ភ្នំពេញៈ លោក Kishida Fumio នាយករដ្ឋមន្ត្រី​ជប៉ុន​បានប្រកាស​បន្ត​គាំទ្រ​ក្នុងការ​អភិវឌ្ឍ​កំពង់ផែ​ទឹកជ្រៅ​នៅ​ខេត្ត​ព្រះសីហនុ ដើម្បី​ចូលរួមចំណែក​អភិវឌ្ឍ​ប្រទេស​កម្ពុជា និង​បន្ត​ការផ្តល់​ជំនួយ​សម្បទាន ក្នុង​ការអភិវឌ្ឍ​កំពង់ផែ​នេះ​ជា​បន្តទៀត​។

ក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង​លោក Kishida Fumio និង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុងឱកាស​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ស្ដីអំពី​បញ្ហា​ទឹក​នៃ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​លើក​ទី​ ៤ កាលពី​ថ្ងៃទី​ ២៣ ខែមេសា ឆ្នាំ ២០២២ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែងថា ការអភិវឌ្ឍ​កំពង់ផែ​ទឹក​ជ្រៅ​នៅ​ខេត្ត​ព្រះសីហនុ នឹង​ជួយ​បង្កើនល្បឿន​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​ការជំរុញ​នាំចេញ​ផលិតផល កសិផល​របស់​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ និង​ការនាំ​ចូល​ពី​ក្រៅប្រទេស ដោយ​មិន​ពឹងផ្អែក​កំពង់ផែ​នៃ​ប្រទេស​នានា​ក្នុង​តំបន់​នោះទេ​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ស្នើឱ្យ​ទំនាក់ទំនង​ទ្វេភាគី​រវាង​កម្ពុជា ​និង​ជប៉ុន ពី​ដៃគូ​យុទ្ធសាស្ត្រ​ទៅជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ កម្ពុជា​-​ជប៉ុន​នៅពេល​ខាងមុខនេះ ។

លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន Kishida បានទទួល​យកគំនិត​ផ្តួចផ្តើម​របស់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការ​ដំឡើង​ទំនាក់ទំនង​ទ្វេភាគី​នេះ​ផងដែរ​។

លោក ឡុង ឌីម៉ង់ អភិបាលរង​ខេត្ត​ព្រះសីហនុ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២៤ ខែមេសា បាន​សម្តែង​ការសប្បាយ​ចិត្ត​ចំពោះ​លោកនាយក​រដ្ឋមន្ត្រី Kishida Fumio និង​រដ្ឋាភិបាល​ជប៉ុន បន្ត​ជួយ​គាំទ្រ ក្នុង​ការអភិវឌ្ឍ​កំពង់ផែ​ក្រុងព្រះសីហនុ​នេះ​ឱ្យមាន​សមត្ថភាព​ទទួល​ចូល​ចត​នាវា​ធំៗ​មកពី​ទូទាំង​ពិភពលោក​។ លោក​បន្តថា ទំនាក់ទំនង​ការទូត​ដ៏ល្អ​រវាង​កម្ពុជា និង​ជប៉ុន និង​ទំនាក់ទំនង​រវាង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក Kishida Fumio បាន​ជះឥទ្ធិពល​ដ៏​សំខាន់​សម្រាប់​កម្ពុជា​ក្នុងការ​ទទួលបាន​នូវ​ផលប្រយោជន៍​ជាច្រើន​ដល់​កម្ពុជា ជាពិសេស​ខេត្ត​ព្រះសីហនុ ទទួល​បាន​ការអភិវឌ្ឍ​កំពង់ផែ​ទឹក​ជ្រៅ​ក្រុងព្រះសីហនុ ខណៈ​ដែល​អង្គការ​ JICA បច្ចុប្បន្ននេះ បាននិងកំពុង​ជួយ​ដល់​គម្រោង​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​កំពង់ផែ​ទឹក​ជ្រៅ​នេះ​។

