ទីក្រុងតូក្យូៈ ក្រុមហ៊ុន​អាហាររហ័ស​ដ៏ពេញនិយម​បំផុត​មួយ​របស់​ប្រទេស​ជប៉ុន​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា ខ្លួន​បាន​បណ្តេញ​នាយក​ប្រតិបត្តិ​ថ្នាក់ខ្ពស់​ម្នាក់​ដែល​ត្រូវបាន​គេ​រាយការណ៍​ថា​បានស្នើ​យុទ្ធសាស្ត្រ​ទីផ្សារ​នៃ​​ការធ្វើឱ្យ​ «​ព្រហ្មចារី​ជាប់​ញៀន (virgins addicted)» ​ចំពោះ​ផលិតផល​របស់​ក្រុមហ៊ុន​។

Yoshinoya ដែល​ដំណើរការ​ភោជនីយដ្ឋាន​ជាច្រើន​ដែល​បម្រើ​ម្ហូប​សាច់គោ​ថោកៗ​នៅក្នុង​ប្រទេស​ជប៉ុន និង​ក្រៅប្រទេស មិនបាន​បញ្ជាក់​ភ្លាមៗ​ពី​ការអត្ថាធិប្បាយ​ពិតប្រាកដ​ដែល​ធ្វើឡើង​ដោយ​លោក Masaaki Ito ដែលជា​នាយក​គ្រប់គ្រង​នោះទេ​។

នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ ក្រុមហ៊ុន​បាន​និយាយថា លោក Masaaki Ito ត្រូវបាន​បណ្តេញ​ចេញពី​ការងារ​សម្រាប់​ «​ពាក្យសម្ដី និង​ទង្វើ​ដែល​ពិតជា​មិនអាច​ទទួល​យកបាន​»​។

លោក Ito ត្រូវបាន​គេ​រាយការណ៍​ថា ក្រុមហ៊ុន​គួរតែ​សាកល្បង​ «​ធ្វើឱ្យ​ព្រហ្មចារី​ជាប់​ញៀន (get virgins addicted)» ទៅនឹង​អាហារ​របស់ Yoshinoya ពីព្រោះ «​នៅពេលដែល​បុរស​ធ្វើ​ម្ហូបអាហារ​ថ្លៃៗ​ឱ្យ​ពួកគេ ពួកគេ​នឹងមិន​បរិភោគ​ម្ហូប​សាច់គោ​ទៀត​ទេ​»​។

ការអត្ថាធិប្បាយ​របស់​គាត់​ត្រូវបាន​បង្ហោះ​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដោយ​មនុស្ស​ម្នាក់​ដែល​បាន​និយាយថា​ពួកគេ​បាន​ចូលរួម​ការបង្រៀន​នៅ​សាកលវិទ្យាល័យ​ដែលជា​កន្លែង​ដែល​លោក ​Ito និយាយ​។

ការបណ្តេញចេញ​នេះ​បាន​កើតឡើង​ បន្ទាប់ពី​ផ្ទុះ​កំហឹង​ប្រឆាំងនឹង​ការបញ្ចេញមតិ​នៅលើ​បណ្តាញ​សង្គម​។

នៅលើ Twitter អតីត​សមាជិក​សភា​បក្ស​កុម្មុយនីស្ត​ជប៉ុន​លោក Saori Ikeuchi បាន​ហៅ​ការលើកឡើង​នេះ​ថា «​ជាការ​រួមភេទ​ដោយ​ចេតនា​» និង «​គួរឱ្យ​ស្អប់ខ្ពើម​»​។

អ្នកប្រើប្រាស់​ផ្សេងទៀត​បានចង្អុល​បង្ហាញ​ថា Ito ហាក់ដូចជា​កំពុង​មើលងាយ​អាហារ​របស់ Yoshinoya​។

អ្នក​ប្រើ Twitter ម្នាក់​បានសរសេរ​ថា​៖ «​អ្វីដែល​មិនគួរ​ឱ្យ​ជឿ​នោះ​គឺថា មាន​មោទនភាព និង​ក្ដីស្រឡាញ់​តិចតួច​ប៉ុនណា​ដែល​គាត់​មាន​ចំពោះ​ផលិតផល​របស់ខ្លួន​»​។

ជារឿយៗ ប្រទេស​ជប៉ុន​បាន​បង្ហាញឡើង​ឆ្ពោះទៅកាន់​បាត​តារាង​នៃ​ចំណាត់ថ្នាក់​សមភាព​យេនឌ័រ​អន្តរជាតិ​។ ​នៅ​ឆ្នាំ​ ២០២១ ​វេទិកា​សេដ្ឋកិច្ចពិភពលោក​បាន​ដាក់​ប្រទេស​ចំនួន​ ១២០ ​ក្នុងចំណោម​ប្រទេស​ ១៥៦ ​នៅលើ​ចំណាត់ថ្នាក់​សន្ទស្សន៍​គម្លាត​យេនឌ័រ​សកល​៕ RR