ភ្នំពេញ​: រាជរដ្ឋាភិបាល​កម្ពុជា​បានប្រកាស​ដាក់ឱ្យអនុវត្ត​​នូវ​ការប្រើប្រាស់​ប្រព័ន្ធ​វាយតម្លៃ​ហានិភ័យ​អ្នកដំណើរ​តាមផ្លូវ​អាកាស (Global Travel Assessment System - GTAS) នៅ​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០២២ ដោយ​រំពឹងថា វា​នឹង​បង្កើន​ប្រសិទ្ធភាព​ការងារ​របស់​គយ​និង​រដ្ឋាករ​កម្ពុជា និង​ទប់ស្កាត់​បទល្មើស​ឆ្លងដែន​។​

​លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ថ្លែង​ក្នុង​ពិធី​ប្រកាស​ដាក់​អនុវត្ត​ជា​ផ្លូវការ​នោះ​ថា ប្រព័ន្ធ​វាយតម្លៃ​ហានិភ័យ អ្នកដំណើរ​តាមផ្លូវ​អាកាស (Global Travel Assessment System - GTAS) ដែលជា​ជំនួយ​ហិរញ្ញប្បទាន សហប្រតិបត្តិការ​នៃ​ឧបករណ៍​បច្ចេកវិទ្យា​ព័ត៌មាន របស់​អង្គការ​គយ​ពិភពលោក (World Customs Organization - WCO) ដើម្បី​ប្រើប្រាស់​ក្នុង​ការទទួល​ទិន្នន័យ​ព័ត៌មាន​អ្នកដំណើរ​ជាមុន (Advance Passenger Information - API) និង​កំណត់ត្រា​ឈ្មោះ​អ្នកដំណើរ (Passenger Name Record - PNR) ពី​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ និង​អន្តរជាតិ ឆ្លងកាត់​តាម​ថ្នាល​ផ្លាស់ប្តូរ​ទិន្នន័យ​កម្ពុជា (Cambodia Data Exchange - CamDX) សម្រាប់​វិភាគ​ហានិភ័យ​អ្នកដំណើរ​តាមផ្លូវ​អាកាស​។​

​លោក អូន ព័ន្ធមុនីរ័ត្ន បាន​បញ្ជាក់ថា GTAS នឹងធ្វើ​ឱ្យមាន​ប្រសិទ្ធភាព​ការងារ​នៅ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា រួមចំណែក​កាត់បន្ថយ​បទល្មើស​ឆ្លងដែន​តាម​បណ្តា​អាកាសយានដ្ឋាន​អន្តរជាតិ លើកកម្ពស់​កិច្ច​សម្រួល​ពាណិជ្ជកម្ម​និង​ជំរុញ​រំហូរ​ភ្ញៀវទេសចរ ដោយ​មិន​តម្រូវឱ្យ​បន្ថែម​បន្ទុក​ចំណាយ​ថវិការដ្ឋ​។ កិច្ចការ​នេះ​ក៏​នឹងចូលរួម​លើកស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា ក្នុង​និង​ក្រោយ​វិបត្តិ​កូ​វីដ​១៩​។​

​បើតាម​លោក​រដ្ឋមន្ត្រី កិច្ចការ​នេះ​ត្រូវ​ខកខាន​ដាក់ឱ្យអនុវត្ត​នៅក្នុង​ឆ្នាំ​២០២១ ដោយសារ​ការរីក​រាល​ដាល​ជំងឺ​កូ​វីដ​១៩​ខ្លាំង​និង​ផលប៉ះពាល់​លើ​វិស័យ​អាកាសយានដ្ឋាន​៕​