ទីក្រុងប៉ារីសៈ IMF ​បានឱ្យដឹង​កាលពី​ថ្ងៃ​អង្គា​រថា សង្គ្រាម​នៅក្នុង​ប្រទេស​អ៊ុយក្រែន​ដាក់​សម្ពាធ​យ៉ាងខ្លាំង​លើ​កំណើនសេដ្ឋកិច្ច​ក្នុង​តំបន់​ចាយប្រាក់​អឺរ៉ូ ខណៈ​ជម្លោះ​បង្ក​ការបំផ្លិច​បំផ្លាញ​ដល់​តម្លៃ​ថាមពល និង​វិស័យ​ផលិតកម្ម​។

មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF)​ បានកែតម្រូវ​ទម្លាក់​ការព្យាករ​កំណើនសេដ្ឋកិច្ច​តំបន់​ចាយប្រាក់​អឺរ៉ូ​របស់ខ្លួន​សម្រាប់​ឆ្នាំ​ ២០២២ ​ពី​ ៣,៩ ​ភាគរយ មក​នៅត្រឹម​ ២,៨​ ភាគរយ​ក្នុងការ​ប៉ាន់ប្រមាណ​កាល​ពី​ខែមករា​ក្នុង​នោះ​អាល្លឺម៉ង់​ជា​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​ធំជាងគេ​របស់​តំបន់​នេះ​ទទួលរង​ផល​ប៉ះពាល់​យ៉ាងខ្លាំង​។

IMF បាន​ឱ្យដឹង​នៅក្នុង​របាយការណ៍​ចក្ខុវិស័យ​សេដ្ឋកិច្ច ពិភពលោក​របស់​ខ្លួន​ថា​៖ «​បណ្តាញ​ដ៏សំខាន់​ដែល​តាមរយៈ​សង្គ្រាម​នៅ​អ៊ុយក្រែន និង​ការដាក់ទណ្ឌកម្ម​លើ​ប្រទេស​រុស្ស៊ី​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​តំបន់​ចាយប្រាក់​អឺរ៉ូ​កំពុង​បង្កើន​តម្លៃ​ថាមពល​សកល និង​សន្តិសុខ​ថាមពល​»​។

IMF បានឱ្យ​ដឹងថា សង្គ្រាម​នេះ​បានធ្វើឱ្យ​ប្រទេសមួយ​ចំនួន​ដូចជា​អ៊ីតាលី និង​អាល្លឺម៉ង់​រង​ផលប៉ះពាល់​ខ្លាំង​ជាង​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប​ផ្សេងទៀត ដោយសារតែ​ប្រទេស​ទាំងនោះ​មាន «​វិស័យ​ផលិតកម្ម​ធំ ហើយ​ពឹងផ្អែក​ខ្លាំង​លើ​ការ​នាំចូល​ថាមពល​ពី​ប្រទេស​រុស្ស៊ី​»​។

សេដ្ឋកិច្ច​របស់​ប្រទេស​អាល្លឺម៉ង់ នៅពេលនេះ​ត្រូវបាន​រំពឹងថា​នឹង​កើនឡើង ២,១ ​ភាគរយ​នៅ​ឆ្នាំនេះ ធ្លាក់ចុះ​ពី​ការ​ព្យាករ​ពីមុន ៣,៨ ​ភាគរយ​។ ប្រទេស​អ៊ីតាលី​ក៏​នឹង​ធ្លាក់ចុះ​ផងដែរ​ជាមួយនឹង​កំណើន​ ២,៣​ ភាគរយ​ធៀប​ការ​ព្យាករ​ពីមុន ៣,៨ ​ភាគរយ​។

