ថ្វីបើ​កម្ពុជា​ប្រឈម​នឹង​បញ្ហា​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ចាប់ពី​ឆ្នាំ​ ២០១៩ ដល់ ២០២២ ទីផ្សារ​មូលបត្រ​កម្ពុជា​មាន​កំណើន​គួរឱ្យកត់សម្គាល់ ជាពិសេស​គឺ​ការចុះបញ្ជី​របស់​ក្រុមហ៊ុន ឌី ប៊ី ឌី អ៊ីនជីនារីង ម.ក និង​ក្រុមហ៊ុន ជេអេសលែន ភីអិលស៊ី នៅលើ​ទីផ្សារ​កំណើន​។ ខណៈ​ដែល​ក្រុមហ៊ុន​មួយចំនួន​ទៀត កំពុងដំណើរការ​នូវ​ការបោះផ្សាយ​លក់​មូលបត្រ​ជា​សាធារណៈ​របស់​ខ្លួន ដែល​ក្រុមហ៊ុន​កាន់តែ​ច្រើន​កាន់តែ​ផ្តល់នូវ​ជម្រើស​វិនិយោគ និង​ពង្រីក​នូវ​សំណុំ​វិនិយោគ​សម្រាប់​វិនិយោគ​ក្នុង​ទីផ្សារ​មូលបត្រ​កម្ពុជា​។ វិនិយោគិន​អាច​ធ្វើការ​វិនិយោគ​នៅក្នុង​ទីផ្សារ​មូលបត្រ​នៅក្នុង​ប្រទេស​កម្ពុជា​លើ​ឧបករណ៍​ហិរញ្ញវត្ថុ​ដែលមាន​ដូចជា​៖ ១. មូលបត្រ​កម្មសិទ្ធិ ឬ ភាគហ៊ុន ២. ​មូលបត្រ​បំណុល ឬ​សញ្ញា​បណ្ណ ៣. ​ឧបករណ៍​និស្សន្ទ ឬ​ដេរីវេទីវ​។

ដើម្បី​ដឹងថា ផលិតផល​មួយណា​ដែល​គួរ​វិនិយោគ វិនិយោគិន​ត្រូវ​ស្គាល់​ពី​លក្ខណៈ និង​ភាពខុសគ្នា​របស់​ផលិតផល​វិនិយោគ​នីមួយៗ​ជាមុនសិន​។

មូលបត្រ​កម្មសិទ្ធិ ឬ​ភាគហ៊ុន​៖ ការវិនិយោគ​លើ​មូលបត្រ​កម្មសិទ្ធិ ឬ​ភាគហ៊ុន​នឹង​ទទួលបាន​អត្ថប្រយោជន៍ ដូចជា ភាគលាភ ប្រាក់ចំណេញ​មូលធន ការលើកទឹកចិត្ត​ពន្ធដារ សិទ្ធិ​ជា​ម្ចាស់​កម្មសិទ្ធិ​ក្រុមហ៊ុន និង​អត្ថប្រយោជន៍​ផ្សេងទៀត​ដែល​ភ្ជាប់​ជាមួយ​ភាគហ៊ុន​នីមួយៗ​។ ទោះបី​ស្ថិត​នៅក្នុង​បរិបទ​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ គិត​ត្រឹម​ឆ្នាំ ​២០២១ ទំហំ​នៃ​ការជួញដូរ​មាន ការកើនឡើង ១០៧,៤៥% ទំហំ​ជួញដូរ​ប្រចាំថ្ងៃ​កើនឡើង​ប្រមាណ​ជា ១១៤,៦% បើ​ធៀប​នឹង​ឆ្នាំ ២០២០ ដែល​នេះ​គឺជា​សញ្ញាណ​វិជ្ជមាន​មួយ សម្រាប់​ទីផ្សារ​មូលបត្រ​កម្ពុជា​។

មូលបត្រ​បំណុល ឬ​សញ្ញាបណ្ណ​៖ ការវិនិយោគ​លើ​មូលបត្រ​បំណុល ឬ​ការទិញ​បណ្ណ​បំណុល​នឹង​ទទួលផល​បានមក​វិញ​នូវ​ការប្រាក់​ប្រចាំ​គ្រា (​ថេរ​) និង​ប្រាក់​ដើម​នៅពេល​បញ្ចប់​ឥណប្រតិទាន​។ ចំណុច​ពិសេស​នៃ​ការទិញ​បណ្ណ​បំណុល​គឺ​វិនិយោគិន​មាន​សិទ្ធិ​អាទិភាព​ក្នុងការ​ទទួលបាន​សំណង នៅ​ក្នុងករណី​ជម្រះបញ្ជី ឬ​ប្រកាស​ក្ស័យធន​។ ក្នុងន័យនេះ វិនិយោគិន​ទទួលរង​នូវ​ហានិភ័យ​ទាប​ជាង​អ្នកកាន់កាប់​បណ្ណ​ភាគហ៊ុន​។

