ភ្នំពេញ: អាកាសយានដ្ឋាន​អន្តរជាតិ​តារា​សាគរ ខេត្ត​កោះកុង បាននិងកំពុង​បើក​ការសាកល្បង​ហោះហើរ​ក្នុង​ការប្រើប្រាស់​សម្ភារ​បរិក្ខារ​នានា​ និង​សមត្ថភាព​របស់​បុគ្គលិក មុននឹង​ទទួលបាន​ការអនុញ្ញាត​ឱ្យ​បើក​ដំណើរការ​ទូទៅ​ពី​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​ ដើម្បី​ចាប់​ផ្តើមធ្វើ​អាជីវកម្ម​។

លោក ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ​២៤ ខែមេសា ថា អាកាសយានដ្ឋាន​នេះ​បានធ្វើ​ការសាកល្បង​ហោះហើរ​តាំងពី​ថ្ងៃទី​ ១៩ ខែមេសា ដែល​គ្រោង​នឹង​បញ្ចប់​នៅ​ថ្ងៃទី​ ២៦​។ លោក​បាន​ថ្លែងថា ជាធម្មតា នៅពេល​ដែល​ការដំឡើង​ឧបករណ៍​ផ្សេងៗ ក៏ដូចជា​សម្ភារ​បរិក្ខារ​​នៅ​អាកាសយានដ្ឋាន​រួចរាល់​ហើយ ត្រូវតែ​មានការ​ធ្វើតេស្ត​វាស់វែង​សាកល្បង​ឧបករណ៍ និង​សម្ភារ​បរិក្ខារ​ទាំងនោះ​ជាមុនសិន មុននឹង​បើក​ដំណើរការ​។

លោក​បាន​បន្ថែមថា ក្រៅពី​តេស្ត​សាកល្បង​លើ​ការហោះហើរ និង​សម្ភារ​បរិក្ខារ​ហើយ ក្រុមការងារ ក៏​តម្រូវឱ្យ​បណ្តុះបណ្តាល និង​ធ្វើតេស្ត​សមត្ថភាព​របស់​បុគ្គលិក ដែល​ត្រូវ​បម្រើការ និង​ប្រើប្រាស់​ឧបករណ៍​ទាំង​នោះដែរ ដើម្បី​បង្ហាញថា ធនធានមនុស្ស​ទាំងអស់​នោះ អាច​ប្រើប្រាស់​ឧបករណ៍​ទាំងនោះ រួមមាន​ដូចជា ប្រព័ន្ធ​ភ្លើង​នាំផ្លូវ ប្រព័ន្ធ​វិទ្យុ​នាំ​ផ្លូវ​ចុះចត ប្រព័ន្ធ​ទំនាក់ទំនង រថយន្ត​ពន្លត់​អគ្គិភ័យ និង​ផ្នែក​ផ្សេងទៀត បាន​យ៉ាង​ស្ទាត់ជំនាញ​។

លោក​បាន​គូសបញ្ជាក់ថា​៖ «​អាជ្ញាធរ​យើង​មាន​កាតព្វកិច្ច (​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​) ត្រួតពិនិត្យ និង​ចេញ​វិញ្ញាបនបត្រ ឬ​អាជ្ញាប័ណ្ណ ដើម្បី​បញ្ជាក់ថា ការធ្វើ​តេស្ត​នេះ ក៏ដូចជា​មនុស្ស​ដែល​កាន់​ឧបករណ៍​នេះ គាត់​មាន​គុណវុឌ្ឍិ ដើម្បី​ប្រើប្រាស់ និង​បញ្ជា​ឧបករណ៍​ទាំងនោះ​»​។

តាម​ការគ្រោងទុក​របស់​ក្រុមហ៊ុន​ចិន Union Development Group ដែលជា​ក្រុមហ៊ុន​វិនិយោគ​លើ​អាកាសយានដ្ឋាន​អន្តរជាតិ​នេះ គឺ​គ្រោង​នឹង​ដំណើរ​ការប្រតិបត្តិការ​ហោះហើរ​សាកល្បង​នៅ​ខែកក្កដា ឆ្នាំ ​២០២២ នេះ តែបើ​តាម​ល្បឿន​នៃ​ការធ្វើ​តេស្ត​សាកល្បង​នេះ ការបើក​ដំណើរការ​អាចមាន​ភាព​យឺតយ៉ាវ​ជាង​ការគ្រោងទុក​បន្តិច​។ នេះ​បើតាម លោក ស៊ិន ចាន់សិរីវុត្ថា​។

