ទីក្រុងប្រ៊ុចសែលៈ សហភាព​អឺរ៉ុប​កាលពី​ថ្ងៃ​សៅរ៍​បានបញ្ចប់​ច្បាប់​ថ្មី​ ដើម្បី​តម្រូវឱ្យ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ខ្នាត​ធំ «Big Tech» ដកចេញ​នូវ​ខ្លឹមសារ​នៃ​មាតិកា​ដែល​បង្ក​គ្រោះថ្នាក់​ដែលជា​ការផ្លាស់ប្តូរ​ចុងក្រោយបង្អស់​របស់​ប្លុក​ដើម្បី​គ្រប់គ្រង​ក្រុមហ៊ុន​យក្ស​អនឡាញ​របស់​ពិភពលោក​។

ច្បាប់​សេវាកម្ម​ឌីជីថល (The Digital Services Act-DSA) ដែលជា​ផ្នែក​ទី ​២ នៃ​គម្រោង​ដ៏​ធំ​ដើម្បី​គ្រប់គ្រង​ក្រុមហ៊ុន​បច្ចេកវិទ្យា មាន​គោលបំណង​ធានា​នូវ​ផលវិបាក​កាន់តែ​តឹងរ៉ឹង​សម្រាប់​កម្មវិធី​បច្ចេកវិទ្យា​ និង​គេហទំព័រ (platforms and websites) ដែល​ផ្ទុក​នូវ​បញ្ជី​មាតិកា​ដែល​ហាមឃាត់​ជា​យូរ​ចាប់ពី​ពាក្យសម្តី​ស្អប់​រហូតដល់​ព័ត៌មាន​មិន​ពិត និង​រូបភាព​ការរំលោភបំពាន​ផ្លូវភេទ​លើ​កុមារ​។

ទីបំផុត​មន្ត្រី​សហភាព​អឺរ៉ុប និង​សមាជិកសភា​បាន​ឈានដល់​ការព្រមព្រៀង​គ្នា​នៅក្នុង​កិច្ចពិភាក្សា​នៅ​ទីក្រុង​ប្រ៊ុចសែល​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ស្តីពី​ច្បាប់​ដែល​បាន​ដំណើរការ​តាំងពី​ឆ្នាំ​ ២០២០​។

ប្រធាន​គណៈកម្មការ​អឺរ៉ុប Ursula von der Leyen បានសរសេរ​ថា​៖ «​កិច្ចព្រមព្រៀង​នៅថ្ងៃនេះ​ស្តីពី​ DSA ​គឺជា​ប្រវត្តិសាស្ត្រ​»​។

លោកស្រី​បន្តថា​៖ «​ច្បាប់​ថ្មី​របស់​យើង​នឹង​ការពារ​អ្នកប្រើប្រាស់​នៅលើ​អនឡាញ ធានា​នូវ​សេរីភាព​នៃ​ការបញ្ចេញមតិ និង​ឱកាស​សម្រាប់​អាជីវកម្ម​។ អ្វីដែល​នៅ​ខាងក្រៅ​បណ្តាញ​ខុសច្បាប់ នឹង​ខុសច្បាប់​ច្បាស់ណាស់​លើ​អនឡាញ​នៅក្នុង​សហភាព​អឺរ៉ុប​»​។

លោក Thierry Breton ស្នងការ​អឺរ៉ុប​សម្រាប់​ទីផ្សារ​ផ្ទៃក្នុង​បាន​សរសេរ​លើ ធ្វីធើរ ថា​៖ «​បាទ យើង​មាន​កិច្ចព្រមព្រៀង​មួយ​!»​។

Breton ដែល​ពីមុន​បាន​ពណ៌នា អ៊ីនធឺណិត​ថា ជា «Wild West» បាន​និយាយថា​៖ «​ជាមួយនឹង DSA ពេលវេលា​នៃ​ថ្នាល​អនឡាញ​របស់​ក្រុមហ៊ុន​ធំៗ ដែលមាន​អាកប្បកិរិយា​ដូចជា​ពួកគេ​ «​ធំ​ពេក​ក្នុង​ការយកចិត្ត​ទុកដាក់​» នឹង​មកដល់​ទីបញ្ចប់​។ ព្រឹត្តិការណ៍​ដ៏សំខាន់​សម្រាប់​ពលរដ្ឋ​អឺរ៉ុប​»​។

កិច្ចព្រមព្រៀង​បណ្ដោះអាសន្ន​របស់​សហភាព​អឺរ៉ុប​ដែល​សម្រេចបាន​កាលពី​ថ្ងៃ​សៅរ៍​នៅតែ​ជា​កម្មវត្ថុ​នៃ​ការអនុម័ត​ជា​ផ្លូវការ​ដោយ​រដ្ឋ​សមាជិក​ទាំង​ ២៧ និង​សភា​អឺរ៉ុប​។

បទប្បញ្ញត្តិ​គឺជា​ដៃគូ​នៃ​ច្បាប់​ទីផ្សារ​ឌីជីថល (DMA) ដែល​កំណត់​គោលដៅ​លើ​ការអនុវត្ត​ប្រឆាំងនឹង​ការប្រកួតប្រជែង​ក្នុងចំណោម​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​ដូចជា Google និង Facebook ហើយ​ត្រូវ​បានបញ្ចប់​កាលពី​ចុងខែ​មីនា​។

