ភ្នំពេញៈ ទឹកប្រាក់​នៃ​ការនាំចូល​-​ចេញ​ទំនិញ នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ ​(SSEZ) ក្នុង​ត្រីមាស​ទី ​១ ឆ្នាំ​ ២០២២ កើន​ដល់​ប្រមាណ ៧១០ ​លាន​ដុល្លារ ហក់​ឡើង​ជាង ​៥០​ ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១​។

ទិន្នន័យ​របស់ SSEZ កាលពី​ចុង​សប្តាហ៍​មុន​ឱ្យដឹងថា ចាប់ពី​ខែមករា​-​ខែមីនា ឆ្នាំ​ ២០២២ តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ​បាន​នាំចូល​-​នាំចេញ​ទំនិញ​ក្នុង​ទឹកប្រាក់​សរុប ៧១០ ​លាន​ដុល្លារ កើនឡើង ៥០,៧៤ ​ភាគរយ​បើ​ធៀប​ត្រីមាស​ទី​ ១ ឆ្នាំ ​២០២១ ដែលមាន ៤៧១ ​លាន​ដុល្លារ​។ ទោះយ៉ាងណា SSEZ មិនបាន​បង្ហាញ​ពី​ចំនួន​ដាច់ដោយឡែក​នៃ​ទំហំ​ទឹកប្រាក់​នាំចូល និង​នាំចេញ​នោះទេ​។

SSEZ បាន​បញ្ជាក់ថា​៖ «​ចាប់តាំងពី​ដើមឆ្នាំ​ ២០២២ មក​ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​បានធ្វើ​ឱ្យមាន​លក្ខណៈ​ធម្មតា​ដោយ​ចាត់វិធានការ​បង្ការ និង​គ្រប់គ្រង​ជំងឺ​កូវីដ​-១៩ និង​ជំរុញ​ការសាងសង់​ដំណាក់កាល​ថ្មី​ដែល​អាច​បន្ត​រក្សាបាន​នូវ​សម្ទុះ​នៃ​ការអភិវឌ្ឍ​ល្អជា​លំដាប់​»​។

អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បានឱ្យ​ដឹងថា ភាពអំណោយ​ផល​នៃ​ទីតាំង​ភូមិសាស្ត្រ​ធ្វើឱ្យ​សកម្មភាព​វិនិយោគ​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​ហក់​ឡើងជា​លំដាប់ ខណៈ​ចំនួន​ក្រុមហ៊ុន​ចូលទៅ​បណ្តាក់ទុន​ក៏​បង្ហាញ​កំណើន​ផងដែរ​។ ភាពជោគជ័យ​នៃ​ការ​គ្រប់គ្រង​ជំងឺ​កូវីដ​ ១៩ និង​យុទ្ធនាការ​នៃ​ការចាក់​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូវីដ​ ១៩ របស់​រដ្ឋាភិបាល​កម្ពុជា​កំពុង​ទាក់ទាញ​ចំណាប់អារម្មណ៍​វិនិយោគិន​ឱ្យ​ចូលមក​វិនិយោគ​នៅ​កម្ពុជា​កាន់តែច្រើន​។ លោក​បន្តថា ម្យ៉ាងវិញទៀត ការចូល​ជាធរមាន​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​នឹង​ប្រទេស​ជាច្រើន ក៏​ជា​មេដែក​ក្នុង​ការបង្កើន​ឱកាស​សម្រាប់​ការផលិត​ទំនិញ​នៅ​កម្ពុជា ដើម្បី​នាំចេញ​ទៅ​លក់​ឱ្យ​ប្រទេស​ដៃគូ​ក្រោម​លក្ខខណ្ឌ​ពិសេស​ផងដែរ​។

លោក​បាន​ថ្លែងថា​៖ «​បើ​និយាយ​ពី​ការបណ្តាក់ទុន​វិនិយោគ គឺ​កំពុង​កើនឡើង​ជា​លំដាប់ ទាំងពី​សំណាក់​វិនិយោគិន​ក្នុងស្រុក និង​បរទេស​។ ចំនួន​ទឹកប្រាក់​នាំចេញ​នាំចូល​របស់ SSEZ នឹង​កើនឡើង​ខ្ពស់​ថែមទៀត​»​។

អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ក្នុង​ថ្ងៃទី​ ២៥ ខែមេសា ថា កំណើន​ទឹកប្រាក់​នាំចូល​-​នាំចេញ​ជា​បន្តបន្ទាប់​របស់​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ គឺ​បញ្ជាក់​ពី​ភាពរឹងមាំ​នៃ​ចង្វាក់​ផលិតកម្ម និង​ការបញ្ជាទិញ​ពី​សំណាក់​ដៃគូ​។ មាន​ចំណុច​ជាច្រើន​ដែល​ជំរុញ​ឱ្យ​ទំហំ​ទឹកប្រាក់​នាំចូល​-​នាំចេញ​របស់ SSEZ កើនឡើង ដែលមាន​ដូចជា ទីផ្សារ​នាំចេញ​កាន់តែ​ធំ​, ច្បាប់​វិនិយោគ​ថ្មី​មាន​លក្ខណៈ​អំណោយផល​, ការទទួលបាន​ភាពអនុគ្រោះ​ពន្ធ​ពី​ទីផ្សារ​ប្រទេស​ធំៗ​ (​អាមេរិក សហភាព​អឺរ៉ុប​), ការចូល​ជាធរមាន​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​របស់​កម្ពុជា​ទាំង​លក្ខណៈ​ទ្វេភាគី និង​ពហុភាគី​, និង​មាន​កម្លាំង​ពលកម្ម​ច្រើន និង​តម្លៃ​សមរម្យ ជាដើម​។

លោក​បន្ថែមថា ក្រៅពី​មាន​ចង្វាក់​ផលិតកម្ម​ល្អ SSEZ ក៏មាន​ភាព​ងាយស្រួល​ក្នុងការ​ដឹកជញ្ជូន​ទំនិញ​តាមផ្លូវ​សមុទ្រ​នៅ​ទីផ្សារ​អន្តរជាតិ​ផងដែរ​។

លោក​បញ្ជាក់ថា​៖ «​ផ្អែកលើ​កត្តារួម​ផ្សំ​ខាងលើ ខ្ញុំ​គិតថា សម្ទុះ​នៃ​សកម្មភាព​ផលិត និង​ចំនួន​ទឹកប្រាក់​ការនាំ​ចូល​-​នាំចេញ SEZZ នឹង​បន្ត​កើន​ខ្ពស់​ថែមទៀត​ក្នុង​ឆ្នាំ​ ២០២២ នេះ​»​។

លោក​លើកឡើង​ទៀតថា កំណើន​នៃ​ប្រាក់​នាំចូល​-​នាំចេញ​ទំនិញ​របស់​ក្រុមហ៊ុន​/​សហគ្រាស​នៅ​កម្ពុជា​ពេលនេះ គឺ​មិនមែន​កើតមាន​តែ​នៅ SSEZ នោះទេ គឺ​លោក​សង្កេតឃើញ​មាននៅ​គ្រប់​ទីកន្លែង ហើយ​សូម្បីតែ​ចំនួន​គម្រោង​វិនិយោគ​ក្រៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក៏​កំពុង​កើនឡើង​ផងដែរ​។

របាយការណ៍​និន្នាការ​សេដ្ឋកិច្ច​សង្គម ប្រចាំខែ​កុម្ភៈ ឆ្នាំ​ ២០២២ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បង្ហាញថា រយៈពេល​ ២ ​ខែ​ដើមឆ្នាំ​ ២០២២ គម្រោង​វិនិយោគឯកជន​ក្រៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ដែល​ទទួល​បានការ​អនុញ្ញាត​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ​មាន​ចំនួន​សរុប ៣៥ គម្រោង​កើនឡើង ១៤ ​គម្រោង ដែលមាន​ទុនវិនិយោគ​សរុប​ជាង ២ ​ពាន់​លាន​ដុល្លារ កើនឡើង ២៣៦,៥ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំមុន​។

ទិន្នន័យ​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ឱ្យដឹងថា ពាណិជ្ជកម្ម​អន្តរជាតិ​របស់​កម្ពុជា ក្នុង​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២២ មានតម្លៃ ១៣ ១៦២,៧៤​ លាន​ដុល្លារ កើន ៩,១ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១​។ ក្នុងនោះ​កម្ពុជា​នាំចេញ​ក្នុង​ទឹកប្រាក់ ៥ ៧១៦,៨២ ​លាន​ដុល្លារ កើន ២៥,៧ ​ភាគរយ និង​នាំចូល ៧ ៤៤៥,៩២ ​លាន​ដុល្លារ ធ្លាក់ចុះ ០,៩ ​ភាគរយ​។

អភិបាលរង​ខេត្ត​ព្រះសីហនុ លោក ឡុង ឌីម៉ង់ កាលពី​ចុងឆ្នាំ ​២០២១ បាន​និយាយថា ខេត្ត​ព្រះសីហនុ មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន ១១​។ SSEZ ត្រូវបាន​បើក​ដំណើរការ​កាលពី​ឆ្នាំ​២០០៨​។

កាលពី​ឆ្នាំ​ ២០២១ តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​បាន​នាំចូល​-​ចេញ​ទំនិញ​ក្នុង​ទឹកប្រាក់​សរុប ២ ២៣៤​ លាន​ដុល្លារ កើន ៤២,៧៥​ ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ ​២០២០​។ នេះ​បើតាម​ទិន្នន័យ​ពី SSEZ៕ LA