
លោក អូន ព័ន្ធមុនីរ័ត្ន ក្នុងអំឡុងពេលនៃកិច្ចប្រជុំស្តីពី «ផែនទីបង្ហាញផ្លូវការអភិវឌ្ឍ និងទាក់ទាញវិនិយោគលើវិស័យយានយន្ត និងអេឡិចត្រូនិក»។ រូបថត សហការី
ភ្នំពេញៈ ផែនទីបង្ហាញផ្លូវការអភិវឌ្ឍ និងទាក់ទាញវិនិយោគចំនួន ២ ពាក់ព័ន្ធនឹងវិស័យយានយន្ត និងអេឡិចត្រូនិកនឹងត្រូវដាក់ចេញឱ្យអនុវត្តក្នុងពេលឆាប់ៗនេះ ដើម្បីអភិវឌ្ឍ និងផ្សារភ្ជាប់វិស័យយានយន្ត និងអេឡិចត្រូនិកនៃប្រទេសកម្ពុជាទៅនឹងខ្សែចង្វាក់តម្លៃតំបន់ និងសកល។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ស្ថានទូតអង់គ្លេសប្រចាំកម្ពុជា, តំណាងក្រុមហ៊ុនផ្តល់ប្រឹក្សាយោបល់ (Boston Consulting Group-BCG) និងស្ថាប័នពាក់ព័ន្ធ កាលពីថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២២ បានបើកកិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំ «ផែនទីបង្ហាញផ្លូវការអភិវឌ្ឍ និងទាក់ទាញវិនិយោគលើវិស័យយានយន្ត និងអេឡិចត្រូនិក» តាមប្រព័ន្ធវីដេអូពីចម្ងាយ (Zoom)។ ក្រុមការងារអន្តរក្រសួង-ស្ថាប័ន បានសហការជាមួយការិយាល័យបរទេស, សហធនរដ្ឋ និងការអភិវឌ្ឍ (Foreign, Commonwealth and Development Office-FCDO) នៃចក្រភពអង់គ្លេស និងក្រុមហ៊ុន BCG ក្នុងការអនុវត្តកម្មវិធីពន្លឿនការគាំទ្រសេដ្ឋកិច្ចនៅក្នុងដំណាក់កាលជំងឺកូវីដ ១៩ (Accelerated Covid-19 Economic Support - ACES) សំដៅជំរុញ និងលើកកម្ពស់វិស័យទាំង ២ បន្ថែមទៀត។
ឯកសារចំនួន ២ ត្រូវបានរៀបចំឡើងដើម្បីបង្ហាញអំពីចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសគំនិតផ្តួចផ្តើមសម្រាប់ការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិក ដែលក្នុងនោះរួមមាន ទី ១ «ផែនទីបង្ហាញផ្លូវការអភិវឌ្ឍ និងទាក់ទាញវិនិយោគលើវិស័យយានយន្ត» និងទី ២ «ផែនទីបង្ហាញផ្លូវការអភិវឌ្ឍ និងទាក់ទាញវិនិយោគលើវិស័យអេឡិចត្រូនិក»។
ផែនទីបង្ហាញផ្លូវការអភិវឌ្ឍ និងទាក់ទាញវិនិយោគលើវិស័យយានយន្តមានគោលបំណងអភិវឌ្ឍ និងផ្សារភ្ជាប់វិស័យយានយន្តនៃប្រទេសកម្ពុជាទៅនឹងខ្សែចង្វាក់តម្លៃតំបន់ និងសកល និងជាពិសេសការប្រែក្លាយប្រទេសកម្ពុជាឱ្យទៅជាមជ្ឈមណ្ឌលផលិតគ្រឿងផ្គុំយានយន្ត (Components Manufacturing Hub) ព្រមទាំងជំរុញការផលិតគ្រឿងផ្គុំយានយន្តដែលមានលក្ខណៈស្មុគស្មាញ និងតម្លៃបន្ថែមខ្ពស់ជាងមុន។
ដោយឡែក «ផែនទីបង្ហាញផ្លូវការអភិវឌ្ឍ និងទាក់ទាញវិនិយោគលើវិស័យអេឡិចត្រូនិក» មានគោលបំណងប្រែក្លាយប្រទេសកម្ពុជាទៅជាមជ្ឈមណ្ឌលផលិតគ្រឿងអេឡិចត្រូនិក ដែលមានសមាហរណកម្មខ្ពស់ (Integrated Electronics Production Hub) ដែលផលិតគ្រឿងបន្លាស់អេឡិចត្រូនិកជាច្រើនប្រភេទ, ផលិតគ្រឿងបង្គុំពាក់កណ្តាលសម្រេច (Sub-assembled Products) និងផលិតផលសម្រេច (Fully Assembled Products) ដើម្បីបម្រើដល់ទីផ្សារនាំចេញនៅក្នុងតំបន់ និងពិភពលោក។
លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ.) បាននិយាយថា សេចក្តីព្រាងផែនទីបង្ហាញផ្លូវនេះមានសារៈសំខាន់ណាស់ ដោយបានស្នើឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធបន្តផ្តល់កិច្ចសហការជាមួយក្រុមហ៊ុន BCG និងកែសម្រួលសេចក្តីព្រាងផែនទីបង្ហាញផ្លូវនេះស្របតាមស្មារតីនៃអង្គប្រជុំប្រកបដោយគុណភាព និងគ្រប់ជ្រុងជ្រោយ មុននឹងបន្តនីតិវិធីគោរពស្នើសុំការអនុម័តពីប្រមុខរាជរដ្ឋាភិបាល។
លោកបានឱ្យដឹងទៀតថា ក្នុងរយៈពេលចុងក្រោនេះ វិស័យយានយន្ត និងវិស័យអេឡិចត្រូនិកនៅកម្ពុជាមានភាពរីកចម្រើនគួរឱ្យកត់សម្គាល់។ ជាមួយគ្នានេះ ដោយផ្អែកទៅលើលទ្ធភាព និងសក្តានុពលជាក់ស្តែង ក្រៅពីវិស័យផ្សេងទៀត រាជរដ្ឋាភិបាលបានកំណត់យកវិស័យយានយន្ត និងវិស័យអេឡិចត្រូនិកជាវិស័យអាទិភាព ដែលមានសក្តានុពលសម្រាប់ជំរុញការចូលរួមរបស់កម្ពុជាទៅក្នុងខ្សែចង្វាក់តម្លៃសកល ក៏ដូចជាការលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងពិសេសចូលរួមស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញ ក្រោយវិបត្តិនៃជំងឺកូវីដ ១៩ ស្របតាមមាគ៌ាដែលបានដាក់ចេញក្នុង «ក្របខ័ណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយជំងឺកូវីដ ១៩ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ ២០២១-២០២៣»។
នៅក្នុងកិច្ចពិភាក្សាជាមួយឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា និងវិស័យឯកជន ក៏ដូចជាអ្នកពាក់ព័ន្ធក្នុងឧស្សាហកម្មនេះស្តីពីផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជាកាលពីដើមខែមីនា ឆ្នាំ ២០២២ លោក សុខ ចិន្តាសោភា អគ្គលេខាធិការនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានលើកឡើងថា ការរៀបចំសេចក្តីព្រាងផែនទីបង្ហាញផ្លូវនេះ គឺជាការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ដើម្បីធានាបាននូវភាពគ្រប់ជ្រុងជ្រោយក្នុងការកំណត់នូវយុទ្ធសាស្ត្រ ទិសដៅ និងយន្តការចាំបាច់ដើម្បីធ្វើការអភិវឌ្ឍ និងទាក់ទាញការវិនិយោគលើវិស័យយានយន្ត និងអេឡិចត្រូនិក និងបង្កើនភាពប្រកួតប្រជែងតម្លៃក្នុងប្រតិបត្តិការនៃវិស័យទាំងនេះ។
លោកបញ្ជាក់ថា៖ «ការសហការជាមួយវិស័យឯកជន គឺជាភាពចាំបាច់ដើម្បីអភិវឌ្ឍវិស័យទាំងនេះ ដោយចាប់ផ្តើមពីការរៀបចំយុទ្ធសាស្ត្ររួមរហូតដល់ការដាក់ចេញ និងអនុវត្តផែនការ»។
សេចក្តីព្រាងផែនទីបង្ហាញផ្លូវទាំង ២ នេះនឹងផ្តល់ដល់វិនិយោគិននៅក្នុងវិស័យយានយន្ត និងអេឡិចត្រូនិកនៅកម្ពុជានឹងទទួលបានប្រយោជន៍ជាច្រើនដូចជា ការបង្កើនធនធានមនុស្សប្រកបដោយជំនាញ ការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធផ្នែកអគ្គិសនី និងភ័ស្តុភារកម្ម ដើម្បីគាំទ្រភាពប្រកួតប្រជែងតម្លៃនៃកម្មន្តសាល និងកិច្ចសម្របសម្រួលផ្នែកគយ និងពាណិជ្ជកម្ម ដែលកាន់តែមានប្រសិទ្ធភាពដល់ការនាំចេញ និងនាំចូលផលិតផល៕ LA
វីដេអូ៖