ទីក្រុងកូឡុំបូៈ ក្រុមហ៊ុន​លក់រាយ​ប្រេងឥន្ធនៈ​ដ៏​សំខាន់​មួយ​នៅ​ប្រទេស​ស្រីលង្កា​បាន​បង្កើន​តម្លៃ​រហូតដល់​ ៣៥ ​ភាគរយ​កាល​ពីថ្ងៃ​ចន្ទ ខណៈដែល​រដ្ឋាភិបាល​ដែល​ខ្វះខាត​សាច់ប្រាក់​មួយ​នេះ​ត្រូវបាន​កំណត់​នឹង​បើក​កិច្ចពិភាក្សា​ថវិកា​សង្គ្រោះ​ដ៏​សំខាន់​ជាមួយ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ (IMF)​។

ប្រទេស​ស្រីលង្កា​កំពុងស្ថិត​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​ដ៏អាក្រក់​បំផុត​របស់ខ្លួន​ចាប់តាំងពី​ការទទួលបាន​ឯករាជ្យ​ពី​ចក្រភព​អង់គ្លេស​កាលពី​ឆ្នាំ​ ១៩៤៨​។ វិបត្តិ​នេះ​បាន​បណ្ដាល​ឱ្យមាន​ការខ្វះ​ខាត​ទំនិញ​សំខាន់ៗ ដូចជា ប្រេងឥន្ធនៈ អាហារ និង​ថ្នាំពេទ្យ​។

Lanka IOC ដែលជា​ក្រុមហ៊ុន​លក់រាយ​ប្រេងឥន្ធនៈ​មួយ ដែលមាន​ចំណែក ​១ ​ភាគ​ ៣ នៃ​ទីផ្សារ​ក្នុងស្រុក បានឱ្យ​ដឹងថា ខ្លួន​បាន​បង្កើន​តម្លៃ​ប្រេងម៉ាស៊ូត​ពី ៧៥ ​រូពៀ​ដល់​ ៣២៧ ​រូពៀ​ក្នុង​ ១ ​លីត្រ ខណៈ​ដែល​ប្រេងសាំង​បាន​កើនឡើង​ពី ៣៥ ​រូពៀ​ដល់ ៣៦៧ ​រូពៀ (១,២០ ​ដុល្លារ​)​។

ក្រុមហ៊ុន​រដ្ឋ Ceylon Petroleum Corporation ​ដែលមាន​ចំណែក​ទីផ្សារ​ ២ ​ភាគ ​៣ ​នៃ​ទីផ្សារ និង​ការដាក់​កម្រិត​ប្រេងឥន្ធនៈ​កាលពី​សប្តាហ៍​មុន​មិនបាន​ដំឡើងថ្លៃ​ភ្លាមៗ​ទេ ប៉ុន្តែ​ស្ថានីយ​ចាក់​សាំង​ភាគច្រើន​របស់ខ្លួន​គឺ​គ្មាន​ប្រេងឥន្ធនៈ​នោះទេ​។

Lanka IOC ដែលជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​ក្នុងស្រុក​របស់​ក្រុមហ៊ុន​ Indian Oil Corporation​ បានឱ្យដឹងថា ការធ្លាក់ចុះ​តម្លៃ​យ៉ាងខ្លាំង​នៃ​រូបិយប័ណ្ណ​ក្នុងស្រុក​បាន​បង្ខំ​ឱ្យ​ខ្លួន​អនុវត្ត​ការកែប្រែ​ចុងក្រោយ​នេះ ដែលមាន​រយៈពេល​ ៣ ​សប្តាហ៍​បន្ទាប់ពី​ការបង្កើន​តម្លៃ​ ២០ ​ភាគរយ​។

ចាប់តាំងពី​ដើមឆ្នាំ​នេះ​តម្លៃ​ប្រេងឥន្ធនៈ​បាន​កើនឡើង ​៩០ ​ភាគរយ ខណៈ​ដែល​ប្រេង​ម៉ាស៊ូត​ដែល​ប្រើ​ជាទូទៅ​សម្រាប់​ការដឹកជញ្ជូន​សាធារណៈ​បាន​កើនឡើង ១៣៨ ​ភាគរយ​។

ក្រុមហ៊ុន​នេះ​បានឱ្យ​ដឹងថា​៖ «​ការធ្លាក់ចុះ​រូបិយប័ណ្ណ​រូពៀ​ជាង​ ៦០ ​ភាគរយ​ក្នុងអំឡុងពេល​ ១ ​ខែ​ចុង​ក្រោយនេះ​បាន​បង្ខំ​ឱ្យ​ក្រុមហ៊ុន​ Lanka IOC ​បង្កើន​តម្លៃ​លក់រាយ​របស់ខ្លួន​ម្តងទៀត​ដោយ​ចាប់ផ្ដើម​អនុវត្ត​ចាប់ពី​ថ្ងៃនេះ​ទៅ​»​។

ការកើនឡើង​នេះ​បាន​ធ្វើឡើង​នៅពេល​ដែល លោក Ali Sabry រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​ថ្មី​របស់​ប្រទេស​ស្រីលង្កា​បាន​ដឹកនាំ​គណៈប្រតិភូ​ទៅ​ទីក្រុង​វ៉ាស៊ីនតោន ដើម្បី​ស្វែងរក​ប្រាក់​ពី​ ៣​ ពាន់​លាន​ដុល្លារ​ទៅ ​៤ ​ពាន់​លាន​ដុល្លារ​ពី IMF​ ដើម្បី​ជម្នះ​នឹង​វិបត្តិ​សមតុល្យ​ការទូទាត់ និង​បង្កើន​ទុនបម្រុង​ដែល​អស់​។

រដ្ឋាភិបាល​កាលពី​សប្តាហ៍​មុន​បាន​ប្រកាស​ពី​ការខកខាន​សងបំណុល​ ដោយសារ​តែ​បំណុល​បរទេស​ចំនួន​ច្រើន​របស់ខ្លួន ហើយ​ផ្សារ​ហ៊ុន​កូឡុំបូ​បានប្រកាស​ថា ការជួញដូរ​នឹងត្រូវ​ផ្អាក​រយៈពេល​ ៥​ ថ្ងៃ​ចាប់​ពីថ្ងៃ​ចន្ទ ដោយសារ​តែមាន​ការបារម្ភ​អំពី​ការក្ស័យធន​ទីផ្សារ​។

ប្រទេស​ស្រីលង្កា​ស្ថិតក្នុង​វិបត្តិ​សេដ្ឋកិច្ច​យ៉ាងធ្ងន់ធ្ងរ​ពេល​ដែល​ទទួលរង​ផលប៉ះពាល់​ ដោយសារ​ការរីក​រាល​ជំងឺ​កូវីដ​ ១៩ ដែល​កាត់បន្ថយ​ការផ្ញើ​ប្រាក់​ពី​បរទេស​របស់​កម្មករ​នៅក្រៅ​ប្រទេស និង​ធ្វើឱ្យ​ជាប់គាំង​វិស័យ​ទេសចរណ៍​ដែល​រកប្រាក់​ច្រើន​ជា​ប្រភព​ដ៏សំខាន់​នៃ​ប្រាក់​ដុល្លារ​សម្រាប់​សេដ្ឋកិច្ច​៕ LA

វីដេអូ៖