ទីក្រុងវ៉ាស៊ីនតោនៈ ប្រធាន​ធនាគារ​ពិភពលោក លោក David Malpass បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ធនាគារ​ពិភពលោក​កំពុង​ស្វែងរក​ការបង្កើត​មូលនិធិ​សង្គ្រោះបន្ទាន់​ចំនួន ១៧០ ​ពាន់​លាន​ដុល្លារ ដើម្បី​ជួយ​ប្រទេស​ក្រីក្រ​បំផុត​ដែល​កំពុង​ទទួលរង​នូវ​វិបត្តិ​ជាច្រើន​។

គាត់​បាន​និយាយថា​៖ «​កញ្ចប់​ប្រាក់​ឆ្លើយតប​វិបត្តិ​» នឹង​បន្ត​ការងារ​ដែល​ចាប់ផ្តើម​ក្នុងអំឡុងពេល​ជំងឺ​រាតត្បាត​កូវីដ​ ១៩ ​និង​ជួយ​ប្រទេស​នានា​ដោះស្រាយ​ជាមួយនឹង អតិផរណា​កំពុង​កើនឡើង​ដែល​ត្រូវបាន​ធ្វើឱ្យ​កាន់តែ​អាក្រក់​ដោយ​ការឈ្លានពាន​របស់​រុស្ស៊ី​លើ​ប្រទេស​អ៊ុយក្រែន​ក៏ដូចជា «​ភាពតានតឹង​ផ្នែក​ហិរញ្ញវត្ថុ​ធ្ងន់ធ្ងរ​» ដែល​បណ្តាលមកពី​កម្រិត​បំណុល​ខ្ពស់​។

លោក Malpass បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា​៖ «​នេះ​គឺជា​ការបន្ត​ឆ្លើយតប​វិបត្តិ​ដ៏ធំ​បន្ត​ទៅមុខទៀត​»​។

លោក​បាន​បន្តថា បំណុល​ខ្ពស់ និង​អតិផរណា «​ជា​បញ្ហា​ធំ​ ២​ ដែល​កំពុង​ប្រឈមមុខ​នឹង​កំណើន​សកលលោក​»​។

លោក​និយាយថា​៖ «​ខ្ញុំ​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​អំពី​ប្រទេស​កំពុងអភិវឌ្ឍន៍​។ ពួកគេ​កំពុង​ប្រឈម​នឹង​ការឡើង​ថ្លៃ​ភ្លាមៗ​សម្រាប់​ថាមពល ជី និង​អាហារ​»​។

ស្ថាប័ន​ផ្តល់​ប្រាក់កម្ចី​អភិវឌ្ឍន៍​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​វ៉ាស៊ីនតោន​កាលពី​សប្តាហ៍​មុន​បាន​បន្ទាប​ការ​ព្យាករ​របស់ខ្លួន​សម្រាប់​កំណើន​ពិភពលោក​នៅ​ឆ្នាំនេះ ហើយ IMF ត្រូវបាន​គេ​រំពឹងថា​នឹងធ្វើ​ដូចគ្នា​នៅពេល​ដែល​វា​ចេញផ្សាយ​ការ​ព្យាករ​ដែល​បានធ្វើ​បច្ចុប្បន្នភាព​របស់ខ្លួន​នៅ​ថ្ងៃ​អង្គារ​។

ថ្លែង​នៅមុន​កិច្ចប្រជុំ​និទាឃរដូវ​នៅ​សប្តាហ៍​នេះ​របស់ IMF និង​ធនាគារ​ពិភពលោក លោក Malpass បាន​និយាយថា មូលនិធិ​ជំនួយ​រយៈពេល​ ១៥ ​ខែ​នឹង​ដំណើរការ​រហូតដល់​ខែមិថុនា ឆ្នាំ ២០២៣ និង​បង្កើត​លើ​មូលនិធិ​ឆ្លើយតប​នឹង​កូវីដ​ចំនួន​ ១៥៧ ​ពាន់​លាន​ដុល្លារ ដែល​ផុតកំណត់​ក្នុង​ខែមិថុនា​ឆ្នាំ ​២០២១​។

លោក​បាន​បន្តថា​៖ «​យើង​រំពឹងថា​នឹង​​ផ្តល់ប្រាក់​ប្រមាណ ៥០ ​ពាន់​លាន​ដុល្លារ​ពី​ក្នុង​ចំនួន​មូលនិធិ​នេះ​ក្នុង​រយៈពេល​ ៣ ​ខែ​ខាងមុខ​» ដោយ​បន្ថែមថា លោក​មាន​ផែនការ​ដើម្បី​ពិភាក្សា​មូលនិធិ​នេះ​ជាមួយ​ក្រុមប្រឹក្សា​ធនាគារ​ក្នុង​ប៉ុន្មាន​សប្តាហ៍​ខាងមុខ​។

លោក Malpass បាន​រំឭក​ឡើងវិញ​នូវ​ការព្រួយបារម្ភ​របស់គាត់​ចំពោះ​ប្រទេស​ក្រីក្រ​ដែល​ប្រឈម​នឹង​កម្រិត​បំណុល​ខ្ពស់ ដោយ​កត់សម្គាល់ថា​ ៦០ ​ភាគរយ​នៃ​បណ្តា​ប្រទេស​ដែលមាន​ប្រាក់ចំណូល​ទាប​ប្រឈមមុខ​នឹង​បញ្ហា​បំណុល​រួចហើយ ឬ​មាន​ហានិភ័យ​ខ្ពស់​។

ឧបសគ្គ​សំខាន់​មួយ​គឺ​កង្វះ​ព័ត៌មាន​អំពី​ទំហំ​នៃ​បំណុល​ដែល​ជំពាក់​ចិន ក៏ដូចជា​ប្រទេស​ផ្តល់​កម្ចី​មួយ​ចំនួន​ផ្សេងទៀត ដោយ​ក្រុមហ៊ុន​ឯកជន​ក៏ដូចជា​រដ្ឋាភិបាល​៕ RR