ទីក្រុងទ្រីប៉ូលី ប្រទេស​លីប៊ីៈ សាជីវកម្ម​ប្រេង​ជាតិ​របស់​ប្រទេស​លីប៊ី​បានប្រកាស​កាលពី​ថ្ងៃអាទិត្យ​ពី​ការបិទ​ផលិតកម្ម​នៅឯ​កន្លែង​អាជីវកម្ម​ប្រេង​ដ៏សំខាន់​មួយ​នៅ​ភាគខាងត្បូង​របស់​ប្រទេស​ដោយ​ប្រកាសថា​វា​ជា​ «​អំណាច​ប្រធាន​ស័ក្តិ (Force Majeure)»​។

NOC បានបង្ហាញ​នៅលើ Facebook ថា​៖ «​កាលពី​ថ្ងៃ​សៅរ៍​... ទីតាំង​បូម​ប្រេង Al-Fil ត្រូវបាន​ទទួលរង​នូវ​ការប៉ុនប៉ង​បិទ​ដោយ​បំពាន​ដោយសារតែ​ការចូល​របស់​បុគ្គល​ ១ ​ក្រុម និង​ការរារាំង​កម្មករ​នៅ​ទីតាំង​នោះ​ពី​ការបន្ត​ផលិតកម្ម​»​។

សាជីវកម្ម​ប្រេង​ជាតិ បាន​បន្ថែមថា អណ្តូងប្រេង​នេះ​ត្រូវបាន​បិទ​កាលពី​ថ្ងៃអាទិត្យ ដែល​បង្ហាញពី​ការបិទជា​លើក​ទី ​២ ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍ «​ធ្វើឱ្យ​វា​មិនអាច​ទៅរួច​ទេ​សម្រាប់ NOC ដើម្បី​អនុវត្ត​កាតព្វកិច្ច​កិច្ចសន្យា​របស់ខ្លួន​»​។

ក្រុមហ៊ុន​បាន​និយាយថា ខ្លួន​ «​មាន​កាតព្វកិច្ច​ប្រកាស​ពី​ស្ថានភាព​នៃ​អំណាច​ប្រធាន​ស័ក្តិ​» ហើយនឹង​មិនអាច​ផ្តល់​ប្រេង​ឆៅ​ដល់​បរិវេណ Mellitah នៅលើ​ឆ្នេរសមុទ្រ​ភាគ​ពាយព្យ​របស់​ប្រទេស​នេះ​ទៀត​ទេ​។

ការប្រកាស​អំពី​ប្រធាន​ស័ក្តិ គឺជា​ចំណាត់ការ​ផ្លូវច្បាប់​ដែល​អនុញ្ញាត​ឱ្យ​ភាគី​នានា​រួច​ផុតពី​កាតព្វកិច្ច​តាម​កិច្ចសន្យា នៅពេលដែល​កត្តា​ជាច្រើន​ដូចជា​ការ​ប្រយុទ្ធ​គ្នា ឬ​គ្រោះមហន្តរាយ​ធម្មជាតិ​ធ្វើឱ្យ​ពួកគេ​មិនអាច​បំពេញ​កាតព្វកិច្ច​បាន​។

យោងតាម​ទីភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ​របស់​ប្រទេស​លីប៊ី ការបិទ​នេះ​កើតឡើង បន្ទាប់ពី​បុគ្គល​ ១​ ក្រុម​បានប្រកាសថា​ពួកគេ​កំពុង​បញ្ឈប់​ការផលិត «​រហូតដល់​រដ្ឋាភិបាល​ដែល​ត្រូវបាន​តែងតាំង​ដោយ​សភា​ចូលកាន់​តំណែង​នៅក្នុង​រដ្ឋធានី​»​។

ថ្មីៗ​នេះ​ប្រទេស​លីប៊ី​បាន​មើលឃើញ​ខ្លួនឯង​ម្តងទៀត​ជាមួយ​នឹង​រដ្ឋាភិបាល​គូប្រជែង ​២ បន្ទាប់ពី​សភា​ដែលមាន​មូលដ្ឋាន​នៅ​ភាគ​ខាងកើត​កាលពី​ខែកុម្ភៈ​បានតែងតាំង​នាយករដ្ឋមន្ត្រី​ថ្មី​នៅក្នុង​ការ​ប្រឈម​ដោយផ្ទាល់​ទៅនឹង​រដ្ឋាភិបាល​ដែល​សម្របសម្រួល​ដោយ​អង្គការ​សហប្រជាជាតិ​នៅ​ទីក្រុង​ទ្រីប៉ូលី​។

ចំណាត់ការ​នេះ​គូសបញ្ជាក់​អំពី​វិសាលភាព​នៃ​ការបែងចែក​នៅក្នុង​ប្រទេស​ដែល​រងគ្រោះ​ដោយសារ​សង្គ្រាម ខណៈ​ដែល​អ្នកសង្កេតការណ៍​ភ័យខ្លាច​ការបន្ត ចូលទៅក្នុង​អំពើហិង្សា​ជាថ្មី​ម្តងទៀត​។

អណ្តូងប្រេង Al-Fil មាន​ចម្ងាយ​ប្រហែល​ ៧៥០ ​គីឡូម៉ែត្រ​ភាគ​និរតី​នៃ​ទីក្រុង​ទ្រីប៉ូលី ត្រូវបាន​គ្រប់គ្រង​រួមគ្នា​ដោយ NOC និង​ក្រុមហ៊ុន​ថាមពល​យក្ស​អ៊ីតាលី ENI ហើយ​ផលិត​ប្រេង​ប្រហែល ៧ ​ម៉ឺន​បារ៉ែល​ក្នុង ១ ​ថ្ងៃ​។

អណ្តូងប្រេង​នោះ​ត្រូវបាន​គេ​បង្ខំ​ឱ្យ​បិទ​ជា​បណ្ដោះអាសន្ន​រួចហើយ​នៅ​ដើមខែ​មីនា​នៅពេល​ដែល​ក្រុម​ប្រដាប់​អាវុធ​បិទ​វ៉ាល់​ដែល​ចែកចាយ​ប្រេង​ឆៅ​។

ប្រាក់ចំណូល​ពី​ប្រេង​មាន​សារៈសំខាន់​ណាស់​សម្រាប់​សេដ្ឋកិច្ច​របស់​ប្រទេស​លីប៊ី ដែលជា​ប្រទេសមួយ​ស្ថិតនៅលើ​ទុនបម្រុង​ដែល​គេ​ស្គាល់​ច្រើនជាងគេ​នៅ​ទ្វីប​អាហ្វ្រិក​។

NOC គឺជា​ស្ថាប័ន​មួយ​ក្នុងចំណោម​ស្ថាប័ន​មួយចំនួន​ដែល​នៅ​រក្សា​ភាពរឹងមាំ ទោះបី​ជា​មាន​អំពើហិង្សា និង​ភាព​គ្មាន​ច្បាប់​ជាច្រើន​ទសវត្សរ៍ ដែល​បាន​កាន់កាប់​ប្រទេស​នេះ ចាប់តាំងពី​ការបះបោរ​គាំទ្រ​ដោយ​អង្គការ​ណាតូ ដែល​បាន​ផ្តួលរំលំ​មេដឹកនាំ​ Moamer Kadhafi ដែល​គ្រប់គ្រង​ប្រទេស​នេះ​ដ៏យូរ​មក​៕ RR