ភ្នំពេញៈ កម្ពុជា ទទួលបាន​ភ្ញៀវ​ជិត​ ៤,៦ ​លាន​នាក់ នៅក្នុង​រយៈពេល​ ៣​ ថ្ងៃ​នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ឆ្នាំ​ ២០២២ ក្នុងនោះ​ភ្ញៀវជាតិ​ជាង ​៤,៥ ​លាន​នាក់ និង​ភ្ញៀវបរទេស​ផ្ទៃក្នុង​ជិត ​៣ ​ម៉ឺន​នាក់​។

បើតាម​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​បានបញ្ជាក់​ឱ្យដឹងថា នាឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ នៅក្នុង​រយៈពេល ៣ ​ថ្ងៃ ចាប់ពី​ថ្ងៃទី​ ១៤-១៦ ខែមេសា ឆ្នាំ​ ២០២២ នៅ​ទូទាំងប្រទេស​ទទួល​បាន​ភ្ញៀវទេសចរ​សរុប​ចំនួន​ ៤ ៥៩០ ៣២៦​ នាក់ ក្នុងនោះ​ភ្ញៀវ​ជាតិ​ ៤ ៥៦១ ៤៧៧ ​នាក់ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង ​២៨ ៨៤៩ ​នាក់​។

លោក​ប្រាប់​ឱ្យដឹងទៀតថា តួលេខ ប្រចាំថ្ងៃ​រួមមាន ថ្ងៃទី​ ១ មាន ភ្ញៀវទេសចរ​ចេញ​ដើរ​កម្សាន្ត​ចំនួន ៨៦២ ៨៩៧ ​នាក់ ថ្ងៃទី​ ២ មាន​ចំនួន ១ ៥៧៩ ២៥១ នាក់ និង​ថ្ងៃទី​ ៣ មាន ចំនួន ២ ១៤៨ ១៧៨ នាក់​។ នៅក្នុង​នោះដែរ គោលដៅ​ទេសចរណ៍​សំខាន់ ៗ មានដូចជា ខេត្តបាត់ដំបង ចំនួន ៥៦៥ ៦១៨ នាក់ ខេត្ត​កំពង់ចាម ៥១៤ ៤៤៧ នាក់ ខេត្ត​សៀមរាប ៤០០ ៥៩១ នាក់ ខេត្ត​បន្ទាយមានជ័យ ៣៨៨ ២៧៣ នាក់ ខេត្តព្រៃវែង ៣៨២ ៨៦៧ នាក់ ខេត្ត​កំពង់ស្ពឺ ៣៣១ ៨០៩ នាក់ ខេត្ត​ពោធិ៍សាត់ ២៩៨ ០៣៧ នាក់ ខេត្តកំពង់ឆ្នាំង ២៧៥ ៤០០ នាក់ ខេត្តកំពត ២៥៤ ២៧០ នាក់ ខេត្ត​ព្រះសីហនុ ២៣២ ២៦៤ នាក់ និង​រាជធានី​ភ្នំពេញ ២២២ ២២០ នាក់​។

បើតាម​លោក​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​បណ្តា​ខេត្ត​នៅក្នុង​នោះដែរ គោលដៅ​ទេសចរណ៍​សំខាន់ៗ​មានដូចជា ខេត្តបាត់ដំបង ៥៦៥ ៦១៨ ​នាក់​,​កំពង់ចាម ៥១៤ ៤៤៧ ​នាក់​,​សៀមរាប ៤០០ ៥៩១ ​នាក់​,​បន្ទាយមានជ័យ ៣៨៨,២៧៣ ​នាក់​,​ខេត្ត​ព្រៃវែង ៣៨២ ៨៦៧ ​នាក់​,​កំពង់ស្ពឺ ៣៣១ ៨០៩​ នាក់​,​ពោធិ៍សាត់ ២៩៨ ០៣៧ ​នាក់​,​កំពង់ឆ្នាំង ២៧៥ ៤០០ ​នាក់​,​កំពត ២៥៤ ២៧០ ​នាក់​,​ព្រះសីហនុ ២៣២ ២៦៤ ​នាក់ និង​រាជធានី​ភ្នំពេញ​ ២២២ ២២០ ​នាក់​។

លោក​រដ្ឋមន្ត្រី​បាន​បន្តថា​៖ «​ចរន្ត​ភ្ញៀវ​នា​ថ្ងៃ​ចូលឆ្នាំ​ប្រពៃណីជាតិ​ថ្ងៃទី​ ៣ ​នេះ​នៅ​បន្ត​មាន​ភាពផុលផុស និង​កុះករ​កាន់តែច្រើន​ធៀប​នឹង​ថ្ងៃទី ​២ ​ម្សិលមិញ​។ ជាក់ស្តែង តួលេខ​ថ្ងៃទី​ ៣ ​នេះ​បន្ត​កើនឡើង​រហូតដល់​ប្រមាណ ៣៦,០២% ធៀប​នឹង​ថ្ងៃទី​ ២​។ សរុប​ថ្ងៃទី ​១ និង​ទី​ ២ ចរន្ត​ភ្ញៀវ​នាពេល​ចូលឆ្នាំ​នេះ​មាន​ចំនួន​ច្រើនជាង​ឆ្នាំ​ ២០១៩​ដែល​មិនទាន់មាន​ជំងឺ​កូវីដ ប៉ុន្តែ​សម្រាប់​ថ្ងៃទី​ ៣​ នេះ ដោយសារ​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​ច្រើន​នៅ​គ្រប់​ខេត្ត​ធ្វើឱ្យ​ភ្ញៀវ​មាន​ចំនួន​តិចជាង​ឆ្នាំ​ ២០១៩»​។ សរុប​រយៈពេល​ ៣ ​ថ្ងៃ​នៃ​ថ្ងៃ​ចូលឆ្នាំ​ប្រពៃណីជាតិ ឆ្នាំ​ ២០២២ ​នេះ​មាន​ភ្ញៀវ​ប្រហាក់ប្រហែល​នឹង​ ៣ ​ថ្ងៃ​នៃ​ថ្ងៃ​ចូលឆ្នាំ​ប្រពៃណីជាតិ​ខ្មែរ​កាលពី​ឆ្នាំ​ ២០១៩ (​ដែលមាន​ចំនួន​ប្រមាណ ៤ ៧២៦ ៦០២ ​នាក់​)​។

