
ភ្ញៀវទេសចរកំពុងលេងកម្សាន្តក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ។ សហការី
ភ្នំពេញៈ ភ្ញៀវទេសចរចេញដើរកម្សាន្តក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែររយៈពេល ៣ ថ្ងៃមានចំនួនជាង ៤,៦ លាននាក់ដោយចំណាយប្រាក់ជាង ៤៦០ លានដុល្លារដែលនេះជាការចូលរួមចំណែកនៃការងើបឡើងវិញនៃវិស័យទេសចរណ៍ដែលកំពុងញាំញីពីការអូសបន្លាយនៃការរីករាលដាលជំងឺកូវីដ ១៩។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បាននិយាយថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែររយៈពេល ៣ ថ្ងៃ មានប្រជាជនចេញដើរកម្សាន្តសរុបចំនួន ៤ ៥៩០ ៣២៦ នាក់ ប៉ុន្តែបើបូកថ្ងៃអាទិត្យ ១ ថ្ងៃទៀត នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរសរុប ៥ ១៧៥ ៧៥៤ នាក់ ក្នុងនោះភ្ញៀវជាតិចំនួន ៥ ១៤០ ៤៩៥ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៣៥ ២៥៩ នាក់។
សម្រាប់ការចំណាយរបស់ប្រជាជនម្នាក់ៗក្នុងពេលចូលឆ្នាំរយៈពេល ៣ ថ្ងៃ លោកនឹងឱ្យផ្នែកជំនាញសេដ្ឋកិច្ចទេសចរណ៍បូកសរុប ហើយនឹងបញ្ជាក់តាមក្រោយ។ ប៉ុន្តែលោកលើកឡើងថា តាមការសាកសួរ និងការស្ទង់មតិបឋមចំពោះគ្រួសារមួយដែលមានគ្នា ៥ នាក់ ដែលធ្វើដំណើរកម្សាន្តឆ្ងាយពីផ្ទះក្នុងពេល ៣ ថ្ងៃនេះ អាចចំណាយយ៉ាងហោចជាង ៥០០ ដុល្លារ (គិតការចំណាយ ការស្នាក់នៅ ហូបចុក ធ្វើដំណើរ ចាក់សាំង រួមទាំងការទិញទំនិញផ្សេងៗ និងរៀបចំ រណ្តាប់ បង្សុកូល និងចង្ហាន់ទៅវត្ត ជាដើម)។
លោកបញ្ជាក់ថា៖ «ចំនួនភ្ញៀវទេសចរប្រមាណជាង ៥,១៧ លាននាក់ក្នុងរយៈពេល ៤ ថ្ងៃ គឺជាចំនួនមួយដ៏ច្រើនលើសពីការរំពឹងទុក និងជាចំនួនខ្ពស់មែនទែនចាប់តាំងពីរាជរដ្ឋាភិបាលប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍នាអំឡុងខែធ្នូ ឆ្នាំ ២០២១ ខណៈដែលពិធីបុណ្យឆ្លងឆ្នាំសកលកន្លងមក ភ្ញៀវសរុបមានប្រមាណ ២ លាននាក់ ហើយពិធីបុណ្យចូលឆ្នាំចិន ភ្ញៀវសរុបមានប្រមាណ ៩៤ ម៉ឺននាក់»។
លោកបានបន្តថា ចរន្តភ្ញៀវទេសចរដ៏ច្រើននេះបានបង្កើតជាផលប្រយោជន៍សេដ្ឋកិច្ចដ៏ច្រើនទាំងនៅថ្នាក់ជាតិ និងនៅតាមមូលដ្ឋាន។ បណ្តាសណ្ឋាគារ ប៊ូទិក ផ្ទះសំណាក់ និងសេវាស្នាក់នៅផ្សេងៗនៅស្ទើរគ្រប់ខេត្តដែលមានលទ្ធភាពបើកអាជីវកម្មឡើងវិញបានទទួលការកក់ពេញស្ទើរ ១០០ ភាគរយ។ ទន្ទឹមនឹងនេះ បណ្តាភោជនីយដ្ឋាន និងអាហារដ្ឋានក៏មានភ្ញៀវចូលស្ទើរពេញៗក្នុងរយៈពេល ៣ ថ្ងៃនេះ ដោយខុសគ្នាធៀបនឹងពេលមានវិបត្តិកូវីដ ១៩ ខ្លាំងដែលពួកគេភាគច្រើនរៀបចំម្ហូបអាហារដោយខ្លួនឯងសម្រាប់បរិភោគតាមផ្លូវ។
