ភ្នំពេញៈ ភាព​ធូរស្រាល​ការឆ្លង​រាលដាល និង​ការគ្រប់គ្រង​ប្រកប​ដោយ​ប្រសិទ្ធភាព​នៃ​ជំងឺ​កូវីដ​ ១៩ នៅ​កម្ពុជា​បាន​ធ្វើឱ្យ​ចំនួន​គម្រោង​វិនិយោគ​នៅក្រៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ដែល​អនុម័ត​ដោយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​(CDC) រយៈពេល ២ ​ខែ ដើមឆ្នាំ ​២០២២ មាន​ចំនួន​ ៣៥​ គម្រោង ស្មើនឹង​ទុនវិនិយោគ​សរុប​ជាង ២ ​ពាន់​លាន​ដុល្លារ កើនឡើង​ជាង ២៣៦ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១​។ នេះ​បើតាម​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។

របាយការណ៍​និន្នាការ​សេដ្ឋកិច្ច​-​សង្គម ប្រចាំខែ​កុម្ភៈ ឆ្នាំ​ ២០២២ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ទី​ ១៨ ខែមេសា ឱ្យដឹងថា ក្នុង​រយៈពេល​ ២ ​ខែ​ឆ្នាំ​ ២០២២ ស្ថានភាព​វិនិយោគ​បានបង្ហាញ​ពី​ភាពល្អប្រសើរ​ខ្លះៗ​ជាក់ស្តែង​គម្រោង​វិនិយោគ​ឯកជន​ក្រៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ដែល​ទទួលបាន​ការអនុញ្ញាត​ដោយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​មាន​ចំនួន ៣៥​ គម្រោង​កើនឡើង ១៤ ​គម្រោង​ដែលមាន​ទុនវិនិយោគ​សរុប​ជាង ២​ ពាន់​លាន​ដុល្លារ​កើន​ ២៣៦,៥​ ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំមុន​។ គម្រោង​ទាំង ៣៥ មាន​លទ្ធភាព​បង្កើត​ការងារ​បាន​ប្រមាណ ៣១ ​ពាន់​នាក់ កើនឡើង ៧៥,៣ ​ភាគរយ​។

ក្រសួង​សេដ្ឋកិច្ច​លើកឡើងថា បើទោះបី​មិនទាន់​មាន​ភាពល្អប្រសើរ​ដូច​នៅមុន​ពេល​មាន​វិបត្តិ​ជំងឺ​កូវីដ ​១៩ ប៉ុន្តែ​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​ចាប់ផ្តើម​បង្ហាញ​ភាព​វិជ្ជមាន​ឡើងវិញ​ជា​បណ្តើរៗ​ហើយ​។

ក្រសួង​បញ្ជាក់ថា​៖ «​ជារួម​នៅ​ឆ្នាំ​ ២០២២ សេដ្ឋកិច្ច​កម្ពុជា​រំពឹងថា នឹង​បន្ត​មាន​កំណើន​វិជ្ជមាន ដោយសារ​ការរំពឹងទុក​ការ​កើនឡើង​នៃ​តម្រូវការ​សកល និង​ទំនុកចិត្ត​របស់​វិនិយោគិន​បរទេស ដែលជា​សមិទ្ធផល​នៃ​ការគ្រប់គ្រង​ស្ថានភាព​ការរីក​រាលដាល​ជំងឺ​កូវីដ​ ១៩ បានល្អ​»​។

យោងតាម​ក្រសួង​សេដ្ឋកិច្ច ដើម្បី​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ​ពី​វិបត្តិ​ដែល​បណ្តាលមកពី​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ រដ្ឋាភិបាល​កម្ពុជា​បានដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​ថ្មីៗ ពិសេស​ទៅលើ​វិស័យ​ដែលជា​ចន្ទល់​នៃ​សេដ្ឋកិច្ច មានដូចជា វិស័យ​កាត់ដេរ មិនមែន​កាត់ដេរ ទេសចរណ៍ និង​កសិកម្ម ជាដើម​។

អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​លោក លឹម ហេង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ក្នុង​ថ្ងៃទី​ ១៩ ខែមេសា​ថា ការគ្រប់គ្រង​ការរីករាលដាល​ជំងឺ​កូវីដ ​១៩ ​ដោយ​ប្រសិទ្ធភាព​, អត្រា​ភាគរយ​ខ្ពស់​នៃ​ចំនួន​ប្រជាជន​កម្ពុជា​ចាក់​វ៉ាក់សាំង​ប្រឆាំងនឹង​ជំងឺ​កូវីដ-១៩, ការចូល​ជាធរមាន​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ប្រទេស​ចិន និង​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់​ (RCEP) ព្រមទាំង​ការដាក់ចេញ​ជា​បន្តបន្ទាប់​នូវ​យុទ្ធសាស្ត្រ និង​ច្បាប់​វិនិយោគ​ថ្មីៗ​បានធ្វើឱ្យ​វិនិយោគ​ក្នុងស្រុក និង​បរទេស​កាន់តែច្រើន​បញ្ចេញ​ទុនវិនិយោគ​នៅ​កម្ពុជា​។ លោក​បន្ថែមទៀតថា ក្រៅពីនេះ​កម្ពុជា​ក៏​កំពុង​ទទួលបាន​ភាពចំណេញ​ផ្នែក​ទីផ្សារ​ពី​ប្រទេស​កំពុង​មាន​វិបត្តិ​មួយចំនួន​ដូចជា មីយ៉ាន់ម៉ា ផងដែរ​។

