ទីក្រុងប៉ារីសៈ អ្នកសេដ្ឋកិច្ច​ឈានមុខ​គេ​កាលពី​ថ្ងៃ​អង្គារ​បាន​ជំរុញ​ឱ្យ​មេដឹកនាំ​ប្រទេស​មាន​សេដ្ឋកិច្ច​ឈានមុខ​ក្នុង​ពិភពលោក (G20) បង្កើត​ការចុះបញ្ជី​ទ្រព្យសម្បត្តិ​ពិភពលោក​ សម្រាប់​ការតាមដាន​អ្នក​គេចពន្ធ​ដែល​អាចដាក់​សម្ពាធ​លើ​ប្រទេស​រុស្ស៊ី​លើ​ការឈ្លានពាន​អ៊ុយក្រែន​ដោយ​ការ​លាតត្រដាង​ទ្រព្យសម្បត្តិ​លាក់កំបាំង​របស់​ពួក​អ្នកមាន​។

លោក Joseph Stiglitz សេដ្ឋវិទូ​ដែល​ល្បីល្បាញ​នៃ​សហរដ្ឋអាមេរិក និង​លោក Thomas Piketty នៃ​ប្រទេស​បារាំង​ក្នុងចំណោម​អ្នក​ផ្សេងទៀត​បានធ្វើការ​អំពាវនាវ​នៅក្នុង​លិខិត​ចំហ​មួយ​ដែល​ត្រូវបាន​បោះពុម្ព​នៅក្នុង​កាសែត The Guardian មុនពេល​កិច្ចប្រជុំ​ហិរញ្ញវត្ថុ G20 នៅ​ថ្ងៃ​ពុធ​។

លិខិត​នោះបាន​និយាយថា ការកសាង​លើ​វឌ្ឍនភាព​នៃ​ការ​ចែករំលែក​ព័ត៌មាន​ហិរញ្ញវត្ថុ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ «​វា​ដល់ពេល​ហើយ​សម្រាប់​ការចុះបញ្ជី​ទ្រព្យសម្បត្តិ​សកល​ ដើម្បី​កំណត់​គោលដៅ​ទ្រព្យ​សម្បត្តិ​លាក់កំបាំង​»​។

វា​ត្រូវបាន​ចុះហត្ថលេខា​ដោយ​សមាជិក​នៃ​គណៈកម្មការ​ឯករាជ្យ​សម្រាប់​កំណែទម្រង់ពន្ធ​សាជីវកម្ម​អន្តរជាតិ​ដែលជា​ក្រុម​វិភាគ​។

មហាអំណាច​លោកខាងលិច​បានដាក់​ចេញ​ទណ្ឌកម្ម​ដ៏តឹងតែង​ជា​បន្តបន្ទាប់​ប្រឆាំងនឹង​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និង​អ្នក​ជិតស្និទ្ធ​របស់លោក​ចាប់តាំងពី​ប្រធានាធិបតី​រូបនេះ​បាន​បើក​ការឈ្លានពាន​លើ​ប្រទេស​អ៊ុយក្រែន​កាលពី​ចុងខែ​កុម្ភៈ​។

គោលដៅ​សម្រាប់​ការដាក់ទណ្ឌកម្ម​ទាំងនោះ​រួមមាន​ម្ចាស់​ក្លិប​បាល់ទាត់ Chelsea ​នៅ​ចក្រភព​អង់គ្លេស គឺ​លោក Roman Abramovich ដែល​គេ​ស្គាល់​ថា មាន​សម្ព័ន្ធភាព​ស្អិតល្មួត​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី លោក ពូទីន​។

លិខិត​នោះបាន​និយាយថា មហាសេដ្ឋី​រុស្ស៊ី​ត្រូវបាន​គេ​ប៉ាន់ប្រមាណ​ថា មានទ្រព្យ​សម្បត្តិ​យ៉ាងហោចណាស់​ ១ ​ពាន់​ពាន់​លាន​ដុល្លារ​នៅ​បរទេស ដែលជា​រឿយៗ​ត្រូវបាន​លាក់បាំង​នៅក្នុង​ក្រុមហ៊ុន​ដែល​ចុះបញ្ជី​នៅ​តំបន់​ឈូង​សមុទ្រ​ដែលមាន​កម្មសិទ្ធិ​ពិត​គឺ​ពិបាក​កំណត់​។

លិខិត​ចំហ​នោះបាន​បន្ថែមថា​៖ «​នៅលើ​ជញ្ជាំង​នៃ​ភាព​ស្រអាប់​នេះ កិច្ចខិតខំ​ប្រឹងប្រែង​របស់​ប្រទេស​ដែល​ចង់​ដាក់ទណ្ឌកម្ម​ទាំងនេះ ឥឡូវនេះ​កំពុងតែ​ជំពប់​ដួល​»​។

ក្រុម​អ្នកសេដ្ឋកិច្ច​បាន​បន្ថែម​ថា ជាមួយនឹង​ចំនួន​ប្រជាជន​ដែល​ទទួលរង​ពី​ផលប៉ះពាល់​នៃ​ជំងឺ​រាតត្បាត​កូវីដ​ ១៩«​ការឈ្លានពាន​របស់​រុស្ស៊ី​លើ​ប្រទេស​អ៊ុយក្រែន​បានធ្វើឱ្យ​បរិបទ​ដ៏​គួរឱ្យ​ព្រួយបារម្ភ​នេះ​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​» ជាមួយនឹង​ការកើនឡើង​តម្លៃ និង​អសន្តិសុខ​។

ក្នុង​អ្នកសេដ្ឋកិច្ច​បាន​អះអាងថា​៖ «​ឥឡូវនេះ​យើង​មានឱកាស​ពិសេស​មួយ​ដើម្បី​ធ្វើ​វឌ្ឍនភាព​លើ​ការអនុវត្ត​ការចុះបញ្ជី​ទ្រព្យសម្បត្តិ​សកល​» ដើម្បី​កាត់​តាមរយៈ​បណ្តាញ​នៃ​ក្រុមហ៊ុន​ជួរមុខ និង​ភ្ជាប់​ទ្រព្យសម្បត្តិ​គ្រប់​ប្រភេទ​របស់​ពួកគេ​ទៅកាន់​ម្ចាស់​ពិត​ដែលមាន​សិទ្ធិ​កាន់កាប់​​ពេញលេញ​៕ RR