
អ្នកដំណើរបើកឆ្លងកាត់អគ្គនាយកដ្ឋានពន្ធដារ នាពេលកន្លងទៅ។ ហុង មិនា
ភ្នំពេញ: រដ្ឋាភិបាលតាមរយៈអគ្គនាយកដ្ឋានពន្ធដារ (GDT) ប្រមូលចំណូលពន្ធបានជិត ១ ៣០០ លានដុល្លារនៅក្នុងត្រីមាសទី១ ឆ្នាំ ២០២២ នេះ កើនឡើងជាង ២២ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ ២០២១ ឆ្លុះបញ្ចាំងអំពីស្ថានភាពប្រសើរឡើងនៃសកម្មភាពសេដ្ឋកិច្ចស្របជាមួយភាពធូរស្រាលនៃការរីករាលដាលនៃជំងឺកូវីដ ១៩។
នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ត្រីមាសទី១ ឆ្នាំ ២០២២ របស់ GDT កាលពីថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២២ លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានថ្លែងថា សរុបរយៈពេល ៣ ខែ ឆ្នាំ ២០២២ ចំណូលពន្ធអាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្តែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យ ចំណូលអនឡាញមានចំនួនប្រមាណជា ១ ២៦៣,០៧ លានដុល្លារបើធៀបក្នុងរយៈពេលដូចគ្នាឆ្នាំ ២០២១ កើនឡើងប្រមាណជា ២២៩,៨៧ លានដុល្លារ អាមេរិក ស្មើនឹង ២២,២៥ ភាគរយ។ ចំពោះខែមីនាវិញ ពន្ធអាករគ្រប់ប្រភេទ ដែលពន្ធដារប្រមូលបានមានប្រមាណជាង ៧៥០ លានដុល្លារ កើនឡើង ២១,៩៥ ភាគរយ បើធៀបនឹងខែមីនា ក្នុងឆ្នាំ ២០២១។
លោកបានបញ្ជាក់ថា៖ «ស្ថានភាពនៃសកម្មភាពសេដ្ឋកិច្ចក្នុងឆ្នាំកន្លងមកនឹងបន្តជះឥទ្ធិពលមកលើការគ្រប់គ្រងការប្រមូលចំណូលពន្ធក្នុងឆ្នាំបន្ទាប់ ជាពិសេសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ។ ផ្ទុយទៅវិញទោះបីជាសេដ្ឋកិច្ចកម្ពុជាទទួលរងផលប៉ះពាល់នៃជំងឺកូវីដ ១៩ ក្នុងឆ្នាំ ២០២១ យ៉ាងណាក្តី លទ្ធផលនៃការគ្រប់គ្រងប្រមូលចំណូលពន្ធរបស់អគ្គនាយកដ្ឋានពន្ធដារសម្រេចបានលទ្ធផលល្អប្រសើរ»។
លោក ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ការប្រមូលចំណូលរបស់ពន្ធដារមានកំណើនបែបនេះបង្ហាញថា ការប្រកបមុខរបរ និងចំណូលរបស់ប្រជាពលរដ្ឋមានស្ថានភាពល្អគួរសម ទោះបីជាស្ថិតនៅក្នុងវិបត្តិកូវីដ ១៩ ក្ដី។
លោកបានបន្ថែមថា កំណើននៃចំណូលពន្ធនេះទៀតសោតក៏បង្ហាញថា ដំណើរការនេះចង្វាក់ផលិតកម្មនៅក្នុងវិស័យសហគ្រាសធុនតូច និងមធ្យម ចាប់ផ្តើមល្អប្រសើរឡើងវិញហើយ ខណៈដែលវិស័យផ្សេងៗទៀត ដូចជាការទិញលក់ និងសាងសង់អចលនទ្រព្យជាដើម ហាក់មានភាពល្អប្រសើរវិញផងដែរ។
លោកបានបញ្ជាក់ថា៖ «ដំណើរការនៃសេដ្ឋកិច្ចរបស់កម្ពុជា នៅក្នុងរយៈពេល ៣ ខែដំបូងក្នុងឆ្នាំ ២០២២ នេះ ហាក់បីដូចជាមានលក្ខណៈល្អប្រសើរច្រើន បើធៀបនឹង ២ ឆ្នាំកន្លងទៅដែលជួបវិបត្តិកូវីដ ១៩ ដូច គ្នា។ យើងឃើញថា រដ្ឋបានលើកពន្ធមួយចំនួនទៅលើវិស័យដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ ១៩ ដូចជាទេសចរណ៍ជាដើម ប៉ុន្តែពន្ធដារនៅតែអាចគ្រប់គ្រងការប្រមូលចំណូលពន្ធបានយ៉ាងល្អ»។
លោកបន្តថា ការប្រមូលចំណូលពន្ធអាចនឹងនៅតែបន្តកើនឡើងថែមទៀតនៅត្រីមាសទី២ និងទី៣ ខាងមុខនេះ ប៉ុន្តែអាចប្រែប្រួលដោយអាចនឹងថមថយមកវិញខ្លះនៅត្រីមាសទី៤ ដោយសារមានប្រជាពលរដ្ឋខ្លះអាចនឹងពន្យារពេលបង់ពន្ធ ឬការសម្រុកបង់ពន្ធនៅដើមឆ្នាំមានចំនួនច្រើន ដើម្បីចៀសវាងការផាកពិន័យ។
លោករំពឹងថា ក្រៅពីចំណូលពន្ធទាំង ២ ប្រភេទ ដែលមានពន្ធដារ និងពន្ធគយហើយ ការពង្រឹងលើវិស័យពាណិជ្ជកម្មអន្តរជាតិ ទេសចរណ៍ និងការជំរុញរំហូរវិនិយោគផ្ទាល់ពីក្រៅប្រទេស (FDI) របស់រាជរដ្ឋាភិបាលនឹងអាចឱ្យកម្ពុជាសម្រេចគោលដៅកំណើនសេដ្ឋកិច្ច ៥,៦ ភាគរយក្នុងឆ្នាំ ២០២២ នេះ និង ៦,៥ ភាគរយ នៅឆ្នាំ ២០២៣៕ LA