ទីក្រុងប៉ារីសៈ ទិន្នន័យ​ឧស្សាហកម្ម​បានបង្ហាញ​កាលពី​ថ្ងៃ​ពុធ​ថា ការលក់​រថយន្ត​នៅ​អឺរ៉ុប​បាន​ធ្លាក់ចុះ​ក្នុង​ខែមីនា ខណៈ​ការលុកលុយ​របស់​រុស្ស៊ី​នៅ​ប្រទេស​អ៊ុយក្រែន​បាន​បន្ថែម​បញ្ហា​បន្ថែមទៀត​ដល់​វិស័យ​ដែល​កំពុង​តស៊ូ​ជាមួយនឹង​ការខ្វះខាត​ឧបករណ៍​អេឡិចត្រូនិក​ពាក់កណ្តាល​ចម្លង (semiconductors)​។

ការចុះបញ្ជី​រថយន្ត​ដឹក​អ្នកដំណើរ​បាន​ធ្លាក់ចុះ​ ២០,៥​ ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ដែលមាន​ចំនួន ៨៤ ៤១៨៧ ​គ្រឿង​ត្រូវបាន​លក់​។ នេះ​បើ​យោងតាម​សមាគម​ក្រុមហ៊ុន​ផលិត​រថយន្ត​អឺរ៉ុប (ACEA)​។

ដោយ​មិន​រាប់បញ្ចូល​ឆ្នាំ ២០២០ ​នៅពេលដែល​ការរីករាលដាល​វីរុស​កូរ៉ូណា បានធ្វើឱ្យ​សេដ្ឋកិច្ច​ពិភពលោក​រាំង​ស្ទះ វា​គឺជា​ដំណើរការ​ដ៏អាក្រក់​បំផុត​សម្រាប់​ ១​ ខែ​នៃ​ខែមីនា​ចាប់តាំងពី​ស្ថិតិ​បានចាប់ផ្តើម​ក្នុង​ឆ្នាំ​ ១៩៩០ ​មក​នោះ​។

ការផលិត​រថយន្ត​ត្រូវបាន​រារាំង​នៅ​ទូទាំង​ពិភពលោក​ចាប់តាំងពី​ឆ្នាំមុន​ដោយ​កង្វះខាត​យ៉ាងធ្ងន់ធ្ងរ​នៃ​ឧបករណ៍​អេឡិចត្រូនិក​ពាក់កណ្តាល​ចម្លង ដែលជា​សមាសធាតុ​សំខាន់​សម្រាប់​រថយន្ត​ទំនើប ខណៈដែល​ពួកគេ​ផ្តល់​ថាមពល​គ្រប់យ៉ាង​ចាប់ពី​ប្រព័ន្ធ​ចាប់ហ្វ្រាំង​រហូតដល់​ពោង​សុវត្ថិភាព និង​ដល់​បច្ចេកវិទ្យា​ជំនួយ​ដល់​ការចត​រថយន្ត​។

សង្គ្រាម​បាន​នាំឱ្យ​មានការ​ខ្វះខាត​ផ្នែក​ផ្សេងទៀត ដូចជា​ខ្សែ​ដែល​ប្រើ​ក្នុង​ខ្សែភ្លើង​ក្នុង​រថយន្ត ដែល​អ៊ុយក្រែន​ជា​អ្នក​ផលិត​។

រោងចក្រ​ជាច្រើន​នៅ​អឺរ៉ុប​ត្រូវ​ឈប់​ដំណើរការ​ដោយសារ​កង្វះ​ខ្សែ ដោយ​ក្រុមហ៊ុន Volkswagen បាន​ផ្អាក​ការផលិត​ជា​បណ្ដោះអាសន្ន​នៅ​ទីតាំង​មួយចំនួន​នៅ​ប្រទេស​អាល្លឺម៉ង់​។

ក្រុមហ៊ុន​ផលិត​រថយន្ត​កំពូល​របស់​អឺរ៉ុប​បានឃើញ​ការលក់​ធ្លាក់ចុះ​ជិត​ ១ ភាគ​ ៤ ​នៅក្នុង​ខែមីនា​។ នេះ​បើ​យោងតាម​តួលេខ​របស់ ACEA​។

ACEA បាន​និយាយថា​៖ «​ការរំខាន​ដល់​ខ្សែចង្វាក់​ផ្គត់ផ្គង់​ដែល​កំពុង​បន្ត​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​ដោយ​ការឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន ប៉ះពាល់​អវិជ្ជមាន​ដល់​ការផលិត​រថយន្ត​»​។

សមាគម​បាន​និយាយថា​ប្រទេស​ភាគច្រើន​នៅ​អឺរ៉ុប​មាន ការធ្លាក់ចុះ​នៃ​ការលក់​រថយន្ត​ចំនួន​ ២ ​ខ្ទង់​ក្នុង​ខែមីនា​ជាមួយ​នឹង​ការធ្លាក់ចុះ​ចំនួន ១៧,៥ ភាគរយ​នៅក្នុង​ប្រទេស​អាល្លឺម៉ង់ ដែលជា​ទីផ្សារ​ដ៏ធំ​បំផុត​។

មានការ​ធ្លាក់​ធំ​ជាង​នេះ​ប្រហែល​ជិត​ ២០ ​ភាគរយ​នៅក្នុង​ប្រទេស​បារាំង ប្រហែល​ ៣០ ​ភាគរយ​នៅក្នុង​ប្រទេស​អ៊ីតាលី និង​ជិត ៤០ ​ភាគរយ​នៅ​អេស្ប៉ាញ​។ ក្រៅ​អឺរ៉ុប ការលក់​ធ្លាក់​ ១៤,៣ ​ភាគរយ​នៅ​អង់គ្លេស​៕ RR