បន្ទាប់ពី​ការ​លុកលុយ​របស់​ទីក្រុង​ម៉ូស្គូ​កាលពី​ខែកុម្ភៈ បណ្ដា​ប្រទេស​លោកខាងលិច​រួមទាំង​បណ្ដា​ប្រទេស​ចាយ​ប្រាក់​អឺរ៉ូ បានដាក់​ទណ្ឌកម្ម​លើ​ប្រព័ន្ធ​ហិរញ្ញវត្ថុ វិស័យ​អាកាសចរណ៍ និង​ផ្នែក​សំខាន់ៗ​ផ្សេងទៀត​នៃ​សេដ្ឋកិច្ច​របស់​រុស្ស៊ី​។

ជិត​ពីរ​ខែ​ក្រោយមក​តម្លៃ​កើនឡើង​។ ​តម្លៃ​ប្រេង​នៅតែ​លើសពី ១០០ ​ដុល្លារ​ក្នុង ១ បារ៉ែល បន្ទាប់ពី​កើនឡើង​ដល់​កម្រិត​ខ្ពស់​ជា​ប្រវត្តិសាស្ត្រ​កាលពី​ខែមីនា ខណៈ​តម្លៃ​ឧស្ម័ន ស្រូវ​សាលី អាលុយមីញ៉ូម រ៉ែនីកែល និង​វត្ថុធាតុដើម​ផ្សេងទៀត​បាន​កើនឡើង​។

ជា​លទ្ធផល អតិផរណា​តម្លៃ​ទំនិញ​ប្រើប្រាស់​ក្នុង​តំបន់​ចាយប្រាក់​អឺរ៉ូ​បាន​កើន​ឡើងដល់​ ៧,៥ ​ភាគរយ​ដែលជា​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់មាន​។

លោក Pierre-Olivier Gourinchas ប្រធាន​សេដ្ឋវិទូ​របស់ IMF បានឱ្យដឹងថា ការព្យាករ​នេះ​បង្ហាញ​ការធ្លាក់ចុះ ប៉ុន្តែ​មិនមាន​ការដើរ​ថយក្រោយ​នៃ​សេដ្ឋកិច្ច នៅក្នុង​តំបន់​អឺរ៉ូ​នោះទេ​។

លោក Gourinchas បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ក្នុង​បទសម្ភាស​មួយ​នៅ​ទីក្រុង​វ៉ាស៊ីនតោន​ថា ហានិភ័យ​សំខាន់​ចំពោះ​ចក្ខុ​វិស័យនេះ គឺ​ការ​បង្កើនល្បឿន​ការដាក់ទណ្ឌកម្ម ជាពិសេស​ការដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​ឧស្ម័ន​របស់​ប្រទេស​រុស្ស៊ី ដែល​នឹង​បណ្តាលឱ្យមាន​ការធ្លាក់ចុះ​ «​ធ្ងន់ធ្ងរ​» ​ក្នុង​រយៈពេល​ខ្លី​នៅក្នុង​បណ្ដា​ប្រទេស​ជាច្រើន ដូចជា​ប្រទេស​អាល្លឺម៉ង់ ដែល​ពឹងផ្អែក​ខ្លាំង​លើ​ការ​នាំចូល​ទាំងនោះ​។

ជា​លទ្ធផល​ «​យើង​នឹង​មានការ​ពិនិត្យឡើងវិញ​នូវ​ការធ្លាក់​ចុះ​គួរឱ្យ​កត់សម្គាល់​នៃ​ការ​ព្យាករ​សេដ្ឋកិច្ច​នេះ សម្រាប់​តំបន់​ចាយប្រាក់​អឺរ៉ូ​»​។

ប្រសិនបើ​ការប្រើប្រាស់​ក្នុងស្រុក និង​ទំនុកចិត្ត​ធ្លាក់ចុះ​នោះ​ក៏​អាច​បន្ថយល្បឿន​កំណើន​ផងដែរ ដែល​នឹង​ធ្វើឱ្យ​ធនាគារកណ្តាល​អឺរ៉ុប (ECB) ស្ថិតក្នុង «​ស្ថានភាព​ដ៏លំបាក​»​។

