គ្រាប់ស្វាយចន្ទី គឺជា​ដំណាំ​ដែលមាន​តម្រូវការ​ខ្ពស់​ឥតឈប់ឈរ​ទាំង​ក្នុង និង​ក្រៅប្រទេស​។ បើ​យោងតាម​របាយការណ៍​ពី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ក្នុង​រយៈពេល ៥ ​ខែ​ដំបូង​នៃ​ឆ្នាំ ​២០២១ នេះ​កម្ពុជា​បាន​នាំចេញ​គ្រាប់ស្វាយចន្ទី​ចំនួន ៨០១,៧៣២ តោន​ទៅកាន់​ទីផ្សារ​បរទេស ដូចជា​ប្រទេស​វៀតណាម ថៃ ចិន ឥណ្ឌា ជប៉ុន និង​អារ៉ាប់រួម​។

ដោយ​មើលឃើញ​ពី​ឱកាស​ក៏ដូចជា​តម្រូវ​ការកើនឡើង​ឥតឈប់ឈរ បងស្រី ហ៊ឹម ស៊ីឌឿន អាយុ ២៨ ​ឆ្នាំ ម្ចាស់​ចម្ការ​ស្វាយចន្ទី​ក្នុង​ខេត្តកំពង់ធំ​បាន​ចែករំលែក​បទពិសោធន៍​អំពី​ការគ្រប់គ្រង​អាជីវកម្ម​គ្រាប់ស្វាយចន្ទី​របស់គាត់​។

សូម​បងស្រី​រៀបរាប់​ត្រួសៗ​អំពី​ខ្លួន​បង និង​ពណ៌នា​អំពី​អាជីវកម្មរ​បស់បង​?

ខ្ញុំ​មាន​មហិច្ឆតា​ចង់​ក្លាយជា​សហគ្រិន​ជោគជ័យ​ម្នាក់​លើ​វិស័យ​កសិកម្ម ហើយ​ខ្ញុំ និង​ស្វាមី បាន​ឈានចូល​ក្នុង​វិស័យ​កសិកម្ម​ដំបូង​ដោយ​ប្រកបរបរ​ធ្វើស្រែ​ប្រាំង នៅលើ​ផ្ទៃដី​ត្រឹមតែ​ ១ ​ហិកតា​ប៉ុណ្ណោះ ។

អាជីវកម្ម​របស់ខ្ញុំ ដំណើរការ​បាន​យ៉ាង​ល្អ ហើយ​ពួកយើង​ក៏បាន​ពង្រីក​ដី​រហូតដល់ ១០ ​ហិកតា ប៉ុន្តែ​ដោយសារ​កង្វះ​ទឹក​ប្រើប្រាស់ ធ្វើឱ្យ​យើង​ជួប​ការលំបាក​ខ្លះៗ ហើយក៏​សម្រេចចិត្ត​ផ្អាក​អាជីវកម្ម​ស្រូវប្រាំង​នេះ​មួយរយៈ​។ បន្ទាប់​ពីនេះ​នៅក្នុង​ឆ្នាំ​ ២០១៧ ខ្ញុំ​សង្កេតឃើញ​មាន​តម្រូវការ​គ្រាប់ស្វាយចន្ទី​នៅក្នុង​ខេត្តកំពង់ធំ​មាន​ការ​កើនឡើង ជាហេតុ​ធ្វើឱ្យ​ខ្ញុំ​មាន​ការ​ចាប់អារម្មណ៍ ហើយក៏​សម្រេចចិត្ត​សាកល្បង​ទៅលើ​អាជីវកម្ម​គ្រាប់ស្វាយចន្ទី​នេះ​តែម្តង​។

តើ​កត្តា​ចម្បង​អ្វីខ្លះ​ដែល​បង្វែរ​ការចាប់​អារម្មណ៍​របស់​បង​មកលើ​អាជីវកម្ម​គ្រាប់ស្វាយចន្ទី​?