លោក ង៉ូវ សេងកាក់ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប​បាន​ឱ្យដឹងថា មន្ទីរ​បាន​សហការ​ជាមួយ​មន្ទីរជំនាញ​នៃ​រដ្ឋបាលខេត្ត​ដោយ​បាន​ចាត់​តាំង​ក្រុមការងារ​ចុះ​ប្រចាំការ​នៅតាម​គោលដៅ​ទេសចរណ៍​សំខាន់ៗ ដើម្បី​គ្រប់គ្រង​ចរន្ត​ភ្ញៀវ ការពង្រឹង​ការអនុវត្ត​វិធាន​សុវត្ថិភាព និង​ SOP ក្នុងការ​ទប់ស្កាត់​ការរាលដាល​ជំងឺ​កូវីដ​ ១៩ និង​បញ្ចៀស​ការលក់​ឡើងថ្លៃ​ហួសហេតុ និង​បញ្ហា​បរិស្ថាន​អនាម័យ​ជាដើម ដែល​ក្នុង​រយៈពេល​ ៣ ​ថ្ងៃនេះ​ហាក់​មិនមាន​បាតុភាព​ធំដុំ​ណាមួយ​កើតឡើង​ទេ​។

លោក​បាន​បញ្ជាក់ថា នៅក្នុង​រយៈពេល ៣ ថ្ងៃ​នៃ​ថ្ងៃ​បុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ នៅ​ខេត្តសៀមរាប ភ្ញៀវទេសចរ​មាន​ចំនួន​ប្រមាណ ៤០០ ៥៩១ នាក់ ដោយ​ក្នុងនោះ ទេសចរជាតិ និង​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​មាន​ចំនួន​ប្រមាណ ៣៩៧ ០០០ ​នាក់​។

លោក​បាន​បញ្ជាក់ថា​៖ «​ភ្ញៀវទេសចរ​មកពី​តាម​បណ្តា​ខេត្ត​មាន​ចំនួន​ប្រមាណ ៤៥-៥០ % ប្រមាណ​ជា ១៨០ ០០០-១៩០ ០០០​ នាក់​ដែល​ធ្វើដំណើរ​កម្សាន្ត​ជា​លក្ខណៈ​គ្រួសារ​ទៅកាន់​រមណីយដ្ឋាន​អង្គរ មាន​ចំនួន​ប្រមាណ ៣៤៨ ០០០​ នាក់​, រមណីយដ្ឋាន​ឧទ្យាន​ជាតិ​ភ្នំ​គូលែន​មាន​ចំនួន​ប្រមាណ ២៤ ៥០០ ​នាក់​,​តំបន់​ទន្លេសាប​មាន​ចំនួន​ប្រមាណ ២ ៥០០​ នាក់​,​សហគមន៍​ទេសចរណ៍​អេកូទេសចរណ៍ និង​តំបន់​ផ្សេងៗ​មាន​ចំនួន​ប្រមាណ ២២ ០០០ នាក់​។ ជាមួយគ្នា​នោះដែរ ភ្ញៀវទេសចរ​បរទេស​ផ្ទៃក្នុង​មាន​ចំនួន ៣ ៥៩១ ​នាក់​»​។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ លោក តាំង សុចិត្រ​គ្រឹះស្នា បាន​ថ្លែងថា ក្នុងឱកាស​ចូលឆ្នាំ​ប្រពៃណីជាតិ​ខ្មែរ រយៈពេល​ ៣ ​ថ្ងៃ ១៤-១៦ មេសា ឆ្នាំ​ ២០២២ នៅ​ខេត្ត​ព្រះសីហនុ ភ្ញៀវទេសចរ​សរុប​ប្រមាណ ២៣២ ២៦៤ ​នាក់ (​ភ្ញៀវទេសចរ​ផ្ទៃក្នុង​ប្រមាណ ៥០%) ភ្ញៀវ​ជាតិ ២១៨ ៨៥៣ ​នាក់ និង​ភ្ញៀវ​បរទេស ១៣ ៤១១ ​នាក់​។

លោក​បាន​បន្ថែមថា​៖ «​សម្រាប់ ឆ្នាំ​កន្លងទៅ ពុំមាន​ទិន្នន័យ​ទេ ដោយសារ​ខេត្ត​ស្ថិតនៅក្នុង​ដំណាក់កាល​បិទ​ខ្ទប់ ការពារ​ការរីករាលដាល​ជំងឺ​កូវីដ ​១៩​។ ភ្ញៀវ​ចូល​តាម​ព្រលាន​យន្តហោះ​អន្តរជាតិ​កងកេង​ចំនួន​ ៤​ ជើង​មាន​ភ្ញៀវ​សរុប​ ២០៥ ​នាក់​។ ខេត្ត​មាន​រៀបចំ​ព្រឹត្តិការណ៍​សង្ក្រាន្ត កម្មវិធី​កម្សាន្ត​សប្បាយ​ទាំង​ពេល​ថ្ងៃ និង​ពេលយប់ និង​តាម​គោលដៅ​ទេសចរណ៍​ទាំងអស់​»៕