​ភ្នំពេញ​៖ ប្រេងសាំង​ធម្មតា មានតម្លៃ ៥ ១៥០​រៀល ក្នុង​មួយ​លីត្រ ខណៈ​ប្រេងម៉ាស៊ូត បាន​ហក់​ឡើង​ជាង ៥៥០០​រៀល​ក្នុង​មួយ​លីត្រ ចាប់ពី​ថ្ងៃទី​២១ ដល់​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០២២ សម្រាប់​ទីផ្សារ​លក់រាយ​នៅ​កម្ពុជា ។​

​តម្លៃ​ប្រេងឥន្ធនៈ បាន​ឡើងថ្លៃ​មកវិញ បន្ទាប់​ចុះថ្លៃ​កាលពី​១០​ថ្ងៃមុន ដោយ​ប្រេងសាំង​ធម្មតា បាន​ឡើង​១០០​រៀល ពី​៥០៥០​រៀល ដល់​៥១៥០​រៀល ក្នុង​មួយ​លីត្រ និង​ប្រេងម៉ាស៊ូត បាន​ឡើង​៤០០​រៀល ពី​តម្លៃ​៥១០០​រៀល ដល់​៥៥០០​រៀល ក្នុង​មួយ​លីត្រ​។ នេះ​បើតាម​ការជូនដំណឹង​ពី​ក្រសួងពាណិជ្ជកម្ម​នៅ​ថ្ងៃទី​២១ ខែមេសា​ឆ្នាំ ២០២១​នេះ​។

​ការឡើង​ថ្លៃ​នៃ​ប្រេងឥន្ធនៈ បានធ្វើឱ្យ​ប៉ះពាល់​យ៉ាងច្រើន រាប់​ចាប់ពី​ប្រជាពលរដ្ឋ ដែលមាន​អាជីវកម្ម​តូចតាច រហូតដល់​សហគ្រាស​ធំៗ​ស្ទើរ​គ្រប់​វិស័យ ដោយសារ​ចំណាយ​ថ្លៃដើម​កាន់តែច្រើន ប្រាក់ចំណេញ​កាន់តែ​តិច ខណៈ​ទំនិញ​សព្វសារពើ​សុទ្ធតែ​មានការ​ឡើងថ្លៃ​ដូចគ្នា​។​

​កាលពី​ចុងខែ​មីនា អន្តរក្រសួង​រួមមាន ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម និង​ក្រសួង​រ៉ែ និង​ថាមពល បានសម្រេច​ចេញប្រកាស​ស្តីពី​ការកំណត់​រូបមន្ត​សម្រាប់​កែសម្រួល​ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា ដើម្បីឱ្យ​ថ្លៃ​ប្រេងឥន្ធនៈ​ឡើង​ចុះ​តាម​តម្លៃ​ប្រេង​នៅលើ​ទីផ្សារ​អន្តរជាតិ ដោយ​ឱ្យ​អនុវត្ត​តែ​ទៅលើ​ការ​លក់រាយ​ប្រេងឥន្ធនៈ​ប៉ុណ្ណោះ​។ ការចេញប្រកាស​អន្តរក្រសួង ដែលមាន​១២​ប្រការ ដោយ​ខ្លឹម​សារសំខាន់​នៃ​ប្រកាស​នេះ គឺ​ការកំណត់​យក​រយៈពេល​ដាក់​តម្លៃ​ប្រេងឥន្ធនៈ​ពី​១៥​ថ្ងៃ មក​ត្រឹម​១០​ថ្ងៃ​វិញ​។ នៅក្នុង​នោះដែរ​នៅ​ប្រការ​៤​នៃ​ប្រកាស​នេះ បាន​បញ្ជាក់ថា នាយកដ្ឋាន​អភិវឌ្ឍ​វិស័យ​ឯន​ជន នៃ​ក្រសួងពាណិជ្ជកម្ម ត្រូវ​គណនា​ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា និង​ចេញថ្លៃ​លក់រាយ​ជូន​ក្រុមហ៊ុន​ប្រេងឥន្ធនៈ​នៅ​រៀងរាល់​ថ្ងៃទី​០១ ទី​១១ និង​ទី​២១ នៃ​ខែ​នីមួយៗ​។​

​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុ​វិជាតិ ធ្លាប់បាន​បញ្ជាក់ថា​៖"​ការអនុវត្ត​តាម​រូបមន្ត​ថ្មី​នេះ នឹង​ចាប់ពី​ដើមខែ​មេសា តទៅ ដោយ​ការកំណត់​រូបមន្ត​ថ្មី​នេះ នឹងធ្វើ​ឱ្យ​តម្លៃ ដែល​បានកំណត់ អាច​ប្រែប្រួល​ទាន់សភាពការណ៍​នៃ​តម្លៃ​ប្រេង​អន្តរជាតិ​"៕​