
សកម្មភាពអ្នកលក់ស្វាយលើកជូនអតិថិជននៅផ្សារនាគមាសក្នុងរាជធានីភ្នំពេញនាពេលកន្លងមក។ ហេង ជីវ័ន
ភ្នំពេញ: ក្រសួងកសិកម្ម លើកទឹកចិត្តដល់អ្នកជាប់កាតព្វកិច្ចបង់ចំណូលមិនមែនសារពើពន្ធអនុវត្តការបង់ចំណូលតាមប្រព័ន្ធទូទាត់អេឡិចត្រូនិកវិញ ដើម្បីផ្តល់ជាជម្រើស និងបង្កលក្ខណៈឱ្យកាន់តែងាយស្រួល និងឆាប់រហ័ស។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងកសិកម្ម ចុះថ្ងៃទី ១៨ ខែមេសា បានឱ្យដឹងថា ម្ចាស់ក្រុមហ៊ុន សហគ្រាស និងសាធារណជន ដែលជាអ្នកជាប់កាតព្វកិច្ចបង់ចំណូលមិនមែនសារពើពន្ធទាំងអស់ អាចទូទាត់តាមប្រព័ន្ធអេឡិចត្រូនិកបាន ដើម្បីជាជម្រើសបន្ថែម និងបង្កលក្ខណៈឱ្យកាន់តែងាយស្រួល និងឆាប់រហ័សក្នុងការបង់ចំណូលមិនមែនសារពើពន្ធ រួមមានការបង់ចំណូលពីសេវាសាធារណៈដែលមានទំហំទឹកប្រាក់ចាប់ពី ១ លានរៀល ឡើងទៅអតិថិជនត្រូវបានលើកទឹកចិត្តឱ្យអនុវត្តការបង់ចំណូលតាមប្រព័ន្ធទូទាត់អេឡិចត្រូនិក។
លោក យ៉ង់ ប៉ាក់ អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន អាហ្គ្រីប៊ី បានឱ្យដឹងដែរថា ការបង់ចំណូលមិនមែនសារពើពន្ធ ក៏ដូចជាការបង់ពន្ធនានា គឺបានតម្រូវឱ្យមានការបង់តាមប្រព័ន្ធអេឡិចត្រូនិកវិញស្ទើរតែគ្រប់វិស័យ។ សម្រាប់វិស័យកសិកម្ម ក៏ត្រូវបានលើកទឹកចិត្តឱ្យមានការប្រើប្រាស់ E-Payment នេះច្រើនដែរ ដើម្បីបង្កលក្ខណៈកាន់តែងាយស្រួលដល់អ្នកជាប់កាតព្វកិច្ច។ ប៉ុន្តែអ្នកប្រើប្រាស់សេវានេះនៅក្នុងវិស័យកសិកម្មនៅមានកម្រិតនៅឡើយ។
លោកបានបញ្ជាក់ថា៖ «នៅក្នុងវិស័យកសិកម្ម សម្រាប់អ្នកដាំដុះ ៧០ ទៅ ៨០ ភាគរយ នៅតែអនុវត្តជាសាច់ប្រាក់នៅឡើយ មិនទាន់មានការប្រើប្រាស់ E-Payment នៅឡើយទេ។ ចំណែកការផ្តល់កម្ចីដល់កសិករ នៅតែមានការផ្តល់ជាសាច់ប្រាក់នៅឡើយ ដោយបានប្រើជា Mobile payment ឬ E-Payment នោះទេ។ ដោយឡែកសម្រាប់អាជីវកម្មទិញលក់ជី ភាគច្រើនប្រើប្រាស់បច្ចេកវិទ្យា E-Payment នេះហើយ»។
លោកបានបន្តថា សម្រាប់ក្រុមហ៊ុន អាហ្គ្រីប៊ី មានកសិករប្រមាណ ៥ ពាន់ ទៅ ៦ ពាន់នាក់ហើយ ដែលបានប្រើប្រាស់ E-Payment ដូចជាការផ្តល់ជាទុន,ការទិញជីកសិកម្ម,និងការទូទាត់ផ្សេងៗទៀត ដែលស្ថិតនៅក្រោមចង្វាក់ផលិតកម្មរបស់អាហ្គ្រីប៊ី។ លោករំពឹងថា ៥ ទៅ ៦ ឆ្នាំទៀត ការប្រើប្រាស់ E-Payment នៅក្នុងវិស័យកសិកម្ម នឹងកាន់តែមានភាពទូលំទូលាយជាងនេះ ស្របតាមការរីកចម្រើននៃបច្ចេកវិទ្យា។
លោក វណ្ណ ឫទ្ធី នាយកប្រតិបត្តិ នាយកដ្ឋាននាំចេញកសិផលនៃក្រុមហ៊ុនអង្គរហ្គ្រីន បានប្រាប់ឱ្យដឹងថា នៅក្នុងវិស័យកសិកម្ម ការប្រើប្រាស់ប្រព័ន្ធទូទាត់អេឡិចត្រូនិក នៅមានកម្រិតនៅឡើយ។
លោកបានបញ្ជាក់ថា៖ «យើងចង់ឱ្យមានការប្រើប្រាស់ការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិកឱ្យកាន់តែច្រើន និងទូលំលាយជាងនេះ។ សម្រាប់ក្រុមហ៊ុនយើងសព្វថ្ងៃ មានការទូទាត់តាមអេបធនាគារផ្សេងៗ ត្រឹមតែ ៥០ ភាគរយប៉ុណ្ណោះ មានន័យថា ការទូទាត់ធ្វើឡើងសម្រាប់តែនាំចេញទៅក្រៅ ការបង់សេវាសាធារណៈនានាជាមួយស្ថាប័នរដ្ឋ ប៉ុន្តែជាមួយកសិករក្រុមហ៊ុននៅបន្តទូទាត់ជាសាច់លុយដដែល»។
ការសិក្សារបស់មជ្ឈមណ្ឌលសិក្សាគោលនយោបាយចេញផ្សាយកាលពីខែធ្នូ ឆ្នាំ ២០២០ បានបង្ហាញថា យ៉ាងហោចណាស់មានអ្នកផ្គត់ផ្គង់ធាតុចូលកសិកម្មចំនួន ៩២ ភាគរយ បានប្រើប្រាស់ប្រព័ន្ធឌីជីថលក្នុងការទូទាត់ក្នុងអាជីវកម្មរបស់ពួកគេ និង ៤៥ ភាគរយប្រើប្រាស់ពាណិជ្ជកម្មតាមអេឡិចត្រូនិក។ ការសិក្សាស្រាវជ្រាវនេះ ក៏រកឃើញថា ពួកគេបានប្រើប្រាស់ទូរស័ព្ទស្មាតហ្វូន ៩០ ភាគរយ ហើយ ៩០ ភាគរយ មានអ៊ីនធឺណិត ក្នុងនោះ ៤១ ភាគរយ ភ្ជាប់អ៊ីនធឺណិតតាម WIFI។
ចំពោះការប្រើប្រាស់ប្រព័ន្ធធនាគារ ឬមានគណនីធនាគាររបស់ពួកគេមានចំនួន ៥៥ ភាគរយ និង ៤៥ ភាគរយ មិនទាន់មាន។
ក្នុងចំណោម ៥៥ ភាគរយ ពួកគេប្រើប្រាស់កម្មវិធី App សម្រាប់ទូទាត់ប្រាក់ក្នុងអាជីវកម្មរបស់ពួកគេមានត្រឹម ២៣ ភាគរយ៕