ភ្នំពេញៈ ការធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​កម្ពុជា​ក្នុង​ត្រីមាស​ទី​ ១ ឆ្នាំ ២០២២ មាន​ទឹកប្រាក់​សរុប​ជាង ១៣ ​ពាន់​លាន​ដុល្លារ កើន​ជាង ៩ ភាគរយ​បើ​ធៀប​នឹង​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២១ ខណៈ​ការនាំចេញ​ទំនិញ​របស់​កម្ពុជា​ស្ទុះ​ហក់​ឡើង​ជាង ២៥ ភាគរយ​។

យោងតាម​ទិន្នន័យ​ដែល​កត់ត្រា​​ដោយ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​នៃ​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​​កម្ពុជា​ជាមួយ​នឹង​ទីផ្សារ​អន្តរជាតិ​ចាប់ពី​ខែមករា ដល់​ខែមីនា ឆ្នាំ ២០២២ មាន​ទឹកប្រាក់​សរុប ១៣ ១៦២,៧៤ ​លាន​ដុល្លារ កើនឡើង ៩,១ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​​ដូចគ្នា​ឆ្នាំ​ ២០២១ ដែលមាន​ទឹកប្រាក់ ១២ ០៦៣,៧៣​ លាន​ដុល្លារ​។

ទិន្នន័យ​ខាងលើ​ឱ្យដឹងទៀតថា សម្រាប់​ត្រីមាស​ទី ​១ ឆ្នាំ​ ២០២២ ​កម្ពុជា​បាន​នាំ​ទំនិញ​ទៅ​ទីផ្សារ​អន្តរជាតិ​ក្នុង​ចំនួន​ទឹកប្រាក់​សរុប ៥ ៧ ១៦,៨២ ​លាន​ដុល្លារ កើនឡើង ២៥,៧ ​ភាគរយ ពី​ចំនួន ៤ ៥៤៩,៥១ លាន​ដុល្លារ និង​ការ​នាំចូល​មាន​ទឹកប្រាក់ ៧ ៤៤៥,៩២ ​លាន​ដុល្លារ ធ្លាក់ចុះ -០,៩ ​ភាគរយ​ពី​ចំនួន ៧ ៥១៥,២១ ​លាន​ដុល្លារ​។

ទោះយ៉ាងណា បើ​យោងតាម​ទិន្នន័យ​ខាងលើ ពាណិជ្ជកម្ម​អន្តរជាតិ​របស់​កម្ពុជា​ក្នុង​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២២ គឺមាន​ឱនភាព​ប្រមាណ -១ ៧២៩,០៩​ លាន​ដុល្លារ​។

អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​លោក ហុង វណ្ណៈ បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​ថា ការគ្រប់គ្រង​ប្រកបដោយ​ប្រសិទ្ធភាព​នៃ​ជំងឺ​កូវីដ ១៩ អត្រា​ដ៏ខ្ពស់​នៃ​ការចាក់​វ៉ាក់សាំង​ប្រឆាំងនឹង​ជំងឺ​កូវីដ​ ១៩ ព្រមទាំង​លក្ខណៈ​អំណោយផល​នៃ​ស្ថានភាព​នយោបាយ​បាន​ធ្វើឱ្យ​វិស័យ​ផលិតកម្ម​កម្ពុជា​កើនឡើង​ជា​លំដាប់​។ ម្យ៉ាងទៀត ការចូល​ជាធរមាន​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ដែល​កម្ពុជា​បាន​ចុះហត្ថលេខា​ជាមួយ​ប្រទេស​ជាច្រើន​ក៏បាន​ចូល​ជាធរមាន​ជា​បន្តបន្ទាប់​ផងដែរ​។

លោក​បាន​ប្រាប់ទៀត​ថា​៖ «​កំណើន ទំហំ​ពាណិជ្ជកម្ម អន្តរជាតិ​នេះ គឺ​បញ្ជាក់ថា កម្ពុជា​បាននិង​កំពុង​ក្លាយជា​ប្រទេស​ដែល​ដើរតួនាទី​កាន់តែ​សំខាន់​នៅក្នុង​ចង្វាក់​ផ្គត់ផ្គង់ ពិភពលោក តាមរយៈ​កំណើន​នៃ​ការនាំចេញ​កាន់តែច្រើន​»​។

