
ស្ត្រីម្នាក់ ជិះម៉ូតូកាត់ពីមុខផ្សារមូលបត្រកម្ពុជា (CSX)។ ហ៊ាន រង្សី
ភ្នំពេញៈ នៅត្រីមាសទី ១ ឆ្នាំ ២០២២ ទំហំជួញដូរមូលបត្រសរុបរបស់អតិថិជននៃក្រុមហ៊ុនអេស៊ីលីដា ស៊ីឃ្យួរីធី ភីអិលស៊ី (ACS) មានចំនួនត្រឹម ២១០ ពាន់លានរៀល ពោលគឺស្មើនឹង ៩៤,១១ ភាគរយនៃទំហំជួញដូរមូលបត្រសរុបនៅលើផ្សារមូលបត្រកម្ពុជា និងប្រមាណ ៨១,២៨ ភាគរយនៃចំនួនគណនីជួញដូរទាំងអស់ដែលបានបើកថ្មី និងធ្វើឱ្យក្រុមហ៊ុនមួយនេះទទួលបានជយលាភីផ្តាច់គេក្នុងចំណោមឈ្មួញជើងសាមូលបត្រទាំង ១១ នៅកម្ពុជា។
បើយោងតាមសេចក្ដីប្រកាសបានពីក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) កាលពីថ្ងៃទី ១៨ ខែមេសា ជយលាភីឈ្មួញជើងសាមូលបត្រឆ្នើមសម្រាប់ត្រីមាសទី ១ ឆ្នាំ ២០២២ គឺក្រុមហ៊ុន អេស៊ីលីដា ស៊ីឃ្យួរីធី ភីអិលស៊ី។ ចាប់ពីកម្មវិធីនេះត្រូវបានបង្កើតឡើងក្រុមហ៊ុន អេស៊ីលីដា ស៊ីឃ្យួរីធី ភីអិលស៊ី បានជាប់ជយលាភីច្រើនជាងគេបង្អស់ក្នុងចំណោមឈ្មួញជើងសាមូលបត្រទាំង ១១ ដែលជាសមាជិករបស់ CSX ខណៈការវាយតម្លៃនេះ គឺផ្អែកលើលក្ខណៈវិនិច្ឆ័យចំនួន ៣ គឺទំហំជួញដូរមូលបត្រសរុបរបស់អតិថិជន ចំនួនគណនីជួញដូរបើកថ្មី និងការប្រើប្រាស់ប្រព័ន្ធជួញដូរចល័ត (MTS) របស់អតិថិជន។
យោងតាម CSX នៅត្រីមាសទី ១ ឆ្នាំ ២០២២ ទំហំជួញដូរមូលបត្រសរុបរបស់អតិថិជនក្រុមហ៊ុន អេស៊ីលីដា ភីអិលស៊ី តាមរយៈប្រព័ន្ធ MTS មានចំនួន ៣៤ ពាន់លានរៀល ខណៈចំនួនគណនីជួញដូរតាមប្រព័ន្ធ MTS ដែលបានបើកថ្មីមានចំណែកប្រមាណ ៨៥, ៣៧ ភាគរយនៃគណនីបើកថ្មីសរុប។
CSX ឱ្យដឹងថា៖ «គួររំឭកផងដែរថា កម្មវិធីពានរង្វាន់ឈ្មួញជើងសាមូលបត្រឆ្អើមនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងស្វែងរកក្រុមហ៊ុនឈ្មួញជើងសាមូលបត្រឆ្នើមប្រចាំត្រីមាសនីមួយៗ ដែលមានភាពឈានមុខគេក្នុងការផ្តល់សេវាកម្មឈ្មួញជើងសាមូលបត្រសម្រាប់អតិថិជនរបស់ខ្លួន»។
