ទីក្រុងតែលអាវីវៈ ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​អ៊ីស្រាអែល El-Al បានឱ្យដឹងថា ការហោះហើរ​ត្រង់​លើកដំបូង​រវាង​ទីក្រុង​ឆ្នេរសមុទ្រ​អ៊ីស្រាអែល Tel Aviv និង​ទីក្រុង​រមណីយដ្ឋាន​សមុទ្រ​ក្រហម​របស់​ប្រទេស​អេហ្ស៊ីប Sharm el-Sheikh ដ៏​ពេញនិយម​បំផុត​បានចាប់ផ្ដើម​កាលពី​ថ្ងៃ​អាទិត្យ​។

ជើងហោះហើរ​ត្រង់​បាន​ដំណើរការ​ជា​យូរ​មកហើយ​រវាង​ទីក្រុង​ Tel Aviv​ និង​គែរ​ចាប់​តាំងពី​ប្រទេស​អេហ្ស៊ីប​កាលពី​ឆ្នាំ​ ១៩៧៩ បាន​ក្លាយជា​ប្រទេស​អារ៉ាប់​ដំបូង​គេ​ដែល​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​អ៊ីស្រាអែល​។

ប្រទេស​ទាំង​ ២​ បាន​ពង្រឹង​ទំនាក់ទំនង​របស់​ពួកគេ​នៅពេល​ថ្មីៗ​នេះ​។

លោក Naftali Bennett នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​បាន​ទៅ​បំពេញ​ទស្សនកិច្ច​ ២ ​ដង​នៅ​អេហ្ស៊ីប បន្ទាប់ពី​ឡើងកាន់​អំណាច​កាលពី​ខែមិថុនា និង​បាន​ជួប​លោក​ប្រធានាធិបតី Abdel Fattah al-Sisi​ កាលពី​ខែកញ្ញា​។

កាលពីដើម​ខែតុលា យន្តហោះ​ ១​ គ្រឿង​ Egyptair ​ជា​ក្រុមហ៊ុន​អាកាសចរណ៍​ដែលមាន​ស្លាកសញ្ញា​ជាតិ​របស់​ប្រទេស​អេហ្ស៊ីប​បាន​ចុះចត​នៅ​អ៊ីស្រាអែល​ជា​លើកដំបូង​ជា​ជើងហោះហើរ​មួយ​ដែល​ត្រូវបាន​ពិពណ៌នា​ថា​ជា​ «​ប្រវត្តិសាស្ត្រ​» ដោយ​អាជ្ញាធរ​អាកាសយានដ្ឋាន​អ៊ីស្រាអែល​។

មុនពេល​នោះ ជើងហោះហើរ​អេហ្ស៊ីប​ទៅកាន់​ប្រទេស​អ៊ីស្រាអែល​ត្រូវបាន​ប្រតិបត្តិការ​ដោយ​ Air Sinai ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ Egyptair​ ដែល​បាន​បង្កើតឡើង​ផ្តាច់មុខ​សម្រាប់​ផ្លូវ​ហោះហើរ​របស់​អ៊ីស្រាអែល និង​មិនចាំបាច់​បង្ហាញ​ទង់ជាតិ​អេហ្ស៊ីប​នៅលើ​ផ្នែក​ខាងក្រៅ​នៃ​យន្តហោះ​របស់ខ្លួន​នោះទេ​៕ LA