ភ្នំពេញៈ ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា និង​វៀតណាម​នៅក្នុង​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២២ មាន​ទឹកប្រាក់​ជាង ១,៧ ​ពាន់​លាន​ដុល្លារ កើន​ជាង ១៣ ​ភាគរយ​បើ​ធៀប​នឹង​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២១ ក្នុងនោះ​ការនាំ​ទំនិញ​ពី​វៀតណាម​កើនឡើង​ជាង ២២ ​ភាគរយ​។ នេះ​បើ​យោងតាម​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។

ទិន្នន័យ​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បង្ហាញថា ចាប់ពី​ខែមករា​-​ខែមីនា ឆ្នាំ ​២០២២ ការផ្លាស់ប្តូរ​ទំនិញ​រវាង​កម្ពុជា និង​វៀតណាម មានទឹក​ប្រាក់​សរុប ១ ៧២២,០៥ ​លាន​ដុល្លារ កើនឡើង ១៣,៦ ​ភាគរយ​ពី​ចំនួន ១ ៥១៥,៣ ​លាន​ដុល្លារ ក្នុងនោះ​ការនាំ​ទំនិញ​ពី​កម្ពុជា មាន​ចំនួន ៧៥៨,៨១ ​លាន​ដុល្លារ កើន ៣,៩ ​ភាគរយ និង​ការ​នាំចូល​ទំនិញ​ពី​វៀតណាម មាន​ចំនួន ៩៦៣,២៣ ​លាន​ដុល្លារ កើនឡើង ២២,៧ ​ភាគរយ​។

យោងតាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា វៀតណាម គឺជា​ប្រទេស​មាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​ធំ​ទី​ ៣ ជាមួយ​កម្ពុជា តាម​ពីក្រោយ​ប្រទេស​ចិន ដែលមាន​ទឹកប្រាក់​ជាង ២,៨​ ពាន់​លាន​ដុល្លារ និង​អាមេរិក​ជាង ២,២២ ​ពាន់​លាន​ដុល្លារ​។

អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​ប្រាប់​ភ្នំពេញ​-​ប៉ុស្តិ៍​ថា ទំហំ​ទឹកប្រាក់​ការធ្វើ​ពាណិជ្ជកម្ម​កម្ពុជា​ជាមួយ​វៀតណាម​បាន​កើនឡើង​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ដែល​កំណើន​នេះ​បញ្ជាក់​ពី​ភាពល្អប្រសើរ​នៃ​ទំនាក់ទំនង​រវាង​រដ្ឋាភិបាល និង​ប្រជាជន​នៃ​ប្រទេស​ទាំង ២​។ លោក​បន្តថា សម្រាប់​កំណើន​ការនាំចេញ​ទំនិញ​កម្ពុជា​ទៅ​វៀតណាម គឺ​ភាគច្រើន​មកពី​ការនាំចេញ​កសិផល​ដូចជា ស្រូវ កៅស៊ូ ល្ង ពោត សណ្តែក និង​ស្វាយចន្ទី ជាដើម​។ វៀតណាម គឺជា​ទីផ្សារ​សំខាន់​របស់​កម្ពុជា ខណៈ​កន្លងមក​ប្រទេស​ទាំង ២ ធ្លាប់​សន្យា​នឹង​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​ឱ្យ​កើន​លើសពី ១០ ​ពាន់​លាន​ដុល្លារ​។

លោក​និយាយថា​៖ «​កសិផល នឹង​ក្លាយជា​ទំនិញ​ដ៏សំខាន់​របស់​កម្ពុជា​ក្នុងការ​បង្កើន​ឧត្តមភាព​ការនាំ​ចេញទៅ​វៀតណាម​។ បច្ចុប្បន្ន​វៀតណាម​ក៏​ជាទី​តាំង​នៃ​ការនាំចេញ​ទំនិញ​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​ផងដែរ​»​។

កសិផល គឺជា​ទំនិញ​ចម្បង​គេ​ដែល​កម្ពុជា​នាំ​ចេញ​ទៅ​វៀតណាម ចំណែក​ផលិតផល​វៀតណាម នាំមក​កម្ពុជា មានដូចជា ដែក សម្ភារ​សំណង់ ប្រេង បន្លែ ផ្លែឈើ ជី និង​គ្រឿងយន្ត​កសិកម្ម ជាដើម​។

កន្លងមក​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា និង​វៀតណាម​ធ្លាប់បាន​សន្យា​នឹង​ខិតខំ​ជំរុញ​ការធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង ២ ឱ្យ​កើន​លើសពី ១០ ​ពាន់​លាន​ដុល្លារ​។

ក្នុងជំនួប​ជាមួយ​លោក Le Quoc Doanh អនុរដ្ឋមន្ត្រី​ក្រសួង​កសិកម្ម និង​អភិវឌ្ឍន៍ជនបទ វៀតណាម កាលពី​ចុងខែ​ធ្នូ ឆ្នាំ​ ២០២១ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក វេង សាខុន បាន​លើកឡើងថា បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ឯកជន​វៀតណាម​ជាច្រើន​កំពុង​បោះទុន​វិនិយោគ​លើ​ការដាំដុះ កែច្នៃ និង​វេច​ខ្ចប់​ផលិតផល​កសិកម្ម​នៅ​កម្ពុជា ដើម្បី​នាំចេញ​ទៅ​វៀតណាម និង​ប្រទេស​ជាច្រើន​ទៀត​លើ​ពិភពលោក​។ ផលិតផល​ទាំងនោះ​មានដូចជា ស្រូវ ដំឡូង​មីស្រស់ ​និង​ក្រៀម ពោត គ្រាប់ស្វាយចន្ទី ផ្លែស្វាយ ផ្លែ​ចេក និង​កៅស៊ូ​ជាដើម​។

ក្នុង​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២២ ​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​កម្ពុជា មាន​ទឹកប្រាក់​សរុប ១៣ ១៦២,៧៤ ​លាន​ដុល្លារ កើនឡើង ៩,១ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១ ដែលមាន​ទឹកប្រាក់ ១២ ០៦៣,៧៣ ​លាន​ដុល្លារ​។ ក្នុងនោះ​កម្ពុជា​នាំចេញ​ក្នុង​ទឹកប្រាក់ ៥ ៧១៦,៨២​ លាន​ដុល្លារ កើន ២៥,៧​ ភាគរយ និង​ការ​នាំចូល​មាន​ទឹកប្រាក់ ៧ ៤៤៥,៩២ ​លាន​ដុល្លារ ធ្លាក់ចុះ -០,៩​ ភាគរយ​។

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC) បង្ហាញថា គិត​ត្រឹម​ចុង​ឆមាស​ទី​ ១ ឆ្នាំ​ ២០២១ ការវិនិយោគ​ផ្ទាល់​ពី​បរទេស​នៅ​កម្ពុជា​មាន​ទឹកប្រាក់​សរុប ៣៩ ​ពាន់​លាន​ដុល្លារ ក្នុងនោះ​ការវិនិយោគ​របស់​វិនិយោគិន​វៀតណាម មាន​ទឹកប្រាក់ ២,៥​ ពាន់​លាន​ដុល្លារ ស្មើ ៦,៣ ​ភាគ ខណៈ​ប្រទេស​ចិន បាន​នាំមុខគេ​ជាមួយនឹង​ទំហំ​ទឹកប្រាក់ ១៧,៣ ​ពាន់​លាន​ដុល្លារ និង​ប្រទេស​កូរ៉េ ចំនួន ៤,១ ​ពាន់​លាន​ដុល្លារ​៕ LA