ភ្នំពេញៈ ទឹកប្រាក់​នៃ​ការធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា និង​ចិន​នៅក្នុង​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២២ មាន​ប្រមាណ​ជាង ២,៨ ​ពាន់​លាន​ដុល្លារ កើន​ជាង ៣៦ ​ភាគរយ​បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១ ដោយ​ក្នុងនោះ​ការនាំ​ទំនិញ​ពី​ចិន មាន​ទឹកប្រាក់​រហូតដល់​ជាង ២,៥ ​ពាន់​លាន​ដុល្លារ​។ នេះ​បើ​យោងតាម​ទិន្នន័យ​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ (​អគរ​)​។

ទិន្នន័យ​ប្រចាំត្រីមាស​ទី​ ១ របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ឱ្យដឹងថា ចាប់ពី​ខែមករា​ដល់​ខែមីនា ឆ្នាំ​ ២០២២ ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​ចិន មាន​ទឹកប្រាក់​សរុប ២ ៨៧៣,៤៣ ​លាន​ដុល្លារ​កើនឡើង ៣០,១៤ ​ភាគរយ​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១ ដែលមាន​ទឹកប្រាក់ ២ ២០៧,៨៨​ លាន​ដុល្លារ​។

ក្នុងនោះ​ការនាំ​ទំនិញ​ពី​ប្រទេស​ចិន​មក​ប្រទេស​កម្ពុជា​មាន​ទឹកប្រាក់ ២ ៥៥១,៦៤ ​លាន​ដុល្លារ កើនឡើង ៣៦,១​ ភាគរយ​ពី​ចំនួន ១ ៨៧៤,៣៥​ លាន​ដុល្លារ និង​ការនាំចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​ប្រទេស​ចិន មាន​ទឹកប្រាក់ ៣២១,៧៨ ​លាន​ដុល្លារ ធ្លាក់ -៣,៥ ​ភាគរយ​ពី ៣៣៣,៥៣ ​លាន​ដុល្លារ​។

បច្ចុប្បន្ន​ប្រទេស​កម្ពុជា​-​ចិន មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សំខាន់ៗ​ជាមួយគ្នា​ចំនួន ២ ដែល​បាន​ចូល​ជា​ធរមាន​កាលពី​ថ្ងៃទី​ ០១ ខែមករា ឆ្នាំ​ ២០២២ គឺ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​កម្ពុជា​-​ចិន និង​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់​ (RCEP)​។

សម្រាប់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា និង​ចិន គឺ​កម្ពុជា​នឹង​អាច​នាំ​ផលិតផល​ជាង ៣៤០ ​មុខ​ទៅ​ប្រទេស​ចិន​។ ៩៥ ​ភាគរយ​នៃ​ផលិតផល​នេះ​នឹង​ចុះ​ពន្ធ​ដល់ ០​ ភាគរយ ហើយ​នៅសល់​ ៥​ ភាគរយ គឺ​ចុះ​ក្នុង​រយៈពេល​ ១០​ ឆ្នាំ ឬ​អាច​ឆ្នាំ​បន្ទាប់​ចុះទៅ ០ ​ភាគរយ​។

ដោយឡែក RCEP គឺជា​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ដែលមាន​ប្រទេស​អាស៊ាន​ទាំង​ ១០ ជា​សមាជិក ព្រម​ជាមួយ​ប្រទេស​ចំនួន ៥​ ផ្សេងទៀត រួមមាន អូស្ត្រាលី ចិន ជប៉ុន កូរ៉េខាងត្បូង និង​នូវែលសេឡង់​។

អនុប្រធាន​សភាពាណិជ្ជកម្ម លោក លឹម ហេង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ក្នុង​ថ្ងៃទី​ ១៨ ខែមេសា​ថា ភាពល្អប្រសើរ​នៃ​ទំនាក់ទំនង​ការទូត​រវាង​ថ្នាក់ដឹកនាំ​កម្ពុជា​-​ចិន និង​ការចូល​ជាធរមាន​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​កម្ពុជា​-​ចិន ធ្វើឱ្យ​សកម្មភាព​ដោះដូរ​ទំនិញ​រវាង​ប្រទេស​ទាំង ២ កើនឡើង​ជា​បន្តបន្ទាប់ ពិសេស​ប្រទេស​ចិន​គឺជា​អ្នកផ្គត់ផ្គង់​វត្ថុធាតុដើម​/​ផលិតផល​ពាក់កណ្តាល​សម្រេច​ច្រើនជាងគេ​ឱ្យ​កម្ពុជា​សម្រាប់​យកមក​កែច្នៃ​/​ផលិត ដើម្បី​នាំចេញ​ទៅ​លក់​នៅ​ទីផ្សារ​អន្តរជាតិ​។ ក្រៅពី​ជា​ប្រភព​ផ្គត់ផ្គង់​វត្ថុ​ធាតុដើម ប្រទេស​ចិន​ក៏មាន​វិនិយោគិន​របស់ខ្លួន​កំពុង​បណ្តាក់ទុន​លើ​វិស័យ​ជាច្រើន​នៅ​កម្ពុជា​ផងដែរ​។

