ភ្នំពេញៈ កម្ពុជា​ចាប់ផ្តើម​បើក​ការពិភាក្សា​ក្នុងការ​ប្រមូល​ធាតុ​ចូល​លើ​សេចក្ដីព្រាង​នៃ​កិច្ចព្រមព្រៀង​ស្ដីពី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​កម្ពុជា និង​ អារ៉ាប៊ីសាអ៊ូឌីត​, ការធ្វើ​ពិពិធកម្ម​ពាណិជ្ជកម្ម​ និង​ទីផ្សារ​នាំចេញ​ក្នុង​តំបន់​មជ្ឈឹមបូព៌ា និង​ការជំរុញ​វិនិយោគ​ទ្វេភាគី​ឱ្យ​កាន់តែ​ស៊ីជម្រៅ​។

លោក ពេជ ឫទ្ធី រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃ​ទី ​២២ មេសា ឆ្នាំ​ ២០២២ នៅ​ទីស្តីការ​ក្រសួង​ពាណិជ្ជកម្ម​បាន​ដឹកនាំ​កិច្ចប្រជុំ​អន្តរក្រសួង ដើម្បី​ពិភាក្សា និង​ប្រមូល​ធាតុចូល​លើ​ខ្លឹមសារ​សេចក្ដីព្រាង​កិច្ចព្រមព្រៀង​ស្ដីពី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​កម្ពុជា និង​ អារ៉ាប៊ី សាអ៊ូឌីត ដែលមាន​ការចូលរួម​ពី​តំណាង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​សរុប​ចំនួន ១៣ ​ស្ថាប័ន​។

លោក​បាន​ថ្លែង​បញ្ជាក់​អំពី​ការផ្តួចផ្តើម​ឱ្យមាន​សេចក្តីព្រាង​កិច្ចព្រមព្រៀង​ខាងលើ ដោយ​ក្នុងអំឡុង​ជំនួប​រវាង​ក្រសួងពាណិជ្ជកម្ម និង​ឯកអគ្គរាជទូត​​ អារ៉ាប៊ី សាអ៊ូឌីត កាលពី​ថ្ងៃទី​ ២៧ ខែមករា ឆ្នាំ​ ២០២២ ភាគី​ទាំង​ ២ ​បាន​គាំទ្រ​ឱ្យមាន​ការបង្កើត​លិខិត​តុបករណ៍ ដើម្បី​ប្រើប្រាស់​ជា​ក្របខ័ណ្ឌ​រៀបចំ​គណៈកម្មាធិការ​សេដ្ឋកិច្ច​ចម្រុះ សំដៅ​ពង្រឹង​ភាពជា​ដៃគូ និង​បន្ត​ពង្រីក​កិច្ចសហប្រតិបត្តិការ​ក្នុង​គ្រប់​វិស័យ​ឱ្យ​កាន់តែ​ល្អប្រសើរ​។ បន្ថែម​ពីលើ​នេះ ការផ្តួចផ្តើម​នេះ​គឺ​ស្របតាម​ស្មារតី​នៃ​ជំនួប​រវាង​រដ្ឋមន្ត្រី​ការបរទេស​របស់​ប្រទេស​ទាំង​ ២​ ដែល​បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី​ ១៨ ខែមីនា ឆ្នាំ ២០២២ នៅ​កម្ពុជា​។

លោក​មាន​សុទិដ្ឋិនិយម​ថា​៖ «​កិច្ចព្រមព្រៀង​ខាងលើ​នឹង​ផ្តល់នូវ​មូលដ្ឋាន​គតិយុត្ត​ជា​សារវ័ន្ត​សម្រាប់​កាលានុវត្តភាព​នៃ​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​រវាង​កម្ពុជា និង​​ អារ៉ាប៊ី សាអ៊ូឌីត ​នាពេល​អនាគត តាមរយៈ​ការបំពេញ​ឱ្យ​គ្នា​ទៅវិញទៅមក​នូវ​សក្តានុពល​សេដ្ឋកិច្ច ការធ្វើ​ពិពិធកម្ម​ពាណិជ្ជកម្ម និង​ទីផ្សារ​ការនាំចេញ​ក្នុង​តំបន់​មជ្ឈិមបូព៌ា និង​ជំរុញ​វិនិយោគ​ទ្វេភាគី​ឱ្យ​កាន់តែ​ស៊ីជម្រៅ​សំដៅ​រួមចំណែក​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ ប្រកបដោយ​ចីរភាព និង​បរិយាប័ន្ន​»​។