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជាបានប្រាប់ថា ក្នុងកាលៈទេសៈដ៏លំបាកនេះ ប្រជាពលរដ្ឋខ្មែរនៅតែមានលទ្ធភាពក្នុងការចំណាយសម្រាប់ដំណើរកម្សាន្តនៅអំឡុងពេលបុណ្យជាតិបែបនេះបង្ហាញថាសេដ្ឋកិច្ចពលរដ្ឋនៅមានស្ថានភាពល្អប្រសើរ។
លោកបានបន្តថា ជាមធ្យមពលរដ្ឋ ១ គ្រួសារមានគ្នា ៥ នាក់ អាចចំណាយចន្លោះពី ៣៥០ ទៅ ៥០០ ដុល្លារ នៅរៀងរាល់ដំណើរកម្សាន្តម្តងៗ។ ការចំណាយក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះ ពិតជាជួយច្រើនដល់វិស័យឯកជននៅតាមរមណីយដ្ឋាន និងតំបន់ទេសចរណ៍នានា ពិសេសនៅខេត្តសៀមរាប ថ្វីដ្បិតតែនៅក្នុងរយៈពេលខ្លី ប៉ុន្តែយ៉ាងហោចណាស់ក៏ជួយបានមួយគ្រានៅកាលៈទេសៈដ៏លំបាកនេះ។
លោក ស៊ីណាន បញ្ជាក់ថា៖ «យើងឃើញថាមានមនុស្ស ៣ ក្រុមដែលទទួលបានផលច្រើនជាងគេក្នុងអំឡុងដំណើរកម្សាន្តនាឱកាសបុណ្យចូលឆ្នាំនេះ រួមមានសេវាសណ្ឋាគារ និងផ្ទះសំណាក់ ភោជនីយដ្ឋាន និងសេវាសាធារណៈដែលសំដៅដល់សេវាកម្មបន្ទាប់បន្សំដូចជា អាហារដ្ឋានតូចៗ និងការលក់តូចតាចតាមផ្លូវ ជាដើម»។
អ្នកស្រី សេង ស្រីរិទ្ធ ប្រធានផ្នែកលក់ និងទីផ្សារសណ្ឋាគារ ស្តារីអង្គរ នៅក្នុងខេត្តសៀមរាបបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ក្រោយខកខានរៀបចំពិធីបុណ្យចូលឆ្នាំខ្មែររយៈពេល ២ ឆ្នាំ ក្នុងឆ្នាំនេះ វិស័យឯកជនពិតជារីករាយជាពន់ពេកចំពោះចរន្តភ្ញៀវដ៏ច្រើនលើសការរំពឹងទុក ដោយមានភ្ញៀវចូលស្នាក់នៅពេញទាំងអស់ ហើយភាគច្រើនជាភ្ញៀវជាតិ និងមានភ្ញៀវបរទេសតិចតួចប៉ុណ្ណោះ។
អ្នកស្រីបន្ថែមថា៖ «ភ្ញៀវបានចូលស្នាក់នៅច្រើនលើសលប់ ជាពិសេសនៅអំឡុងពេលថ្ងៃទី ២ និងទី ៣ ពិធីបុណ្យចូលឆ្នាំ។ ទោះបីមានភ្ញៀវច្រើនមែន ប៉ុន្តែសម្រាប់សណ្ឋាគាររបស់យើងមិនបានដំឡើងថ្លៃទេ ដោយតម្លៃចន្លោះពី ៣០-៣៦ ដុល្លារ ក្នុង ១ បន្ទប់ ដែលយើងគិតថាជាតម្លៃសមរម្យ ព្រោះយើងចង់ឱ្យភ្ញៀវដែលមកស្នាក់នៅហើយចង់មកម្តងទៀត»។
ទោះយ៉ាងណាក្រោយបញ្ចប់ពិធីបុណ្យចូលឆ្នាំភ្ញៀវចាប់ផ្តើមថមថយមកវិញ តែអ្នកស្រីមានសុទិដ្ឋិនិយមខ្ពស់ចំពោះការងើបឡើងវិញនៃវិស័យទេសចរណ៍ ដោយរំពឹងថាភ្ញៀវទេសចរអន្តរជាតិចាក់វ៉ាក់សាំងរួច ពិសេសមកពីតំបន់អាស៊ីនឹងវិលមកវិញឆាប់ៗនេះ។
បើតាមក្រសួងទេសចរណ៍គោលដៅទេសចរណ៍សំខាន់ៗរយៈពេល ៤ ថ្ងៃកន្លងមករួមមាន ខេត្តបាត់ដំបង ៦៥៣ ៨៩៦ នាក់, កំពង់ចាម ៥៤១ ៩០០ នាក់, បន្ទាយមានជ័យ ៤៧១ ១១៩នាក់, សៀមរាប ៤៥៥ ៩៨៤នាក់,ព្រៃវែង ៣៩៦ ៣២៨នាក់, កំពង់ស្ពឺ ៣៤៥ ០១៨ នាក់, ពោធិ៍សាត់ ៣៣៨ ៩១៦ នាក់, កំពង់ឆ្នាំង ៣០០ ៥៦១ នាក់, កំពត ២៨៤ ៨៩៣ នាក់, ព្រះសីហនុ ២៦៤ ៣០៨ នាក់ និងរាជធានីភ្នំពេញមានចំនួន ២៤០ ៤៦០ នាក់៕ LA