​ខាន​សងបំណុល​របស់​ប្រទេស​ស្រីលង្កា​។

IMF បាន​ជំរុញ​ម្តង​ហើយ​ម្តងទៀត​ឱ្យ​ប្រទេស​ស្រីលង្កា​ធ្វើ​ឯកជន​ភាវូបនីយកម្ម​ក្រុមហ៊ុន​អាកាសចរណ៍​មួយ​នេះ ដោយ​លើកឡើងថា វា​មានតម្លៃ​ខ្ពស់​ខ្លាំងពេក ដែល​ប្រទេស​នេះ​មិនអាច​ធ្វើ​បានទេ​។

ក្រុមហ៊ុន​អាកាសចរណ៍​នេះ​ទទួល​បាន​ប្រាក់ចំណេញ​មុនពេល​រដ្ឋាភិបាល​លុបចោល​កិច្ចព្រមព្រៀង​គ្រប់គ្រង​ជាមួយ​ក្រុមហ៊ុន​អាកាសចរណ៍​ Emirates នៃ​ទីក្រុង​ឌូបៃ​កាលពី​ឆ្នាំ ២០០៨ បន្ទាប់ពី​មាន​ជម្លោះ​ផ្ទាល់ខ្លួន​ជាមួយ​លោក​ Mahinda Rajapaksa ជា​នាយករដ្ឋមន្ត្រី​បច្ចុប្បន្ន​។

ក្រុមហ៊ុន​អាកាសចរណ៍​មួយ​នេះ​បាន​បដិសេធ​ចំណាយ​លើ​ថ្លៃ​សំបុត្រ​យន្តហោះ​របស់​អ្នកដំណើរ​ និង​ផ្តល់​កន្លែង​កៅអី​របស់​ពួកគេ​ដល់​សមាជិកគ្រួសារ​របស់​លោក​ Rajapaksa ដែល​វិល​ពី​វិស្សមកាល​នៅ​ទីក្រុង​ឡុងដ៍​។

លោក Rajapaksa បាន​ដក​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អាកាសចរណ៍​ Sri Lankan Airlines ដែល​បានតែងតាំង​ដោយ​ក្រុមហ៊ុន​អាកាសចរណ៍ Emirates ហើយ​បានតែងតាំង​លោក​ Nishantha Wickremasinghe ជា​ប្អូនថ្លៃ​របស់ខ្លួន​ធ្វើជា​ប្រធាន​ក្រុមហ៊ុន​នេះ​។

ផែនការ​មុន​ក្នុង​ការជួល​យន្តហោះ Airbus A350 ចំនួន​ ៨ គ្រឿង ក្នុងពេល​កាន់កាប់​របស់​លោក Rajapaksa គឺ​ស្ថិតនៅក្រោម​ការស៊ើបអង្កេត​ឧក្រិដ្ឋកម្ម​ដែល​កំពុង​បន្ត​ដំណើរការ​។

លោក Kapila Chandrasena នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អាកាសចរណ៍​នៅពេល​នោះ និង​ភរិយា​របស់លោក​ត្រូវបាន​ចាប់ខ្លួន​កាលពី​ ២​ ឆ្នាំមុន​ បន្ទាប់ពី​ការស៊ើបអង្កេត​អន្តរជាតិ​មួយ​បាន​រកឃើញថា ពួកគេ​បានទទួល​ប្រាក់​សំណង​ខុសច្បាប់​យ៉ាងហោចណាស់​ ២ ​លាន​ដុល្លារ​លើ​ការតែងតាំង​នេះ​៕ LA