សេចក្តី​ព្រាង​នៃ​កិច្ចព្រមព្រៀង​ស្តីពី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​​ អារ៉ាប៊ី សាអ៊ូឌីត បាន​បញ្ចូល​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​អាទិភាព​សំខាន់ៗ​មួយចំនួន​ដូចជា ពាណិជ្ជកម្ម​, វិនិយោគ​, ធនាគារ​, កសិកម្ម​, ឧស្សាហកម្ម​, រ៉ែ និង​ថាមពល​, ទូរគមនាគមន៍​, អប់រំ​, ទេសចរណ៍ និង​ហាឡាល​។​ល​។

កាលពី​ថ្ងៃទី​ ១៨ ខែមីនា ព្រះអង្គ​ម្ចាស់ Faisal bin Far-han Al Saud បាន​ជួប​ជាមួយ​នឹង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ពេលនោះ​លោកនាយក​រដ្ឋមន្ត្រី​ជំ​រុញឱ្យ​កម្ពុជា​ និង​​ អារ៉ាប៊ី សាអ៊ូឌីត ធ្វើ​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​សកម្មភាព និង​សក្តានុពល​ដែល​កម្ពុជា​មាន​។

ព្រះអង្គម្ចាស់ Faisal bin Farhan Al Saud បាន​លើកឡើង​ថា​ដំណើរ​ទស្សនកិច្ច​នោះ​គឺ​ដើម្បី​ពង្រីក​ចំណងមិត្តភាព​រវាង​ប្រទេស​ទាំង​ ២​ ផង និង​ដើម្បី​ពង្រីក​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ ២ ​ផង តាមរយៈ​កិច្ចពិភាក្សា​ជាមួយ​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស ដោយ​ប្រទេស​ទាំង​ ២​ មាន​សក្តានុពល​ច្រើន​សម្រាប់ធ្វើ​កិច្ចសហប្រតិបត្តិការ​។

សក្តានុពល​ទាំងនោះ មានដូចជា វិស័យ​ទេសចរណ៍ អប់រំ បច្ចេកវិទ្យា ថាមពល វប្បធម៌ កសិកម្ម​។​ល​។ ក្នុងន័យនេះ ព្រះអង្គម្ចាស់​ក៏បាន​សុំ​ការ​គាំទ្រ​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ​។

លោក ហ៊ុន សែន បាន​យល់ស្រប​ជាមួយនឹង​ព្រះអង្គម្ចាស់ ហើយ​ក៏បាន​ស្វាគមន៍ និង​លើក​ទឹកចិត្ត​ឱ្យ​ព្រះអង្គម្ចាស់​ជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​រាល់​សកម្មភាព និង​សក្តានុពល​ដែល​កម្ពុជា​មាន ជាពិសេស​លើ​វិស័យ​ទេសចរណ៍ កសិកម្ម ពាណិជ្ជកម្ម ការរៀបចំ​ផែនការ និង​ជំរុញ​ការអនុវត្ត​ឱ្យបាន​ជោគជ័យ​នាពេល​ខាងមុខ​។

យោងតាម​របាយការណ៍​ពី Trading Economics ការដោះដូរ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំង ​២ នៅមាន​ទំហំ​តិចតួច​នៅឡើយ​ដោយមាន​ត្រឹមតែ ២០ ​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០២០ កើនឡើង​ត្រឹមតែ ៥​ ភាគរយ​ប៉ុណ្ណោះ​បើ​ធៀប​ទៅ​ឆ្នាំ​ ២០១៩​។ ក្នុងនោះ​ការនាំ​ចេញពី​កម្ពុជា​មានតែ ៣,១ ​លាន​ដុល្លារ​ប៉ុណ្ណោះ ខណៈ​ការនាំចូល​វិញ​មាន​ចំនួន ១៥,៩២​ លាន​ដុល្លារ​៕ LA