ទោះយ៉ាងណា លោក វណ្ណៈ បាន​លើកឡើងថា កម្ពុជា​ត្រូវតែ​ខិតខំ​ធ្វើ​ពិពិធកម្ម​ផលិតកម្ម​របស់ខ្លួន​ឱ្យ​កាន់តែ​ខ្លាំង​បន្ថែមទៀត ដើម្បី​បន្ត​លើកកម្ពស់​ទីផ្សារ​នាំចេញ និង​កាត់បន្ថយ ការនាំ​ចូល ព្រោះ​តាមរយៈ​ទិន្នន័យ​ខាងលើ គឺ​ជញ្ជីង​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​កម្ពុជា​នៅតែ​អវិជ្ជមាន​។ លោក​បាន​​បញ្ជាក់ថា​៖ «​ដើម្បី​កាត់បន្ថយ​ការនាំ​ចូល កម្ពុជា​ត្រូវខិតខំ​ទាញយក​សក្តានុពល​នៃ​វត្ថុធាតុដើម​ក្នុងស្រុក​ប្រើប្រាស់​ឱ្យបាន​​ច្រើនជាង​មុន​។ ការប្រើប្រាស់​​វត្ថុធាតុដើម​ក្នុងស្រុក​នឹង​ជួយ​​ឱ្យ​កម្ពុជា​ទទួល​បាន​តម្លៃបន្ថែម​ច្រើនជាង​មុន​ផងដែរ​»​។

អនុប្រធាន​សភាពាណិជ្ជកម្ម លោក លឹម ហេង បាន​និយាយ ថា ភាពល្អប្រសើរ​នៃ​ច្បាប់​វិនិយោគ​ថ្មី ការចូល​ជាធរមាន​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា ទាំង​លក្ខណៈ ទ្វេភាគី និង​ពហុភាគី ភាព​រឹងមាំ​នៃ​សកម្មភាព​ផលិតកម្ម និង​តម្លៃ​ពលកម្ម​មានតម្លៃ សមរម្យ ព្រមទាំង​ការទទួល​បាន​ឧត្តមភាព​ពី​វិបត្តិ​នៃ​ប្រទេស​មួយចំនួន ​(​មីយ៉ាន់ម៉ា​) បាន​ធ្វើឱ្យ​កម្ពុជា​ស្រូប​យក​បាន​នូវ​ការ​ចូលមក​បណ្តាក់ទុន និង​បញ្ជា​ទិញ​ពី​ទីផ្សារ​អន្តរជាតិ​កាន់តែច្រើន​។ លោក​បន្តថា កំណើន​ទំហំ​ពាណិជ្ជកម្ម ពិសេស​ការនាំចេញ​របស់​កម្ពុជា​នឹង​មាន​ទំហំ​កាន់តែ​ធំ​។

លោក​បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​​មាន​សុទិដ្ឋិនិយម​ថា ពាណិជ្ជកម្ម​កម្ពុជា​ជាមួយ​ប្រទេស​នានា​លើ​ពិភពលោក​នឹង​កាន់តែ​រីកម្រើន ដោយ​បច្ចុប្បន្ន​កម្ពុជា​មាន​មុខ​ទំនិញ​កាន់តែច្រើន​​សម្រាប់​នាំចេញ​»​។

ក្នុង​ឆ្នាំ​ ២០២១ ទំហំ​ពាណិជ្ជកម្ម​អន្តរជាតិ​កម្ពុជា​មាន​ទឹកប្រាក់​សរុប ៤៨,០១ ​ពាន់​លាន​ដុល្លារ​កើនឡើង ២៨,២ ​ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០២០ ក្នុងនោះ​ការនាំចេញ​មាន​ទឹកប្រាក់ ១៩,៣០​ ពាន់​លាន​ដុល្លារ​អាមេរិក កើនឡើង ៥,៣ ​ភាគរយ និង​ការ​នាំចូល​មាន​ទឹកប្រាក់ ២៨,៧០ ​ពាន់​លាន​ដុល្លារ​អាមេរិក កើនឡើង ៥០,៣ ​ភាគរយ​។ នេះ​បើ​យោងតាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​៕