ភ្នំពេញៈ កម្ពុជា​បាន​នាំចេញ​ផលិតផល​កាត់ដេរ​សម្លៀកបំពាក់ ស្បែកជើង ផលិតផល​ធ្វើ​ដំណើរ និង​ផលិតផល​វាយនភណ្ឌ​ទៅ​ទីផ្សារ​អន្តរជាតិ​ក្នុងតម្លៃ​ជាង​ ៣,១ ​ពាន់​លាន​ដុល្លារ កាលពី​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២២ កើន​ជិត​ ២៥​ ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ ​២០២១​។

យោងតាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ក្នុង​រយៈពេល ៣ ​ខែ​ដំបូង​នៃ​ឆ្នាំ​ ២០២២ ការនាំចេញ​ផលិតផល​កាត់ដេរ សម្លៀកបំពាក់ ផលិតផល​ធ្វើ​ដំណើរ ស្បែកជើង និង​ផលិតផល​វាយនភណ្ឌ​មាន​ចំនួន ៣ ១៥៥ ​លាន​ដុល្លារ​កើន ៦២៧,៨​ លាន​ដុល្លារ ស្មើ ២៤,៨ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២​។

អគ្គលេខាធិការរង​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា GMAC លោក កាំង ម៉ូនីកា បាន​ប្រាប់ថា កំណើន​នៃ​ការនាំចេញ​សម្រាប់​វិស័យ​កាត់ដេរ​នៅក្នុង​ត្រីមាស​ទី​ ១​ នេះ គឺ​មកពី​កត្តា​ស្ថិរភាព​ផលិតកម្ម និង​កត្តា​អំណោយផល​ពី​ខាងក្រៅ ដូចជា ទី​ ១ ការ​បង្វែរ​ការបញ្ជាទិញ​ជា​យុទ្ធសាស្ត្រ​ពី​ប្រទេស​ចិន​មកកាន់​ប្រទេស​ផ្សេងៗ ដោយ​កម្ពុជា គឺជា​ប្រទេសមួយ​ក្នុងចំណោម​នេះដែរ និង​ទី​ ២ បញ្ហា​នៅ​មីយ៉ាន់ម៉ា​បានធ្វើឱ្យ​ការបញ្ជាទិញ​មួយចំនួន​ត្រូវ​បង្វែរ​មក​កម្ពុជា​ជំនួស​វិញ​។

លោក​បន្ថែមថា នេះ​ជា​សញ្ញា​វិជ្ជមាន​ដែល​កំណើន​នេះ​អាច​នឹង​បន្ត​ដល់​ចុងឆ្នាំ​ ២០២២​។ ទោះជា​យ៉ាងណា​លោក​បញ្ជាក់ថា កំណើន​ការលក់​មិន​ប្រាកដថា​ប្រាក់ចំណេញ​ច្រើន​ដូច​មុន​ទេ​។

លោក​បាន​និយាយថា​៖ «​ដូច​យើង​ដឹង​ហើយ​ថា ក្នុងអំឡុង​វិបត្តិ​កូវីដ​ ១៩​ នេះ ការចំណាយ​ច្រើនជាង​ធម្មតា ដូចនេះ​ទោះបីជា​ការលក់​កើនឡើង​ក៏​ពិតមែន តែ​ប្រាក់ចំណេញ​មាន​កម្រិត​តិចតួច​។ នៅ​ចុង​ក្រោយនេះ យើង​មាន​បញ្ហា​ច្រើន ទាំង​បញ្ហា​ប្រាក់បៀវត្សរ៍​ផង ការចំណាយ​ទៅលើ​កូវីដ​ ១៩​ ផង ការព្យួរ​ផលិតកម្ម​នៅពេល​កម្មករ​អវត្តមាន​ដោយសារ​កូវីដ​។ ដូចនេះ​ការនាំចេញ​មិនមែន​មានន័យថា ប្រាក់​ចំណេញ​មាន​កំណើន​ដែរ​នោះទេ​»​។

ប្រធាន​សមាគម​ស្បែកជើង​កម្ពុជា លោក លី ឃុនថៃ បាន​លើកឡើងថា សមាគម​មិនទាន់​មាន​តួលេខ​ច្បាស់លាស់​ពី​ការនាំចេញ​ផលិត​ស្បែក​ជើងទេ​។ លោក​បាន​ថ្លែងថា​៖ «​សមាជិក​របស់​សមាគម​ស្បែកជើង​កម្ពុជា​ទទួល​បាន​ការបញ្ជាទិញ​ច្រើន ដោយសារ​បណ្តា​ប្រទេសមួយ​ចំនួន​នៅលើ​ពិភពលោក បានចាប់ផ្តើម​បើក​ទីផ្សារ​ឡើងវិញ និង​មាន​ប្រទេស​ខ្លះ​បាន​បន្ធូរបន្ថយ​លើ​ការចេញចូល​ក្នុងប្រទេស​របស់ខ្លួន ដែល​ជំរុញ​ឱ្យ​ចរាចរណ៍​ទំនិញ​ចាប់ផ្តើម​មាន​ឡើងវិញ​ជា​បណ្តើរៗ ទោះបី​មិន​ប្រសើរ​ដូច​កាលពី​មិនទាន់មាន​វិបត្តិ​កូវីដ​ ១៩ តែ​យើង​យល់​ស្ថានភាព​នៃ​ការធ្វើ​ពាណិជ្ជកម្ម​ឱ្យបាន​ល្អប្រសើរ​ជាង ២ ​ឆ្នាំមុន​»​។

ទិន្នន័យ GMAC បង្ហាញថា ក្នុង​ឆ្នាំ ២០២១ ការនាំចេញ​ផលិតផល​កាត់ដេរ​មានតម្លៃ ១១ ៣៨៩ ​លាន​ដុល្លារ​កើនឡើង ១៥,២ ​ភាគរយ ក្នុងនោះ​សម្លៀកបំពាក់ ៨ ០១៧​ លាន​ដុល្លារ ស្បែកជើង ១ ៣៩០​ លាន​ដុល្លារ និង​ផលិតផល​ធ្វើដំណើរ ១ ៤៩០ ​លាន​ដុល្លារ ក្រៅពីនេះ​គឺ​ផលិតផល​វាយនភណ្ឌ​ផ្សេងៗ​ទៀត​៕ LA