លោក ព្រំ វិសុទ្ធ ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន អេស៊ីលីដា ស៊ីឃ្យួរីធី ភីអិលស៊ី បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ក្រុមហ៊ុនមូលបត្ររបស់លោកបានខិតខំប្រឹងប្រែងដើម្បីសម្រេចបានលទ្ធផលអាជីវកម្មល្អបំផុត តាមលក្ខណៈវិនិច្ឆ័យដែលកំណត់ដោយ CSX ដើម្បីផ្សព្វផ្សាយយីហោរបស់ខ្លួនទៅដល់សាធារណជន ដើម្បីទាក់ទាញវិនិយោគិនថ្មីៗ ឱ្យប្រើប្រាស់សេវាកម្មរបស់ខ្លួន និងទទួលបានអត្ថប្រយោជន៍ពី CSX លើការផ្សាយពាណិជ្ជកម្មដោយឥតគិតថ្លៃនៅលើបណ្តាញព័ត៌មានដែលអាចរកបានផ្សេងទៀត ក៏ដូចជាការរួមចំណែកក្នុងការធ្វើឱ្យទីផ្សារនេះប្រសើរឡើង។
លោកថ្លែងថា៖ «ក្រុមហ៊ុន អេស៊ីលីដា ស៊ីឃ្យួរីធី ភីអិលស៊ី បានបំពេញតាមលក្ខណៈវិនិច្ឆ័យសំខាន់ៗចំនួន ៣ ដែលកំណត់ដោយ CSX ដោយក្នុងនោះទំហំជួញដូរមូលបត្រសរុបរបស់អតិថិជនមានចំនួន ៩៤,១១ ភាគរយ គណនីជួញដូរបើកថ្មី មានប្រមាណ ៨១,២៨ ភាគរយ ខណៈចំនួនគណនីជួញដូរតាមប្រព័ន្ធ MTS ដែលបានបើកថ្មី មានចំណែកប្រមាណ ៨៥,៣៧ ភាគរយ»។
លោកបានបន្ថែមថា៖ «ប្រតិបត្តិការទាំងនេះនៅលើ CSX កំពុងរួមចំណែកដល់ការកែលម្អទីផ្សារ រួមទាំងការទាក់ទាញវិនិយោគិនថ្មី ការកើនឡើងនៃការវិនិយោគរបស់វិនិយោគិន ការធ្វើឱ្យប្រសើរឡើងនូវសន្ទនីយភាពទីផ្សារ និងសកម្មភាពជួញដូរនៅលើ CSX ក៏ដូចជាការបង្កើនទំនុកចិត្ត និងការយល់ដឹងជាសាធារណៈលើ CSX។
បច្ចុប្បន្ន ACS មានគណនីជួញដូរជិត ៧០ ភាគរយ (វិនិយោគិន) នៃទីផ្សារទាំងមូល ហើយពួកគេភាគច្រើនគឺជាវិនិយោគិនបុគ្គល និងលក់រាយ។
CSX មានមូលធនីយកម្មទីផ្សារសរុបចំនួន ២,៤៣ ពាន់លានដុល្លារ។ ទំហំជួញដូរសរុបបានកើនឡើង ៣៨៦ ភាគរយកាលពីឆ្នាំ ២០២១ ជាមួយនឹងទំហំជួញដូរប្រចាំថ្ងៃកើនឡើង ៣៨២ ភាគរយបើធៀបទៅនឹងឆ្នាំ ២០២០។
គិតត្រឹមចុងខែកុម្ភៈ ផ្សារមូលបត្រកម្ពុជាមានក្រុមហ៊ុនចុះបញ្ជីមូលបត្រកម្មសិទ្ធិចំនួន ៩ ក្នុងនោះក្រុមហ៊ុន ៧ បានចុះបញ្ជីលើផ្សារគោល និងក្រុមហ៊ុន ចំនួន ២ ចុះបញ្ជីនៅលើទីផ្សារកំណើន។ លើសពីនេះទៀតក្រុមហ៊ុនចំនួន ៦ បានចេញមូលបត្រសាជីវកម្មចំនួន ៨ នៅលើផ្សារហ៊ុនមួយនេះ៕ LA