លោក​ប្រាប់ថា​៖ «​តាម​ស្ថានភាព​បច្ចុប្បន្ន ខ្ញុំ​មើលឃើញថា ចំនួន​ក្រុមហ៊ុន​ដែល​មក​ដាក់ពាក្យ​ស្នើសុំ​វិនិយោគ​នៅ​កម្ពុជា​នឹងមាន​ចំនួន​កាន់តែច្រើន​នៅពេល​ខាងមុខ ខណៈ​កម្ពុជា​បាន​ត្រៀម​រួចហើយ​ក្នុង​ការទទួល​កំណើន​ការវិនិយោគ​»​។

អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក គី សេរីវឌ្ឍន៍ បាន​លើកឡើងថា កំណើន​គម្រោង​វិនិយោគ​ដែលមាន​អនុម័ត​ដោយ CDC បង្ហាញថា ស្ថានភាព​ការវិនិយោគ​នៅ​កម្ពុជា​ចាប់ផ្តើម​ងើប​ចេញពី​ឥទ្ធិពល​នៃ​វិបត្តិ​ជំងឺ​កូវីដ​ ១៩ វិញ​ហើយ ខណៈ​គ្រប់ការ​បណ្តាក់ទុន​វិនិយោគ​សុទ្ធតែ​ផ្តល់​ផលប្រយោជន៍​ច្រើន​ចំពោះ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​។

លោក​បញ្ជាក់ថា​៖ «​ការវិនិយោគ​ថ្មីៗ​នឹង​ជួយ​បង្កើត​ការងារ​បន្ថែម ព្រមទាំង​ជួយ​ជំរុញ​ឱ្យ​ចរន្ត​នៃ​ការចំណាយ​នៅ​ជុំវិញ​ផលិតកម្ម​ផងដែរ​»​។

រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន នៅក្នុង​ពិធី​ផ្សព្វផ្សាយ​ដាក់ឱ្យអនុវត្ត​ជា​ផ្លូវការ​នូវ​ «​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ និង​កម្មវិធី​ស្តារ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងការ​រស់នៅ​ជាមួយ​ជំងឺ​កូវីដ-១៩ តាម​គន្លង​ប្រក្រតីភាព​ថ្មី​សម្រាប់​ឆ្នាំ​២០២១-២០២៣» កាលពី​ចុងខែ​ធ្នូ ឆ្នាំ​ ២០២១ បាន​និយាយថា វិបត្តិ​សេដ្ឋកិច្ច និង​សង្គម​ដែល​បណ្តាល​មកពី​ឥទ្ធិពល​ជំងឺ​កូវីដ ​១៩ នា​រយៈពេល ២ ​ឆ្នាំកន្លងមក បាន​ធ្វើឱ្យ​កម្ពុជា​ទទួលបាន​បទពិសោធ​ជាច្រើន ជាពិសេស​ការរៀបចំ​នូវ​យុទ្ធសាស្ត្រ​ថ្មីៗ​ ដើម្បី​ពង្រីក​វិសាលភាព​បណ្តា​វិស័យ​ដែលជា​ចន្ទល់​នៃ​កំណើនសេដ្ឋកិច្ច តាមរយៈ​ការកែទម្រង់​មុត​ស្រួច​សំដៅ​បង្កើន​ការធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ច និង​លើកកម្ពស់​ភាពប្រកួតប្រជែង ក៏ដូចជា​ពង្រឹង​ភាពធន់​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច ប្រកប​ដោយ​ចីរភាព​សម្រាប់​រយៈពេល​វែង នៅក្នុង​បរិការណ៍​ដែល​សកលលោក​ដំណើរការ​ប្រកប​ដោយ​អន្តរកម្ម​ខ្ពស់ និង​ការពឹងផ្អែក​គ្នា​ទៅវិញទៅមក​កាន់តែខ្លាំង​។

លោក​បន្ថែមថា​៖ «​ភាពខ្លាំង​នឹង​ក្លាយជា​កាតាលីករ និង​ជា​កត្តា​ជំរុញ​ដ៏សំខាន់​សម្រាប់​ការស្តារ និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ឡើងវិញ​»​។

ឆ្នាំ​ ២០២១ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC) ​បានអនុម័ត​គម្រោង​វិនិយោគ​ឯកជន​នៅក្រៅ​តំបន់​សេដ្ឋកិច្ច​សរុប​ ១០៨​ គម្រោង ធ្លាក់ចុះ ៤៦ គម្រោង​បើ​ធៀប​នឹង​ឆ្នាំ​ ២០២០ ដោយមាន​ទុនវិនិយោគ ១ ៧១៩ ​លាន​ដុល្លារ ធ្លាក់ ៧២,៦ ​ភាគរយ​។ នេះ​បើ​យោងតាម​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​៕