បើតាម​លោក ឡុង ឌីម៉ង់ បច្ចុប្បន្ននេះ ជម្រៅ​កំពង់ផែ​ក្រុងព្រះសីហនុ​មាន​ត្រឹមតែ ៩,៥ ​ម៉ែត្រ​ប៉ុណ្ណោះ ដែល​ធ្វើឱ្យ​នាវា​ធំៗ មិនអាច​ចូល​ចត​បាន​នោះទេ​។ បញ្ហា​នេះ​បានធ្វើ​ឱ្យមាន​ការផ្ទេរ​ទំនិញ​ចេញពី​នាវា​ធំៗ​ទាំងនោះ នៅឯ​កំពង់ផែ​ប្រទេស​ថៃ វៀតណាម និង​សិង្ហបុរី​ជាដើម ឱ្យ​មក​ដាក់​នៅក្នុង​នាវា​ដែល​អាច​ចូលមក​ចត​នៅក្នុង​កំពង់ផែ​ក្រុងព្រះសីហនុ​ដែលមាន​ត្រឹម​ជម្រៅ​ ៩,៥ ម៉ែត្រ​នេះ​។ ការណ៍​នេះ​បានធ្វើឱ្យ​តម្លៃ​នៃ​ការដឹកជញ្ជូន​មានតម្លៃ​ខ្ពស់ មិនអាច​ប្រកួត​ប្រជែង​នៅក្នុង​ទីផ្សារ​បានទេ​។

លោក​ថ្លែងថា​៖ «​បានជា​យើង និង​ប្រទេស​ជប៉ុន​បាននិងកំពុង​រៀបចំ​គម្រោង ជំហាន​ទី​ ២ និង​ជំហាន​ទី​ ៣ ធ្វើយ៉ាងណា​ឱ្យ​កំពង់ផែ​ថ្មី​ឈានដល់​ ១៤ ​ម៉ែត្រ​កន្លះ ដែល​អាច​ទទួល​នាវា​ធំ​ចត​ចំនួន ៨០%​។ ប៉ុន្តែ​ជំហាន​ទី ​៣ នឹង​ឡើងដល់ ១៧ ​ម៉ែត្រ កន្លះ​។ ដូច្នេះ ១៧ ​ម៉ែត្រ​កន្លះ​នេះ ដែល​ប្រទេស​ជប៉ុន​នឹង​ជួយ​ដែរនោះ​នឹងធ្វើ​ឱ្យ​នាវា​ដឹកទំនិញ​គ្រប់​ប្រភេទ​ទាំងអស់​អាច​ចូល​ចត​នៅក្នុង​ប្រទេស​កម្ពុជា​បាន​ហើយ​»​។

លោក ឡុង ឌីម៉ង់ បញ្ជាក់ទៀតថា ការពង្រីក និង​អភិវឌ្ឍ​កំពង់ផែ​ទឹក​ជ្រៅ​ក្រុង​ព្រះសីហនុ ក្រោយ​កិច្ចសហការ​រវាង​ជប៉ុន និង​កម្ពុជា គឺជា​កិច្ចការ​ចាំបាច់ ពីព្រោះ​កំពង់ផែ​នេះ ជា​ច្រក​សេដ្ឋកិច្ច​មួយ​ដ៏សំខាន់ របស់​កម្ពុជា​ក្នុង​ការនាំចេញ​-​នាំចូល​នូវ​មុខទំនិញ​គ្រប់​ប្រភេទ​។ ដូច្នេះ ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​កំពង់ផែ​នេះ កើតចេញពី​ផ្លែផ្កា​នៃ​ទំនាក់ទំនង​ល្អ​រវាង​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំង​ ២ ប្រជាជន និង​ប្រជាជន​បាន​ជួយ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​។

បច្ចុប្បន្ន​រាជរដ្ឋាភិបាល​កម្ពុជា​បាន​សហការ​ជាមួយ JICA តាមរយៈ​ការគាំទ្រ​របស់​រដ្ឋាភិបាល​ជប៉ុន​បាននិងកំពុង សាងសង់ ពង្រីក​កំពង់ផែ​ក្រុងព្រះសីហនុ​ជំហាន​ទី​ ១ អាចឱ្យ​នាវា​មាន​ជម្រៅ​ទឹក ១៣,៥០ ​ម៉ែត្រ ចូល​ចត​បាន​នៅ​ឆ្នាំ​ ២០២៥ ខណៈ​ពីមុន​មាន​ជម្រៅ​ទឹក ៩,៥០ ​ម៉ែត្រ​។ ភាគី​ទាំង ​២ ​នឹង​បន្ត​ពង្រឹង ជំហាន​ទី​ ២ និង​ទី​ ៣ បន្ថែម​ដល់​ឆ្នាំ​ ២០២៩ អាចឱ្យ​នាវា​មាន​ជម្រៅ​ទឹក ១៥ ​ម៉ែត្រ​ចូល​ចត​បាន ហើយ​នាវា​នៅលើ​ពិភពលោក ៩៧ ​ភាគរយ​អាច​ចូល​ចត និង​ធ្វើឱ្យ​តម្លៃ​ដឹកជញ្ជូន តាម​ផ្លូវទឹក​មានការ​ថយចុះ​ការប្រកួតប្រជែង​ប្រទេស​ក្នុង​តំបន់​៕ LA