ភ្នំពេញៈ សមាគមសហគ្រិនស្ត្រីកម្ពុជាបានស្នើក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ផ្តល់ដំណោះស្រាយចំពោះបញ្ហាកង្វះធនធានមនុស្ស ការលំបាកក្នុងការទទួលបានឥណទាន និងផលប៉ះពាល់ពីជំងឺរាតត្បាតកូវីដ ១៩ ចំពោះសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។
លោកស្រី កែវ មុំ ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជាបានប្រាប់ភ្នំពេញ-ប៉ុស្តិ៍ថា កិច្ចប្រជុំត្រីមាសទី១ រវាងសមាគមសហគ្រិនស្ត្រីកម្ពុជាជាមួយក្រសួងឧស្សាហកម្ម កាលថ្ងៃទី ១៩ ខែ មេសា គឺដើម្បីស្វែងរកដំណោះស្រាយជាក់ស្តែងលើបញ្ហាចំនួន ៣ ដែលមានចែងនៅក្នុងសៀវភៅស ទី២ និងទី៣ របស់សមាគម។ លោកស្រីបន្ថែមថា បញ្ហាសំខាន់ៗទាំង ៣ ដែលសមាជិកសមាគមសហគ្រិនស្ត្រីកម្ពុជាកំពុងជួបប្រទះ រួមមាន ទី១ បុគ្គលិកខ្វះជំនាញ និងប្រាក់ឈ្នួលខ្ពស់, ទី២ ការលំបាកក្នុងការទទួលកម្ចីពីធនាគារ និងទី៣ ផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ ១៩ លើអាជីវកម្មនៅតែបន្តកើតមាន។
លោកស្រីបន្ថែមថា ឧបសគ្គចម្បងរបស់សហគ្រិនស្ត្រីក្នុងរយៈពេលជាង ២ ឆ្នាំមកនេះ គឺមានច្រើនជាងបុរស ដោយសាលារៀនត្រូវបានបិទហើយកូនៗត្រូវសិក្សាតាមអនឡាញ ដែលទាមទារឱ្យស្ត្រីត្រូវចំណាយពេលច្រើនលើការងារក្នុងផ្ទះ និងត្រូវចំណាយលើការអភិវឌ្ឍអាជីវកម្ម ដើម្បីទប់ទល់នឹងវិបត្តិកូវីដ ១៩។
ទោះយ៉ាងណាលោកស្រីអះអាងថា រាល់បញ្ហាដែលលើកឡើងក្នុងជំនួបនោះ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មបានផ្តល់ជាដំណោះស្រាយមួយចំនួន។
លោកស្រីបាននិយាយថា៖ «ក្រសួងឧស្សាហកម្មនឹងជួយរៀបចំវគ្គបណ្តុះបណ្តាលដល់អ្នកផលិតក្នុងការរៀបចំស្តង់ដា ដោយធ្វើយ៉ាងណាកាត់បន្ថយការខ្ជះខ្ជាយ ដោយបានជ្រើសក្រុមហ៊ុនគំរូចំនួន ៥ ក្រុមហ៊ុនសិន ដើម្បីចុះទៅបណ្តុះបណ្តាលដោយផ្ទាល់ ដើម្បីជួយដល់រោងចក្រឧស្សាហកម្មរបស់សហគ្រិនស្ត្រីកម្ពុជា»។
ចំពោះបញ្ហាដែលប្រធានសមាគមសហគ្រិនស្ត្រីលើកឡើងលោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានប្រាប់ថា សមាគមត្រូវពង្រឹងការអភិវឌ្ឍអាជីវកម្មតាមបទដ្ឋានបច្ចេកទេស និងមានការសន្សំសំចៃថាមពល ដោយអនុវត្តឧស្សាហកម្មបៃតង ជាពិសេស ការបណ្តុះបណ្តាលពង្រឹងសមត្ថភាពដល់បុគ្គលិក និងនិយោជិតឱ្យមានចំណេះជំនាញស្របនឹងមុខសញ្ញាការងាររបស់ខ្លួន។
លោករដ្ឋមន្ត្រីបានបន្តថា កន្លងមកក្រសួងបានទទួលជំនួយបច្ចេកទេសពីស្ថានទូតអូស្ត្រាលី តាមរយៈអង្គការ CAVAC សម្រាប់ការរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការលើកកម្ពស់សមត្ថភាពសហគ្រិនជាស្ត្រីតាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល សម្រាប់អាជីវកម្មទាំង ២៥ រាជធានីខេត្ត។ ជាមួយគ្នានេះក៏មានបើកវគ្គបណ្តុះបណ្តាលបច្ចេកទេស ដើម្បីជួយស្តារ និងលើកស្ទួយអាជីវកម្មឡើងវិញទៅតាមរបត់ថ្មីនៃការរីករាលដាលជំងឺកូវីដ ១៩ ជាច្រើនផងដែរ។ លោកបន្តថា ចំពោះវគ្គបណ្តុះបណ្តាលនានាត្រូវខិតខំបន្តទៀតទាំងតាមប្រព័ន្ធអនឡាញ និងការចុះដល់រោងចក្រដោយផ្ទាល់។
ទាក់ទងការលំបាកទទួលបានប្រាក់កម្ចីពីធនាគារ លោក ចម ប្រសិទ្ធ បានលើកឡើងថា៖ «រាជរដ្ឋាភិបាល និងក្រសួង-ស្ថាប័នពាក់ព័ន្ធបង្កើតឱ្យមានធនាគារ SME ធនាគារអភិវឌ្ឍជនបទ ជាដើម ដែលស្ថាប័នទាំង ២ នឹងផ្តល់ឥណទានដែលមានការប្រាក់ទាប និងលក្ខខណ្ឌសមស្របមួយចំនួន ដើម្បីសហគ្រិនអាចទទួលបានប្រាក់កម្ចីយកទៅអភិវឌ្ឍអាជីវកម្មរបស់ខ្លួន»។
សមាគមសហគ្រិនស្ត្រីកម្ពុជា និងក្រសួងឧស្សាហកម្មគ្រោងនឹងរៀបចំពិធីសម្ពោធសៀវភៅស ក្បាលទី ២ និងទី ៣ ដែលជាសៀវភៅលើកឡើងអំពីបញ្ហា និងឧបសគ្គ និងដំណោះស្រាយ ក៏ដូចជាស្នាដៃក្នុងការកសាងអាជីវកម្មរបស់ស្ត្រីនៅកម្ពុជា ដែលចងក្រងដោយសមាគមនៅថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០២២ ខាងមុខ៕LA