លោកស្រី មិថុនា ភូថង អភិបាលខេត្ត​កោះកុង រំពឹងថា កំណើន​អ្នកវិនិយោគ និង​ភ្ញៀវទេសចរ ទៅកាន់​ខេត្តកោះកុង​នឹងមាន​ការកើនឡើង​ខ្ពស់ បន្ទាប់ពី​អាកាសយានដ្ឋាន​-​អន្តរជាតិ​តារា​សាគរ​បើក​ឱ្យ​ដំណើរការ​។

លោកស្រី​បានបញ្ជាក់​បន្ថែម​ថា​៖ «​ព្រលានយន្តហោះ​នេះ​នឹង​បង្កលក្ខណៈ​កាន់តែ​ងាយស្រួល​ដល់​ការធ្វើដំណើរ​របស់​វិនិយោគិន និង​ភ្ញៀវទេសចរ ដែលមាន​បំណង​ចង់​ចូលមក​វិនិយោគ និង​កម្សាន្ត​នៅក្នុង​ខេត្តកោះកុង ស្រប​ពេលដែល​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មីៗ​របស់​ខេត្ត​បាននិង​កំពុង​ស្ថាបនា និង​បាន​រួចរាល់​មួយចំនួនធំ​»​។

លោកស្រី ឆាយ ស៊ីវលីន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បាន​ប្រាប់ ឱ្យដឹង​ដែរ​ថា អាកាសយានដ្ឋាន​អន្តរជាតិ​តារាសាគរ​នឹង​ជំរុញ​ដំណើរការ​ទេសចរណ៍​ឱ្យមាន​សកម្មភាព និង​កំណើន ស្របពេលដែល​កម្ពុជា​បានប្រកាស​បើកទទួល​ទេសចរ​អន្តរជាតិ​ចាក់​វ៉ាក់សាំង​រួច​។

លោកស្រី​អះអាងថា​៖ «​ខេត្ត​កោះកុង​ជា​ខេត្ត​មួយ ដែលមាន​សក្តានុពល​អេកូទេសចរណ៍ ធម្មជាតិ​ដែល​ជំរុញ​ឱ្យ​វិនិយោគិន​ចាប់អារម្មណ៍​ច្រើន​លើ​ការវិនិយោគ​លើ​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត​នេះ​។ កន្លងទៅ មាន​ភ្ញៀវ​អន្តរជាតិ​ច្រើន​ដែរ ដែល​ចាប់អារម្មណ៍​ចំពោះ​ដំណើរ​កម្សាន្ត​ទៅកាន់​ខេត្ត​នេះ ប៉ុន្តែ​ដោយសារ​ព្រលានយន្តហោះ​នៅ​កំពុង​សាងសង់ ទើប​ភ្ញៀវ​ជួប​ការលំបាក​ខ្លះ ប៉ុន្តែ​នៅពេល​ព្រលាន​យន្តហោះ​នេះ​បើក​ដំណើរការ​ច្បាស់​ណាស់​ការហោះហើរ​ត្រង់​មាន​ច្រើន​»​។

អាកាសយានដ្ឋាន​នេះ​លាតសន្ធឹង​លើ​ផ្ទៃដី​ទំហំ ៤,៥​ ហិកតា ស្ថិតក្នុង​ស្រុក​បុទមសាគរ ខេត្ត​កោះកុង គឺ​វិនិយោគ​ដោយ​ក្រុមហ៊ុន​ចិន UDG ដែលមាន​ទុនវិនិយោគ​សរុប ៣៥០ ​លាន​ដុល្លារ ខណៈដែល​ការស្ថាបនា​ដំណាក់កាល​ទី​ ១ ដែលមាន​តម្លៃ​ទឹកប្រាក់​សរុប​ ២០០​ លាន​ដុល្លារ ។ អាកាសយានដ្ឋាន​នេះ​អាច​ផ្តល់​សេវាកម្ម​ដឹក​អ្នកដំណើរ​តាម​យន្តហោះ Boeing-777 និង Airbus A-340៕ LA