ភ្នំពេញៈ ក្រសួង​ទេសចរណ៍​កំពុង​រៀបចំ​សេចក្ដីព្រាង​ក្រមសីលធម៌ និង​ក្រម​ប្រតិបត្តិ​វិជ្ជាជីវៈ​សម្រាប់​សាលា​វិជ្ជាជីវៈ​ទេសចរណ៍​ទាំង​រដ្ឋ និង​ឯកជន ដើម្បី​ជំរុញ​ការអប់រំ​បណ្តុះបណ្តាល​ផ្នែក​វិស័យ​ទេសចរណ៍​ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​ខ្ពស់ជាង​មុន​។

កិច្ចប្រជុំ​ពិភាក្សា​ស្ដីពី​បច្ចុប្បន្នភាព​ការងារ និង​ទិសដៅ​អនុវត្ត​បន្ត​របស់​អនុក្រុម​ការងារ​ទី​ ៣ នៃ​ក្រុមការងារ​រាជរដ្ឋាភិបាល និង​ឯកជន ដើម្បី​ស្ដារ និង​លើកស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា​ក្នុង និង​ក្រោយ​វិបត្តិ​ជំងឺ​កូវីដ-១៩ កាលពី​ថ្ងៃទី​ ២០ ខែមេសា ឆ្នាំ​ ២០២២​។ លោក ជា បូរ៉ា រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍ និង​ជា​ប្រធាន​អនុ​ក្រុមការងារ​ទី​ ៣ នៃ​ក្រុមការងារ​រាជរដ្ឋាភិបាល និង​ឯកជន ដើម្បី​ស្ដារ និង​លើកស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា​ក្នុង និង​ក្រោយ​វិបត្តិ​ជំងឺ​កូវីដ​ ១៩ បាន​និយាយថា កិច្ចប្រជុំ​បាន​ពិនិត្យ​សម្រេច និង​គាំទ្រ​លើ ​«​សេចក្ដី​ព្រាង​ក្រមសីលធម៌ និង​ក្រម​ប្រតិបត្តិ​វិជ្ជាជីវៈ​សម្រាប់​សាលាវិជ្ជាជីវៈ​ទេសចរណ៍​» ដែល​នឹង​ត្រូវដាក់​ឆ្លង​លោក​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ និង​ឯកជន ដើម្បី​ស្ដារ និង​លើកស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា​ក្នុង និង​ក្រោយ​វិបត្តិ​ជំងឺ​កូវីដ​ ១៩ ពិនិត្យ និង​សម្រេច​។

លោក​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ក្រមសីលធម៌ និង​ក្រម​ប្រតិបត្តិ​វិជ្ជាជីវៈ​នេះ​នឹង​ផ្តល់​ជា​ជំនួយស្មារតី​បន្ថែម​ទៅដល់​សាលា​ដែល​បណ្តុះបណ្តាល​ផ្នែក​ទេសចរណ៍​ទាំងអស់ ដើម្បី​ធ្វើឱ្យ​ការបណ្តុះបណ្តាល​លើ​វិស័យ​ទេសចរណ៍​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ថែមទៀត ខណៈ​សាលា​ទាំងអស់នោះ​ភាគច្រើន មាន​ក្រម ឬ​បទបញ្ជាផ្ទៃក្នុង​របស់ខ្លួន​រួចហើយ​។

លោក​បញ្ជាក់ថា​៖ «​សេចក្តី​ព្រាង​នេះ​ជិត​បញ្ចប់​ហើយ​នៅតែ​ឆ្លង​ថ្នាក់ដឹកនាំ​ពិនិត្យ និង​សម្រេច​តែប៉ុណ្ណោះ​។ នៅ​ខែឧសភា​ខាងមុខ​នឹងមាន​កិច្ចប្រជុំ​ម្តងទៀត​ ដើម្បី​សម្រេច ដូច្នេះ​សេចក្តីព្រាង​នេះ​អាច​នឹង​រួចរាល់​ក្នុងអំឡុង​ពាក់កណ្តាល​ឆ្នាំនេះ​»​។

លោក ហូ វណ្ឌី ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បាន​ប្រាប់ថា ក្រម​សីលធម៌ និង​ក្រម​ប្រតិបត្តិ​វិជ្ជាជីវៈ​ពិតជា​ចាំបាច់​សម្រាប់​ពង្រឹង​បន្ថែម​ដល់​សាលា​បណ្តុះបណ្តាល​ជំនាញ​ទេសចរណ៍ ដើម្បី​ជំរុញ​ឱ្យ​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​ប្រកប​ដោយ​គុណភាព​ពិតប្រាកដ​។ លោក​បាន​បន្ថែមថា ក្នុង​បរិបទ​កូវីដ​ ១៩ ទាំង​អ្នកបណ្តុះបណ្តាល និង​និស្សិត​ផ្នែក​ទេសចរណ៍​ស្ទើរតែ​បោះបង់​អាជីព ឬ​ជំនាញ​នេះ​ទៅហើយ ប៉ុន្តែ​ក្រោយ​ស្ថានភាព​ការ​រាតត្បាត​បាន​ធូរស្រាល និង​មានការ​យកចិត្ត​ទុកដាក់​ពី​រដ្ឋាភិបាល​ក្នុង​ការស្តារ​វិស័យនេះ​ឱ្យបាន ជំរុញ និង​លើកទឹកចិត្ត​ដល់​អ្នកជំនាញ អ្នក​បណ្តុះបណ្តាល និង​និស្សិត​ឱ្យ​ងាក​មក​ចាប់អារម្មណ៍​វិស័យនេះ​ឡើងវិញ​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​យល់ថា ក្រម​នេះ​មាន​ភាពចាំបាច់​ព្រោះ​អំឡុងពេល​ជាង ​២ ​ឆ្នាំនេះ​ធនធាន​ក្នុង​វិស័យ​ទេសចរណ៍​បាន​បាត់បង់​ច្រើន​ដែរ ដោយ​អ្នកខ្លះ​បាន​ងាក​ទៅ​ប្រកប​កិច្ចការងារ​ផ្សេង​ពី​វិស័យនេះ ​ជាពិសេស​ប្រតិបត្តិករ​ទេសចរណ៍​កំពុងមាន​ការខ្វះខាត​ធនធានមនុស្ស​»​។

បើតាម​លោក ជា បូរ៉ា បន្ទាប់ពី​ការរៀបចំ​សេចក្តីព្រាង​ក្រមសីលធម៌ និង​ក្រម​ប្រតិបត្តិ​វិជ្ជាជីវៈ​សម្រាប់​សាលា​វិជ្ជាជីវៈ​ទេសចរណ៍​នេះ​រួចរាល់ ក្រសួងទេសចរណ៍​គ្រោង​នឹង​អញ្ជើញ​គ្រប់​ស្ថាប័ន​បណ្តុះបណ្តាល​វិជ្ជាជីវៈ​រដ្ឋ និង​ឯកជន ដើម្បី​ផ្សព្វផ្សាយ​ឱ្យ​ស្ថាប័ន​ទាំងនេះ​បាន​ជ្រួតជ្រាប បន្ទាប់មក​ទើប​ដាក់ឱ្យអនុវត្ត​ជា​ផ្លូវការ​៕ LA