ទីក្រុងកូប៉ិនហាកៈ ប្រទេស​ដាណឺម៉ាក​បានបង្ហាញ​កាលពី​ថ្ងៃ​អង្គារ​នូវ​ផែនទី​បង្ហាញផ្លូវ​ដើម្បី​បញ្ចប់​ការពឹងផ្អែក​របស់ខ្លួន​លើ​ឧស្ម័ន​រុស្ស៊ី​តាមរយៈ​ល្បាយ​ថាមពល​ដែល​រួមមាន​ថាមពល​កកើត​ឡើងវិញ និង​ជីវឧស្ម័ន​ដើម្បី​មាន​សេរីភាព​ពី​ប្រធានាធិបតី Vladimir Putin​។

ខណៈពេល​ដែល​សហភាព​អឺរ៉ុប​បាន​បដិសេធ​ដើម្បី​ហាមឃាត់​ប្រេង និង​ឧស្ម័ន​របស់​រុស្ស៊ី​ជុំវិញ​សង្គ្រាម​អ៊ុយក្រែន​មកទល់ពេលនេះ ប្លុក​ដែលមាន​ ២៧​ ប្រទេស​មានបំណង​កាត់បន្ថយ​ការ​នាំចូល​ឧស្ម័ន​ពី​ប្រទេស​នេះ​នៅ​ចុងឆ្នាំ​នេះ​។

ប្រទេស​ជា​សមាជិក​នីមួយៗ​ក៏បាន​បង្ហាញ​ពី​ផែនការ​កាត់បន្ថយ​ការប្រើប្រាស់​ឥន្ធនៈ​ហ្វូស៊ីល​របស់​រុស្ស៊ី​។

ផែន​ការដែល​បង្ហាញ​ដោយ​រដ្ឋាភិបាល​ដាណឺម៉ាក​រួមមាន​ការផ្លាស់​លំនៅ​ចំនួន​ពាក់កណ្តាល​នៃ​គ្រួសារ​ចំនួន​ ៤០ ​ម៉ឺន​ដែល​ត្រូវបាន​កម្តៅ​ដោយ​ឧស្ម័ន​ទៅកាន់​បណ្តាញ​កម្តៅ​របស់​អាជ្ញាធរ​ស្រុក ឬ​ម៉ាស៊ីន​ស្រូប​កម្តៅ​អគ្គិសនី​នៅ​ឆ្នាំ​ ២០២៨​។

លោក Dan Jorgensen រដ្ឋមន្ត្រី​ក្រសួង​អាកាសធាតុ និង​ថាមពល​បាន​និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថា សម្រាប់​គ្រួសារ និង​អាជីវកម្ម​ផ្សេងទៀត រដ្ឋាភិបាល​មាន​គោលបំណង​អភិវឌ្ឍ​ជីវឧស្ម័ន​ពី​ប្រភព​កកើត​ឡើងវិញ «​ដែល​នឹង​ធានាថា​យើង​រួច​ផុតពី​លោក ពូទីន​»​។

រដ្ឋាភិបាល​ក៏បាន​បង្កើន​កម្មវិធីរ​បស់​ខ្លួន​ក្នុង​ការ​អភិវឌ្ឍ​ថាមពល​កកើត​ឡើងវិញ ដោយ​និយាយថា ឥឡូវនេះ​ខ្លួន​គ្រោង​នឹង​បង្កើន​ចំនួន​ស្ថានីយ​ថាមពល​ពន្លឺព្រះអាទិត្យ​ចំនួន ​៤ ​ដង និង​កសិដ្ឋាន​ខ្យល់​នៅលើ​ដី​នៅ​ឆ្នាំ ​២០៣០​។

ថាមពល​អគ្គិសនី​ពាក់កណ្តាល​របស់​ប្រទេស​ដាណឺម៉ាក​បានមកពី​ថាមពលខ្យល់​រួចហើយ​។

នាយករដ្ឋមន្ត្រី​ដាណឺម៉ាក លោក Mette Frederiksen បាន​និយាយថា៖ «​យើង​ចង់​អភិវឌ្ឍ​ថាមពល​កកើត​ឡើងវិញ​ឱ្យបាន​ច្រើន​តាម​ដែល​អាច​ធ្វើបាន​ដើម្បី​ធ្វើ​វា​ក្នុង​លក្ខណៈ​ឆ្លាត​វៃ​»​។

ឧស្ម័ន​មាន​ចំនួន​ ១៨ ​ភាគរយ​នៃ​ថាមពល​ប្រើប្រាស់​នៅក្នុង​ប្រទេស​ដាណឺម៉ាក​ជា​រៀងរាល់​ឆ្នាំ​។

យោងតាម​ទីភ្នាក់ងារ​ថាមពល​របស់​ដាណឺម៉ាក​បានឱ្យដឹងថា ផលិតកម្ម​ជាតិ​មាន​ចំនួន​ ៣ ​ភាគ​ ៤ ​នៃ​ឧស្ម័ន​ដែល​ប្រើប្រាស់​ក្នុង​ឆ្នាំ​ ២០១៩ ដោយ​រុស្ស៊ី​ស្ថិតក្នុង​ចំណោម​អ្នក​នាំចេញ​ដ៏សំខាន់​នៃ​ឥន្ធនៈ​ហ្វូស៊ីល​នេះ​។

ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ (IEA) និយាយថា នៅ​ឆ្នាំ​ ២០២១ សហភាព​អឺរ៉ុប​បាន​នាំចូល​ឧស្ម័ន​ចំនួន​ ១៥៥ ​ពាន់​លាន​ម៉ែត្រគុប​ពី​ប្រទេស​រុស្ស៊ី ដែល​តំណាងឱ្យ​ ៤៥ ភាគរយ​នៃ​ការនាំ​ចូល​ឧស្ម័ន​របស់ខ្លួន​៕ RR