លោក​លើកឡើងថា ភាគច្រើន​នៃ​​វត្ថុធាតុដើម​បាន​ពី​ទីផ្សារ​ប្រទេស​ចិន គឺ​សម្រាប់​យកមក​កែច្នៃ​ជា​ផលិតផល​សម្រេច​សម្រាប់​នាំទៅ​ទីផ្សារ អាមេរិក អឺរ៉ុប និង​ប្រទេស​មួយចំនួនទៀត​។

លោក​បញ្ជាក់ថា​៖ «​ប្រទេស​ចិន គឺជា​ទីផ្សារ​យុទ្ធសាស្ត្រ​ដ៏សំខាន់​របស់​កម្ពុជា​ដែល​តែង​ផ្តល់​វត្ថុធាតុដើម​ឱ្យ​កម្ពុជា​ដើម្បី​គាំទ្រ​ដល់​ដំណើរការ​ចង្វាក់​ផលិតកម្ម​ស្ទើរ​គ្រប់​វិស័យ ដែល​រួមមាន​ដូចជា វិស័យ​វាយនភណ្ឌ សំណង់ និង​ថាមពល​ជាដើម​»​។

ទាក់ទង​នឹង​អតុល្យភាព​ជញ្ជីង​ពាណិជ្ជកម្ម លោក​អះអាងថា វា​មិនមែនជា​សូចនាករ​ដែល​បញ្ជាក់​ពី​ក្តី​ព្រួយបារម្ភ​នោះទេ ព្រោះ​ផលិតផល​នាំចូល​ទាំងអស់នោះ ភាគច្រើន​លើសលប់ គឺជា​ផលិតផល​សម្រាប់​ឱ្យមក​កែច្នៃ​/​ផលិត​ដើម្បី​បម្រើ​ដល់​ការនាំ​ចេញទៅ​លក់​នៅ​ទីផ្សារ​អន្តរជាតិ​។

ដោយឡែក​សម្រាប់​ទំនិញ​ដែល​កម្ពុជា​នាំទៅ​កាន់​ប្រទេស​ចិន គឺមាន​ភាគច្រើន​ជា​ផលិតផល​កសិកម្ម​។

អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក ហុង វណ្ណៈ បាន​និយាយថា ការចូល​ជាធរមាន​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​ចិន​បាននិងកំពុង​ជួយ​ជំរុញ​ឱ្យ​ការធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង ២ កាន់តែ​មាន​ភាព​មមាញឹក ខណៈ​ការ​ចូលមក​បណ្តាក់ទុន​របស់​ចិន​នៅ​កម្ពុជា​ក៏​នឹង​កើនឡើង​ដែរ​។ លោក​បន្តថា ទោះយ៉ាងណា ដោយសារតែ​អតុល្យភាព​ជញ្ជីង​ពាណិជ្ជកម្ម ដូច្នេះ​កម្ពុជា​ត្រូវតែ​ពង្រឹក​សមត្ថភាព​ផលិត និង​គុណភាព​ផលិតផល​របស់ខ្លួន​ឱ្យបាន​កាន់តែ​ល្អ​បន្ថែមទៀត​។

លោក​បញ្ជាក់ថា​៖ «​ទោះបី​អតុល្យភាព​ដ៏ធំ​នៃ​ជញ្ជីងពាណិជ្ជកម្ម​កម្ពុជា​ និង​ចិន កើតឡើង​ដោយសារ​ការនាំចូល​វត្ថុធាតុដើម​សម្រាប់​បម្រើ​ដល់​ខ្សែចង្វាក់​ផលិតកម្ម​នាំ​ចេញទៅ​លក់​នៅ​ទីផ្សារ​អន្តរជាតិ​ (​ពិសេស​ប្រទេស​អាមេរិក និង​សហគមន៍​អឺរ៉ុប​) ប៉ុន្តែ​ចំណុច​មួយ​ដែល​កម្ពុជា​ត្រូវតែ​ចាប់​អារម្មណ៍ និង​ខិតខំ​បន្ថែម​នោះ គឺ​ការផលិត​ផលិតផល​ដែល​អាចឆ្លើយតប​នឹង​ស្តង់ដា​ទីផ្សារ​ប្រទេស​ចិន​»​។

ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​កម្ពុជា​ជាមួយ​នឹង​ទីផ្សារ​អន្តរជាតិ ក្នុង​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២២ មាន​ទឹកប្រាក់​សរុប ១៣ ១៦២,៧៤ ​លាន​ដុល្លារ កើនឡើង ៩,១ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ ​២០២១​។ ក្នុងនោះ​កម្ពុជា​នាំ​ទំនិញ​ទៅ​ទីផ្សារ​អន្តរជាតិ ក្នុង​ចំនួន​ទឹកប្រាក់ ៥ ៧១៦,៨២ ​លាន​ដុល្លារ កើនឡើង ២៥,៧ ​ភាគរយ និង​ការ​នាំចូល​មាន​ទឹកប្រាក់ ៧ ៤៤៥,៩២ ​លាន​ដុល្លារ ធ្លាក់ចុះ -០,៩ ​ភាគរយ​។ នេះ​បើតាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​៕ LA