ជាការ​ពិតណាស់ យើង​បាន​ឈាន​ជើង​ចូលក្នុង​វិស័យ​អាជីវកម្ម​គ្រាប់ស្វាយចន្ទី​ដំបូង​ដោយសារ​សង្កេតឃើញ​ពី​ឱកាស​នៃ​តម្រូវការ​ផ្គត់ផ្គង់​ខ្ពស់​ក្នុង​ទីផ្សារ​ទាំង​ក្នុង​ និង​ក្រៅ​ស្រុក​។ បន្ទាប់ពី​វគ្គ​ចែករំលែក​ពី​សមាគម​ស្វាយចន្ទី​កម្ពុជា យើង​ក៏​ចាប់ផ្តើម​មាន​ចំណាប់អារម្មណ៍ និង​បន្ត​ស្វែងយល់​បន្ថែម​អំពី​អាជីវកម្ម​គ្រាប់ស្វាយចន្ទី​នេះ​។

គ្រាប់ស្វាយចន្ទី​មិន​តម្រូវឱ្យ​យើង យកចិត្ត​ទុកដាក់​ច្រើន​ដូច​រុក្ខជាតិ ឬ​ដំណាំ​ផ្សេង​ទៀតឡើយ វា​ទាមទារ​ឱ្យ​យើង​ធ្វើការ​ថែទាំ​ក្នុងដំណាក់កាល​ដំបូង ដូចជា​ស្រោច​ទឹក និង​ដាក់​ជី​ឱ្យបាន​ទៀងទាត់​។ បន្ទាប់ពី​ដើម​ធំ​ល្មម យើង​ត្រូវ​ថែទាំ ក៏ដូចជា​យកចិត្ត​ទុកដាក់​លើ​ ៣ ​ដំណាក់កាល​ប៉ុណ្ណោះ​ក្នុង​មួយ​រដូវកាល​នៃ​ការដាំដុះ​របស់​វា​។

ប៉ុន្មាន​ឆ្នាំក្រោយ​មកនេះ គ្រាប់ស្វាយចន្ទី​របស់ខ្ញុំ​បានផ្តល់​ទិន្នផល​ពី ៤ ​តោន រហូតដល់ ២០ ​តោន​នៅលើ​ផ្ទៃដី​ដាំដុះ​ប្រមាណ​ជា​ ១០​ ហិកតា ដែល​ក្នុងនោះ​គ្រាប់ស្វាយចន្ទី​ជា​មធ្យម​ទទួលបាន ៥​ ពាន់​រៀល​ក្នុង​មួយ​គីឡូក្រាម អាស្រ័យ​ទៅតាម​រដូវកាល​នៃ​ការបញ្ជាទិញ​។

ដោយសារ​តែមាន​តម្រូវការ​ខ្ពស់​ក្នុង​ទីផ្សារ ដូចនេះ​គ្រាប់ស្វាយចន្ទី​ដែល​ខ្ញុំ​ប្រមូល​ផល​បាន​នឹងមាន​ឈ្មួញ​ចុះមក​ទិញ​ដោយផ្ទាល់ ភាគច្រើន​មកពី​រោងចក្រ​ធំៗ​សម្រាប់ធ្វើ​ការផ្គត់ផ្គង់​នៅក្នុង​ទីផ្សារ​ក្នុងស្រុក និង​ក្រៅប្រទេស​។ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នៃ​ការដាំដុះ​ស្វាយចន្ទី​នេះ យើង​បាន​ពង្រីក​ផ្ទៃដី​ដាំដុះ​រហូតដល់​ ២០ ​ហិកតា​។

តើ​បញ្ហា​ប្រឈម​អ្វីខ្លះ​ដែល​បង​តែងតែ​ជួបប្រទះ​?

