
កម្មករកំពុងជាជ័រកៅស៊ូ ក្នុងចំការ ១ កន្លែងក្នុងស្រុកចំការលើ ខេត្តកំពង់ចាម។ ហុង មិនា
ភ្នំពេញៈ កម្ពុជាបាននាំចេញកៅស៊ូក្នុងទឹកប្រាក់ជាង ១០០ លានដុល្លារ នៅត្រីមាសទី ១ ឆ្នាំ ២០២២ កើនជិត ១១ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១។ នេះបើយោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
ទិន្នន័យបានបង្ហាញថា នៅក្នុងរយៈពេល ៣ ខែ ចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ ២០២២ កម្ពុជារកចំណូលបានជាង ១០៣,២ លានដុល្លារ កើនប្រមាណ ១០,១ លានដុល្លារ ឬស្មើនឹង ១០,៩ ភាគរយបើធៀបនឹងត្រីមាសទី ១ ឆ្នាំ ២០២១។
បើតាមរបាយការណ៍ពីអគ្គនាយកដ្ឋានកៅស៊ូ បរិមាណបញ្ចេញលក់ជ័រកៅស៊ូ ចាប់ពីដើមឆ្នាំរហូតដល់ខែមីនា ឆ្នាំ ២០២២ មានចំនួន ៦១ ៨៣៩ តោន កើនឡើង ៧៨៣ តោន ស្មើនឹង ១,៣ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំមុន។ ដោយឡែកបរិមាណបញ្ចេញលក់ឈើកៅស៊ូក្នុងរយៈពេល ៣ ខែ ឆ្នាំ ២០២២ សម្រេចបាន ២ ១៣០ ម៉ែត្រគុប។
លោក ហ៊ឹម អូន អគ្គនាយកនៃអគ្គនាយកដ្ឋានកៅស៊ូបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ការកើនឡើងទាំងបរិមាណបញ្ចេញលក់ និងតម្លៃជ័រកៅស៊ូនៅដើមឆ្នាំនេះ គឺដោយសារមានតម្រូវការពីទីផ្សារក្រៅប្រទេស។ លោកបន្តថា តម្លៃជ័រកៅស៊ូជាមធ្យមក្នុងខែមីនា គឺ ១ ៦២៧ ដុល្លារក្នុង ១ តោន កើន ៤៤ ដុល្លារបើធៀបនឹងខែកុម្ភៈ។ ប៉ុន្តែបើគិតក្នុងត្រីមាសទី ១ តម្លៃកៅស៊ូនៅចន្លោះ ១ ៥៩៤ ដុល្លារទៅ ១ ៦២៧ ដុល្លារដែលតម្លៃនេះជាតម្លៃល្អសម្រាប់អ្នកដាំដុះ។
លោកថ្លែងថា៖ «ផ្ទៃដីចៀរជ័រកៅស៊ូបានកើនដល់ជាង ៣១ ម៉ឺនហិកតាក្នុងចំណោមផ្ទៃដីដាំកៅស៊ូសរុបជិត ៤១ ម៉ឺនហិកតា។ ពាក់ព័ន្ធរោងចក្រកែច្នៃទៅជាសម្បកកង់រថយន្ត សព្វថ្ងៃកម្ពុជាមានរោងចក្រ ២ នៅក្នុងខេត្តព្រះសីហនុ និងស្វាយរៀង។ កន្លងមកមន្ត្រីជំនាញរបស់អគ្គនាយកដ្ឋានកៅស៊ូបានចុះទៅសិក្សាជាមួយរោងចក្រនៅខេត្តស្វាយរៀង ដើម្បីសិក្សាពីតម្រូវការកៅស៊ូធម្មជាតិសម្រាប់ការកែច្នៃនៅរោងចក្រនោះ ដោយយើងឃើញថា រោងចក្រនេះមានតម្រូវការកៅស៊ូច្រើន ប៉ុន្តែមកទល់ពេលនេះក្រុមហ៊ុនមិនទាន់បានប្រមូលផលិតផលកៅស៊ូធម្មជាតិរបស់កម្ពុជាទៅកែច្នៃនៅឡើយទេ ដោយសាររោងចក្រមិនទាន់រៀបចំរួច។ ដូច្នេះក្រុមហ៊ុនបាននាំចូលពីក្រៅ ១០០ ភាគរយ»។
ទោះយ៉ាងណា អគ្គនាយកនៃអគ្គនាយកដ្ឋានកៅស៊ូរូបនេះអះអាងថា នឹងបន្តប្រឹងប្រែងស្នើសុំកិច្ចសហការពីក្រុមហ៊ុនដោយអគ្គនាយកដ្ឋានកៅស៊ូនឹងសម្របសម្រួលក្នុងការទិញផលិតផលកៅស៊ូធម្មជាតិពីប្រជាកសិករ និងក្រុមហ៊ុននៅក្នុងស្រុក។ លោកបន្តថា ភាគីទាំង ២ អាចនឹងចុះអនុស្សរណៈយោគយល់គ្នា ដើម្បីកាត់បន្ថយការនាំចូលវត្ថុធាតុដើមកៅស៊ូពីក្រៅប្រទេស។
លោក ជា សាឃិន ប្រធានសហគមន៍កសិកម្មកៅស៊ូគ្រួសារស្រុកមេមត់ ដែលមានសមាជិក ៣៦ គ្រួសារ បានប្រាប់ដែរថា ដោយសារមានភាពអំណោយផលពីអាកាសធាតុបានជំរុញឱ្យការប្រមូលផលកៅស៊ូឆ្នាំនេះច្រើនជាងមុន។ លោកបន្ថែមថា ភ្លៀងធ្លាក់ដើមឆ្នាំបានធ្វើឱ្យកៅស៊ូលាស់ស្លឹកល្អ ដែលធ្វើឱ្យជ័រកៅស៊ូក៏កើនឡើងផងដែរ និងឆាប់បានប្រមូលផល ដោយកសិករបានចាប់ផ្តើមចៀរជ័របណ្តើរៗ តាំងពីដើមខែមេសាមកម្ល៉េះ ព្រោះតម្លៃកៅស៊ូដើមឆ្នាំបែបនេះលក់បានថ្លៃ។
លោកបញ្ជាក់ថា៖ «ជាទូទៅ កៅស៊ូប្រមូលផលដើមឆ្នាំតែងបានតម្លៃខ្ពស់ ដោយសារតម្រូវការមានច្រើន ហើយការប្រមូលផលនៅតិចតួច។ សមាជិកសហគមន៍មិនមានគោលការណ៍ពង្រីកផ្ទៃដីដាំដុះទេ ដោយសារទីផ្សារមិនទាន់ស្ថិរភាពល្អ ហើយស្ថិតក្នុងវិបត្តិកូវីដ ១៩ នៅឡើយ ស្របពេលដែលតម្លៃដីធ្លីក៏ឡើងថ្លៃដែរ។ ដើមឆ្នាំនេះមិនសូវមានខ្យល់កន្ត្រាក់ដូចឆ្នាំមុន ដូចកៅស៊ូមិនសូវមានការខូចខាត។ សហគមន៍ចង់ឱ្យមានរោងចក្រកែច្នៃផលិតផលកៅស៊ូដំណើរការឱ្យបានច្រើន ដើម្បីជួយទិញកៅស៊ូពីកសិករ និងអាចផ្តល់ស្ថិរភាពតម្លៃ និងទីផ្សារយូរអង្វែង»៕ LA