ច្បាប់​នេះ​បាន​ប្រឈម​នឹង​ការបញ្ចុះ​បញ្ចូល​ពី​ក្រុមហ៊ុន​បច្ចេកវិទ្យា និង​ការជជែក​ដេញដោល​យ៉ាង​ខ្លាំងក្លា​អំពី​វិសាលភាព​នៃ​សេរីភាព​នៃ​ការបញ្ចេញមតិ​។

ក្រុមហ៊ុន​បច្ចេកវិទ្យា​ខ្នាត​យក្ស​ត្រូវបាន​សួរនាំ​ម្តង​ហើយ​ម្តងទៀត​សម្រាប់​ការខកខាន​ក្នុងការ​រាយការណ៍​ឱ្យ​សមត្ថកិច្ច​នូវ​ថ្នាល​បច្ចេកវិទ្យា​របស់​ពួកគេ ដោយ​ការវាយប្រហារ​ភេរវកម្ម​នូវែលសេឡង់​ឆ្នាំ​ ២០១៩ ដែល​បាន​ផ្សាយ​បន្ត​ផ្ទាល់​នៅលើ Facebook បាន​បង្កឱ្យមាន​កំហឹង​ជាសកល ហើយ​ការបះបោរ​ប្រកបដោយ​ហឹង្សា​នៅ​សហរដ្ឋ​អាមេរិក​កាលពី​ឆ្នាំមុន​ត្រូវបាន​ផ្សព្វផ្សាយ​តាម​អ៊ីនធឺណិត​។

ផ្នែក​ងងឹត​នៃ​បណ្តាញ​អ៊ីនធឺណិត​ក៏​រួមបញ្ចូល​ផងដែរ​នូវ​កម្មវិធី​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ដែល​ពោរពេញ​ទៅដោយ​ផលិតផល​ក្លែងក្លាយ ឬ​ខូចគុណភាព​។

សម្រាប់​ផ្នែក​របស់ខ្លួន ការិយាល័យ​ទទួលបន្ទុក​អាជីវកម្ម​ឌីជីថល​ដ៏ធំ CCIA បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ថា​៖ «​ព័ត៌មាន​លម្អិត​សំខាន់ៗ​មួយចំនួន​» ចាំបាច់​ត្រូវ​ «​បញ្ជាក់​» ដូច្នេះ «​ច្បាប់​ចុងក្រោយ​អនុញ្ញាតឱ្យ​អាជីវកម្ម​ទាំងអស់ ទាំង​ធំ​ និង​តូច គោរព​អនុវត្ត​តាមច្បាប់​។

បទប្បញ្ញត្តិ​នឹង​តម្រូវឱ្យ​កម្មវិធី​លុបចោល​នូវ​ខ្លឹមសារ​ខុសច្បាប់​ចេញ​ភ្លាមៗ នៅពេលដែល​ពួកគេ​ដឹង​អំពី​វត្តមាន​របស់​វា​។ បណ្តាញ​សង្គម​នឹងត្រូវ​ផ្អាក​អ្នកប្រើប្រាស់​ដែល​បំពាន​ច្បាប់​ជា​ញឹកញាប់​។

DSA នឹង​បង្ខំ​ឱ្យ​គេហទំព័រ​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ផ្ទៀងផ្ទាត់​អត្តសញ្ញាណ​របស់​អ្នក​ផ្គត់ផ្គង់ មុនពេល​ស្នើ​ផលិតផល​របស់​ពួកគេ​។

ខណៈពេល​ដែល​ការកំណត់​ជាច្រើន​របស់ DSA គ្របដណ្តប់​លើ​ក្រុមហ៊ុន​ទាំងអស់ វា​ដាក់ចេញ​នូវ​កាតព្វកិច្ច​ពិសេស​សម្រាប់ «​កម្មវិធី​ខ្នាត​ធំ​បំផុត​» ដែល​កំណត់ថា​ជា​អ្នកប្រើប្រាស់​សកម្ម​ជាង ៤៥ ​លាន​នាក់​នៅក្នុង​សហភាព​អឺរ៉ុប​។

ខណៈពេល​ដែល​បញ្ជី​ឈ្មោះ​ក្រុមហ៊ុន​មិនទាន់​ត្រូវបាន​ចេញផ្សាយ វា​នឹង​រួមបញ្ចូល​ក្រុមហ៊ុន​យក្ស​ដូចជា Google, Apple, Facebook, Amazon និង Microsoft ក៏ដូចជា Twitter និង​ប្រហែលជា​ដូចជា TikTok, Zalando និង Booking.com ។

អ្នកលេង​ទាំងនេះ​នឹងមាន​កាតព្វកិច្ច​វាយតម្លៃ​ហានិភ័យ​ដែល​ទាក់ទង​នឹង​ការប្រើប្រាស់​សេវាកម្ម​របស់​ពួកគេ និង​លុប​ខ្លឹមសារ​ខុសច្បាប់​ចេញ​។

ពួកគេ​ក៏​នឹងត្រូវ​បានទាមទារ​ឱ្យមាន​តម្លាភាព​បន្ថែមទៀត​អំពី​ទិន្នន័យ និង​ក្បួន​ដោះស្រាយ​របស់​ពួកគេ​៕ RR