ទីក្រុងឡុងដ៍ៈ ក្រុមហ៊ុន Liberty Steel USA ដែលជា​ផ្នែក​មួយ​របស់ GFG Alliance ​ជា​ក្រុមហ៊ុន​ផលិត​ដែកថែប​ឥណ្ឌា និង​អង់គ្លេស​ដែលមាន​បញ្ហា​ផ្នែក​ហិរញ្ញវត្ថុ បានឱ្យដឹងថា ខ្លួន​បានទទួល​មូលនិធិ​ថ្មី​ដែលជា​ផ្នែក​នៃ​ការរៀបចំ​រចនាសម្ព័ន្ធ​របស់​ក្រុមហ៊ុនមេ​។

ក្រុមហ៊ុន GFG បានឱ្យដឹង​នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ថា ក្រុមហ៊ុន​មូលនិធិ​ឯកជន Eclipse Business Capital បាន​យល់ព្រម​ចាក់​បញ្ចូល​ទឹកប្រាក់​ចំនួន​ ១២៥ ​លាន​ដុល្លារ (១១៦ ​លាន​អឺរ៉ូ​)​ ទៅក្នុង​ក្រុមហ៊ុន​អាមេរិក​។

ក្រុមហ៊ុន GFG Alliance របស់លោក Sanjeev Gupta ជា​មហាសេដ្ឋី​ចក្រភព​អង់គ្លេស​ដើមកំណើត​ឥណ្ឌា និង​ក្រុមហ៊ុន Liberty Steel របស់​ចក្រភព​អង់គ្លេស​កំពុងធ្វើការ​កែលម្អ​យ៉ាងខ្លាំង​ បន្ទាប់ពី​ការ​ក្ស័យធន​របស់ ​Greensill ជា​ក្រុមហ៊ុន​ផ្តល់ប្រាក់​កម្ចី​ដ៏សំខាន់​របស់ខ្លួន​កាលពី​ឆ្នាំមុន​។

លោក Jeffrey Stein ប្រធាន​ផ្នែក​រៀបចំ​រចនាសម្ព័ន្ធ​របស់​ក្រុមហ៊ុន Liberty Steel Group បាន​ថ្លែងថា​៖ «​ការផ្តល់​ហិរញ្ញប្បទាន​ឡើងវិញ​នៃ​អាជីវកម្ម​ក្រុមហ៊ុន​ Liberty Steel USA របស់​យើង​គឺជា​ការបញ្ជាក់​បន្ថែម​អំពី​ការកើនឡើង​ទំនុកចិត្ត​លើ​ផែនការ​រៀបចំ​រចនាសម្ព័ន្ធ​ឡើងវិញ​របស់​យើង យុទ្ធសាស្ត្រ​ផ្លាស់ប្តូរ​របស់​យើង និង​គុណភាព​ប្រតិបត្តិការ​នៅ​អាមេរិក​របស់​យើង​»​។

លោក​លើកឡើងថា​៖ «​ភាពរឹងមាំ​នៃ​មូលដ្ឋាន​ទ្រព្យសកម្ម​អន្តរជាតិ​របស់​យើង កំពុង​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​របស់​យើង​ក្នុងការ​ធ្វើឱ្យមាន​ស្ថិរភាព ការផ្តោត​ការយកចិត្ត​ទុកដាក់ និង​ការផ្ដល់​ហិរញ្ញប្បទាន​ជាថ្មី​ដល់​ប្រតិបត្តិការ​របស់​យើង ដែល​កំពុង​ទទួលបាន​សម្ទុះ​»​។

តម្លៃ​ដែកថែប​ដែល​បាន​កើនឡើង​ខ្លាំង​ក្រោយ​កើតសង្គ្រាម​បាន​ជួយ​ដល់​អាជីវកម្ម​ដែក​របស់​លោក​ Gupta ដើម្បី​ប៉ះប៉ូវ​ផលប៉ះពាល់ ដោយសារ​ការ​កើន​ឡើង​តម្លៃ​ថាមពល​នៅ​ឆ្នាំនេះ​។

លោក Gupta ធ្លាប់​ត្រូវបាន​គេ​មើលឃើញថា ជា​អ្នក​ជួយ​សង្គ្រោះ​ការផលិត​ដែក​របស់​ចក្រភព​អង់គ្លេស​៕ LA