ECB កាលពី​ខែ​មុន​បាន​កាត់បន្ថយ​ការ​ព្យាករ​កំណើន​របស់ខ្លួន​ផងដែរ ហើយ​បាន​ព្រមាន​ថា អតិផរណា​នឹង​កើនឡើង​នៅក្នុង​តំបន់​ចាយប្រាក់​អឺរ៉ូ ប៉ុន្តែ​វា​មិនទាន់​អនុវត្តតាម ធនាគារកណ្តាល​អាមេរិក​ក្នុងការ​បង្កើន​អត្រា​ការប្រាក់​ដើម្បី​គ្រប់គ្រង​តម្លៃ​នោះទេ​។

លោក Gourinchas បាន​ថ្លែងថា​៖ «​នៅពេលនេះ ដោយសារ​ការធ្លាក់ចុះ និង​ការពិត​ដែលថា​អតិផរណា​ត្រូវបាន​ប្រមូលផ្តុំ​នៅក្នុង​វិស័យ​មួយចំនួន​... វា​មិនចាំបាច់​ក្នុងការ​ចាប់ផ្តើម​រឹតបន្តឹង​គោលនយោបាយ​រូបិយវត្ថុ​ឱ្យបាន​លឿន​នោះទេ​»​។

ការអូសបន្លាយ សង្គ្រាម​ក្នុងប្រទេស​អ៊ុយក្រែន​ធ្វើឡើង​នៅពេលដែល​សេដ្ឋកិច្ច​តំបន់​ចាយប្រាក់​អឺរ៉ូ​ត្រូវបាន​កំណត់ឱ្យ​ស្ទុះ​ងើបឡើង​វិញ​ទាំងស្រុង​ពី​ការធ្លាក់ចុះ​ដែល​បាន​ទទួលរង​ផលប៉ះពាល់​ដោយសារតែ​ការរីក​រាលដាល​ជំងឺ​កូវីដ​ ១៩ កាលពី​ឆ្នាំ​ ២០២០​។

IMF បាន​ព្យាករ​កាលពី​ខែតុលា​ឆ្នាំមុន​ថា​កំណើន​សេដ្ឋកិច្ច​នៅ​តំបន់​ចាយប្រាក់​អឺរ៉ូ​នឹងមាន​ចំនួន​ ៤,៣ ​ភាគរយ​ក្នុង​ឆ្នាំ ២០២២ មុនពេល​បន្ទាប​ការ​ព្យាករ​កាលពី​ខែមករា​ដោយសារតែ​វិបត្តិ​ខ្សែចង្វាក់​ផ្គត់ផ្គង់​សកល និង​ការរីក​រាលដាល​ការឆ្លង​វីរុស​បំប្លែង​ថ្មី​អូមីក្រុង​។

របាយការណ៍​ចុងក្រោយ​របស់​ IMF ក៏បាន​ទម្លាក់​ចក្ខុវិស័យ​កំណើន​សេដ្ឋកិច្ច​របស់​តំបន់​ចាយប្រាក់​អឺរ៉ូ​សម្រាប់​ឆ្នាំ ២០២៣ ​មក​នៅត្រឹម ២,៣ ​ភាគរយ ធ្លាក់ចុះ​ពី ២,៥ ​ភាគរយ​កាលពីមុន​។

ប៉ុន្តែ IMF បាន​បង្កើន​ការព្យាករ​របស់ខ្លួន​បន្តិច​សម្រាប់​ប្រទេស​អាល្លឺម៉ង់​ដល់​ ២,៧ ភាគរយ​នៅ​ឆ្នាំក្រោយ​។

ទោះជា​យ៉ាងណា​ក៏ដោយ កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​អ៊ីតាលី​នឹង​ធ្លាក់ចុះ​បន្ថែមទៀត​មក​នៅត្រឹម ១,៧ ភាគរយ​ប៉ុណ្ណោះ​៕ LA