ទីផ្សារ​ភាគហ៊ុន​បាន​បន្ត​ធ្លាក់ចុះ​ដោយសារ​សម្ពាធ​បញ្ហា​ភូមិសាស្ត្រ​នយោបាយ​រវាង​រុស្ស៊ី និង​អ៊ុយក្រែន និង​ភាពមិនច្បាស់លាស់​នៃ​ការដំឡើង​អត្រា​ការប្រាក់​។ កាលពី​ថ្ងៃ​អង្គារ សន្ទស្សន៍ S&P500 ធ្លាក់ចុះ ០.០២% សន្ទស្សន៍ Nasdaq ធ្លាក់ចុះ ០.១៤% និង​សន្ទស្សន៍ DJIA ធ្លាក់ចុះ ០.១១%​។

កងកម្លាំង​របស់​ប្រទេស​រុស្ស៊ី​បាន​បើក​ការវាយលុក​ម្តងទៀត​នៅ​ភាគ​ខាងកើត​នៃ​អ៊ុយក្រែន ដែល​ត្រូវបាន​ចាត់ទុកថា ជា​ដំណាក់កាល​ទី ២ ​នៃ​សង្គ្រាម​។ ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymyr Zelenskyy បាន​និយាយថា ប្រទេស​រុស្ស៊ី​បាន​ចាប់ផ្តើម​សមរភូមិ​នៅ Donbas នៅ​ភាគខាងកើត​នៃ​ប្រទេស​អ៊ុយក្រែន​កាលពី​ថ្ងៃ​ចន្ទ ហើយ​កងទ័ព​រុស្ស៊ី​ឥឡូវនេះ​កំពុង​ផ្តោតលើ​ការវាយលុក​នេះ​។ ចំណែក​អ៊ុយក្រែន លោក Zelenskyy ក៏បាន​បញ្ជាក់ថា អ៊ុយក្រែន​នឹងធ្វើ​ការវាយប្រហារ​វិញ ហើយ​ត្រូវតែ​ការពារ​ទឹកដី​របស់ខ្លួន​។

អត្រា​អតិផរណា​ប្រចាំឆ្នាំ​របស់​សហរដ្ឋ​អាមេរិក​បាន​កើន​ដល់ ៨,៥% ដែល​បង្ហាញ​នូវ​សញ្ញា​កាន់តែច្បាស់​នៃ​ការដំឡើង​អត្រា​ការប្រាក់ ដែល​កន្លងមក​មាន​ព័ត៌មាន និង​​តម្រុយ​ជាច្រើន​ពី​មន្ត្រី​ធនាគារកណ្ដាល​សហរដ្ឋ​អាមេរិក​ថា ខ្លួន​នឹង​ដំឡើង​អត្រា​ការប្រាក់​ចំនួន ០,៥០%​។ ម្យ៉ាងទៀត បណ្ណ​បំណុល​រតនាគារ​រយៈពេល​ ១០ ​ឆ្នាំ របស់​អាមេរិក​មាន​ការកើនឡើង ដោយ​បច្ចុប្បន្នកំពុង​ជួញដូរ​ក្នុងតម្លៃ ២.៨៣៨% ដែល​កើន​ពី​តម្លៃ ១,៧០៩០% កាលពី​ថ្ងៃទី ​១ ខែមីនា ឆ្នាំ​ ២០២២​។ នេះ​បង្ហាញថា តម្រូវការ​នៃ​បណ្ណ​បំណុល​មានការ​កើនឡើង ហើយ​បន្ថែម​សម្ពាធ​ទៅលើ​ទីផ្សារ​ភាគហ៊ុន​។ សម្រាប់​ការវិភាគ​ជួញដូរ​ក្នុង​សប្តាហ៍​នេះ វិនិយោគិន​អាច​លក់​សន្ទស្សន៍​ហ៊ុន Nasdaq (Nas 100) នៅ​កម្រិត ១៤ ០០០ ក្នុង​ ១ ​សន្ទស្សន៍​ហ៊ុន ដោយ​កំណត់​មុខងារ​ការពារ​ហានិភ័យ​នៅ​កម្រិត ១៤ ១៧០ និង​មុខងារ​ទាញយក​ប្រាក់ចំណេញ​នៅ​កម្រិត ១៣ ៦០០​។