ភ្នំពេញ: កម្ពុជា និង​ចិន កំពុង​សិក្សា​លើ​គម្រោង​ផ្លូវ​នាវាចរណ៍ និង​ប្រព័ន្ធ​ភ័ស្តុភារកម្ម​ទន្លេបាសាក់​ ដើម្បី​តភ្ជាប់​ការដឹកជញ្ជូន​តាមផ្លូវ​ទឹក​ពី​ទន្លេបាសាក់​ទៅ​សមុទ្រ​ខេត្ត​កែប​ដោយ​មិនចាំបាច់​ឆ្លងកាត់​ប្រទេស​វៀតណាម​។

នៅក្នុង​ជំនួប​ពិភាក្សា ថ្ងៃទី ២២ ​មេសា ឆ្នាំ​ ២០២២ ជាមួយ​គណៈប្រតិភូ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​ថ្នល់​ចិន​ (CRBC) តំណាងឱ្យ​ក្រុមហ៊ុន​ CCCC Transportation Consultants Co., Ltd តាមរយៈ​ប្រព័ន្ធ​វីដេអូ​ពី​ចម្ងាយ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ថ្លែងថា គម្រោង​ផ្លូវ​នាវាចរណ៍ និង​ប្រព័ន្ធ​ភ័ស្តុភារកម្ម​ទន្លេបាសាក់​នេះ​នឹង​ធ្វើឱ្យ​ប្រសើរ​ឡើងវិញ ចំពោះ​បណ្តាញ​ផ្លូវទឹក​របស់​កម្ពុជា​ឱ្យមាន​ការតភ្ជាប់​ដោយ​រលូន ដែល​នឹង​ផ្ដល់​ផលប្រយោជន៍​ដល់​សេដ្ឋកិច្ចជាតិ​។ លោក​ថា គម្រោង​នេះ​ក៏​នឹង​ជួយ​ជំរុញឱ្យមាន​ការដឹកជញ្ជូន​តាមផ្លូវ​ទឹក​ច្រើនជាង​ការដឹកជញ្ជូន​តាមផ្លូវ​គោក​ផងដែរ​។

លោក​បាន​បញ្ជាក់ថា​៖ «​ផ្លូវ​នាវាចរណ៍ និង​ប្រព័ន្ធ​ភ័ស្តុភារកម្ម​ទន្លេបាសាក់​នេះ នឹងធ្វើ​ឱ្យ​ការដឹកជញ្ជូន​តាមផ្លូវ​ទឹក​របស់​កម្ពុជា​មាន​ការផ្លាស់ប្ដូរ​ជា​វិជ្ជមាន​។ កម្ពុជា​សម្បូរ​ទៅដោយ​បណ្ដាញ​ផ្លូវ​ទឹកទន្លេ ដែល​រួមមាន ទន្លេមេគង្គ បឹងទន្លេសាប ទន្លេបាសាក់ ទន្លេសេកុង ទន្លេសេសាន ទន្លេស្រែពក ក៏ប៉ុន្តែ កម្ពុជា​មិនទាន់​បាន​ទាញយក​សក្ដានុពល​ដ៏​ធំធេង​នៃ​ធនធាន​ធម្មជាតិ​ទាំងអស់នោះ​មកប្រើប្រាស់​ឱ្យបាន​ក្នុង​កម្រិត​អតិបរមា​នៅឡើយ​ទេ​»​។

លោក ស៊ិន ច​ន្ធី ប្រធាន​សមាគម​ភ័ស្តុភារកម្ម​កម្ពុជា​បានឱ្យដឹងថា គម្រោង​ផ្លូវ​នាវាចរណ៍ និង​ប្រព័ន្ធ​ភ័ស្តុភារកម្ម​ទន្លេបាសាក់​នេះ ជា​គម្រោង​ដ៏ល្អ​បំផុត ដែល​ប្រតិបត្តិករ​ជាច្រើន​នៅក្នុង​វិស័យ​ដឹកជញ្ជូន និង​ភ័ស្តុភារកម្ម​មានការ​គាំទ្រ និង​ចង់បាន​។

លោក​បាន​បញ្ជាក់ថា​៖ «​នៅ​កម្ពុជា ការប្រើប្រាស់​ការដឹកជញ្ជូន​តាមផ្លូវ​ទឹក​ (​ផ្លូវ​ទន្លេ​) និង​ផ្លូវដែក​នៅមានកម្រិត​នៅឡើយ ដោយ​ភាគច្រើន​ការដឹកជញ្ជូន​ផ្លូវថ្នល់ ដោយ​ប្រើប្រាស់​រថយន្ត​ធំៗ មាន​ច្រើន​ជាងគេ​។ ការដឹកជញ្ជូន​តាមផ្លូវ​ទឹក​មាន​លក្ខណៈ​ប្រសើរ​ជាងគេ ដោយសារតែ​កម្ពុជា​មាន​សក្តានុពល​បណ្ដាញ​ផ្លូវទឹក​ច្រើន ដែល​ស្ថិត​នៅជាប់​នឹង​តំបន់​កសិឧស្សាហកម្ម និង​តំបន់​ឧស្សាហកម្ម​»​។

បើ​យោងតាម​លោក ចន្ធី បានឱ្យដឹង​ទៀតថា បច្ចុប្បន្ន​ការដឹកជញ្ជូន​ទំនិញ​នៅ​កម្ពុជា ទាំង​ការនាំចេញ និង​នាំចូល តាមផ្លូវ​ទឹក​ (​ផ្លូវ​សមុទ្រ​) មាន​ប្រមាណ​ជាង​ ៧០​ ភាគរយ ដោយ​ឆ្លងកាត់​កំពង់ផែ​ព្រះសីហនុ​តាមផ្លូវ​គោក ប្រមាណ​ ២០ ​ភាគរយ និង​ជិត​ ១០ ​ភាគរយ​ទៀត ដឹកជញ្ជូន​តាមផ្លូវ​អាកាស​៕ LA