សត្វល្អិត និង​ដង្កូវ​គឺជា​បញ្ហា​ចម្បង​ដែល​យើង​តែងតែ​ជួបប្រទះ ហើយ​យើង​ជឿថា​បញ្ហា​នេះ​ក៏​ជា​កង្វល់​សម្រាប់​កសិករ​មួយចំនួន​ផងដែរ​។ ដើម្បី​ដោះស្រាយ​លើ​បញ្ហា​នេះ យើង​ត្រូវ​ដឹង​អំពី​ដំណើរការ​នៃ​ការដាំដុះ និង​យល់ច្បាស់​អំពី​ដំណាំ ក៏ដូចជា​ការដាក់​ជី និង​ថ្នាំ​សម្លាប់សត្វ​ល្អិត​ជាដើម​។ ឧទាហរណ៍៖ ខ្ញុំ​តែងតែ​ធ្វើការ​ពិសោធ​ជាមួយ​ជី​ដែលមាន​ប្រភេទ​ផ្សេងៗ​គ្នា ថា​តើ​ជី​ប្រភេទ​ណា​ដែល​អាច​ផ្តល់​ទិន្នផល​កាន់តែ​ប្រសើរ​ដល់​ដំណាំ​របស់ខ្ញុំ​។

បន្ទាប់ពីនោះ​យើង​ក៏មាន​ការចំណាយ​ផ្សេងៗ​ទៀត​ជាច្រើន​លើ​ជី​លាមក​សត្វ និង​ថ្នាំ​សម្លាប់សត្វ​ល្អិត​ជា​ទៀងទាត់​ពេញ​មួយ​រដូវកាល​នៃ​ការលូតលាស់​ផងដែរ​។ លំហូរ​សាច់ប្រាក់ គឺជា​កង្វល់​មួយ​ក្នុង​ដំណើរការ​នេះ ហើយ​យើង​ក៏​ទទួល​ការគាំទ្រ​ពី​គ្រួសារ ហើយ​បន្ថែម​ពីនេះ​យើង​ក៏​ទទួល​បាន​ដើមទុន​ដែល​អាច​បត់បែន​បាន ដែល​ផ្តល់​ដោយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អម្រឹត សម្រាប់​តម្រូវ​ការពង្រីក​អាជីវកម្ម​របស់​យើង​។ ​បើ​គ្មាន​ការគាំទ្រ​ដែល​អាច​ទុកចិត្តបាន និង​ការគ្រប់គ្រង​លំហូរ​សាច់ប្រាក់​ប្រកប​ដោយ​ប្រសិទ្ធភាព​ទេនោះ​វា​ពិតជា​ពិបាក​ក្នុងការ​រក្សា​អាជីវកម្ម​មួយ​ឱ្យ​ដំណើរការ​ទៅមុខ​បាន​។

ក្នុងនាម​ជា​សហគ្រិន​ស្ត្រី តើ​បង​មាន​យោបល់​អ្វីខ្លះ​ដល់​ស្ត្រី​ដែល​ចង់​ពង្រីក​អាជីវកម្ម​?

ការប្រកប​អាជីវកម្ម​មួយ​ទាមទារ​ឱ្យមាន​ការខិតខំ​ប្រឹងប្រែង និង​ការប្តេជ្ញាចិត្ត​ខ្ពស់​។ កុំ​ខ្លាច​ក្នុង​ការហត់នឿយ ហើយ​ដើរ​ចេញពី​តំបន់​ស្រណុក​របស់​អ្នក ដើម្បី​ស្វែងយល់​បន្ថែម​ពី​វិស័យ​កសិកម្ម​។

តម្រូវការ និង​ទិន្នផល​អាចមាន​ការប្រែប្រួល​ជា​រៀងរាល់​ឆ្នាំ ក៏ប៉ុន្តែ​ភាពជោគជ័យ​នៃ​អាជីវកម្ម​មិនមែន​កើតឡើង​ត្រឹម​តែមួយ​យប់​នោះទេ​។ ចូរ​កុំ​បោះបង់​ក្តីសង្ឃឹម ការប្រឹងប្រែង និង​ការអត់ធ្មត់​ដែល​ធ្វើ​ឡើង​ជា​រៀងរាល់ថ្ងៃ​អាច​នាំ​អ្នក​ទៅកាន់​អនាគត​ប្រកប​ដោយ​ផ្លែផ្កា​៕