ឧបករណ៍​និស្សន្ទ ឬ​ឧបករណ៍​ដេរីវេទីវ៖ គឺជា​ឧបករណ៍​ហិរញ្ញវត្ថុ ដែលជា​ប្រភេទ​មួយ​នៃ​មូលបត្រ​ដែល​សំដៅ​ដល់​កិច្ចសន្យា​លើ​គម្លាត​ថ្លៃ (Contract for Difference) នៃ​ឧបករណ៍​ហិរញ្ញវត្ថុ​ដើម ដែល​ចេញពី​មូលបត្រ​កម្មសិទ្ធិ មូលបត្រ​បំណុល សន្ទស្សន៍ លោហៈធាតុ​មានតម្លៃ ប្រេង​ឆៅ ឧស្ម័ន​ធម្មជាតិ កសិផល រូបិយប័ណ្ណ រួមទាំង​គម្រោង​ការពារ​ថ្លៃដើម (Principal Protected Scheme) ជាដើម ដែល​ត្រូវបាន​ជួញដូរ​ក្នុង​ទីផ្សារ​។ ជាទូទៅ វិនិយោគិន​ប្រើ​ឧបករណ៍​និស្សន្ទ​ ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៅពេល​ជួញដូរ បង្កើន​អានុភាព​ផលចំណេញ ឬ​ប៉ាន់ស្មាន​លើ​បម្រែបម្រួល​តម្លៃ​របស់​ទ្រព្យសកម្ម​។ ម្យ៉ាងវិញទៀត ដោយសារ​ឧបករណ៍​និស្សន្ទ​គឺជា​ឧបករណ៍​ហិរញ្ញវត្ថុ​ដែលមាន​ភាពស្មុគស្មាញ វិនិយោគិន ទាមទារ​ឱ្យមាន​ចំណេះដឹង និង​បទពិសោធ​ខ្ពស់ ដើម្បី​អាច​ទាញយក​អត្ថប្រយោជន៍ និង​ភាពបត់បែន​នៃ​ឧបករណ៍​ទាំងនេះ បើ​មិន​ដូច្នោះ​ទេ វិនិយោគិន​នឹងមាន​ហានិភ័យ​នៃ​ការវិនិយោគ​ខ្ពស់​។

ដើម្បី​អាច​ចាប់ផ្ដើម​វិនិយោគ​មូលបត្រ​កម្មសិទ្ធិ និង​មូលបត្រ​បំណុល​នៅ​ផ្សារមូលបត្រ​កម្ពុជា​បាន សាធារណជន តម្រូវឱ្យមាន​លេខ​អត្តសញ្ញាណ​វិនិយោគិន (Investor ID)​។ សាធារណជន​អាច​ស្នើសុំ​លេខ​អត្តសញ្ញាណ​វិនិយោគិន​ដោយ​ខ្លួនឯង​តាមរយៈ​ប្រព័ន្ធ​អនឡាញ តាមរយៈ​តំណភ្ជាប់ https://id.serc.gov.kh/ ឬ​ក្រុមហ៊ុន​មូល​ប​ត្រ​ដែល​ទទួលបាន​អាជ្ញាប័ណ្ណ​ពី ន.ម.ក.។

បន្ទាប់ពី​ទទួលបាន​លេខ​អត្តសញ្ញាណ​វិនិយោគិន វិនិយោគិន​ត្រូវ​បើក​គណនី​ជួញដូរ​ជាមួយ​ក្រុមហ៊ុន​មូលបត្រ និង​តម្កល់​ប្រាក់​តាម​ការកំណត់​។ ចំពោះ​ការវិនិយោគ​លើ​ឧបករណ៍​និស្សន្ទ ឬ​ឧបករណ៍​ដេរីវេទីវ សាធារណជន ត្រូវ​បើក​គណនី​ជាមួយ​ក្រុមហ៊ុន​ឈ្មួញ​ជើងសា​ឧបករណ៍​​និស្សន្ទ ដែល​ទទួលបាន​អាជ្ញាប័ណ្ណ ឬ​ការអនុញ្ញាត​ពី ន.ម.ក​. ដើម្បី​អាច​ជួញដូរ​ឧបករណ៍​និស្សន្ទ​។

ដើម្បី​ទទួលបាន​ប្រាក់ចំណេញ​ពី​ការវិនិយោគ​របស់ខ្លួន វិនិយោគិន​ត្រូវ​ប្រាកដ​ការវិនិយោគ​របស់ខ្លួន​គឺ​ស្ថិត នៅក្នុង​ការពិចារណា និង​ការសម្រេចចិត្ត​ដែលមាន​ហេតុផល​ជាក់លាក់ និង​មិនមែនជា​អារម្មណ៍ ឬ ដែល​ចេញពី​ប្រតិកម្ម​ហួសហេតុ​ដែល​បង្ក​មកពី​ការទទួលបាន​ដំណឹង​អវិជ្ជមាន​ពី​ក្រុមហ៊ុន ឬ​សេដ្ឋកិច្ច​។ ចំណុច​មួយចំនួន​ដែលជា​កត្តា​ដែល​គួរ​ពិចារណា​នៅពេល​វិនិយោគ​លើ​មូលបត្រ​នោះ​គឺ​ ១. កត្តា​តម្លៃ ២. ​មូលដ្ឋានគ្រឹះ​អាជីវកម្ម​របស់​ក្រុមហ៊ុន ៣. ស្ថានភាព​សេដ្ឋកិច្ច​ក្នុង និង​ក្រៅ​ស្រុក​៕

រៀបចំ​ដោយ៖ និយតករ​មូលបត្រ​កម្ពុជា នាយកដ្ឋាន​ស្រាវជ្រាវ បណ្ដុះបណ្ដាល អភិវឌ្ឍន៍​ទីផ្សារ​មូលបត្រ និង​ទំនាក់ទំនង​អន្តរជាតិ

អ៊ីមែល៖ rd@serc.gov.kh​ ​ទូរស័ព្ទ៖ ០២៣ ៨៨៥ ៦១១