ភ្នំពេញៈ រោងចក្រ​ផលិត​ចំណី​សត្វ​តម្លៃ ១៥ ​លាន​ដុល្លារ នៅ​ខេត្ត​កំពង់ស្ពឺ​របស់​ក្រុមហ៊ុន​ ឌី ហឹស្ស ធីអិមអេច De HeusTMH(Cambodia) បាន​បើក​ដំណើរការ​ហើយ ដោយ​អាចមាន​សមត្ថភាព​អាច​ផលិត​ចំណី​សត្វ​បាន ១៨ ​ម៉ឺន​តោន​ក្នុង​ ១ ​ឆ្នាំ​។

ពិធី​បើកសម្ពោធ​នេះ​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី​ ២៤ ខែមេសា ឆ្នាំ​ ២០២២ ក្រោម​អធិបតីភាព​លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​គណៈប្រតិភូ រួមទាំង​តំណាង​ក្រុមហ៊ុន​ចិញ្ចឹមសត្វ ផលិត​ចំណី​សត្វ សហគមន៍​អ្នក​ចិញ្ចឹមសត្វ តំណាង​លក់​ចែកចាយ​មកពី​ប្រទេស​វៀតណាម ឥណ្ឌា និង​មីយ៉ាន់ម៉ា ដៃគូ​អាជីវកម្ម​ថ្នាក់ជាតិ និង​អន្តរជាតិ​។

លោក វេង សាខុន បាន​និយាយថា ការបង្កើត​រោងចក្រ​ផលិត​ចំណី​សត្វ​នេះ គឺ​ឆ្លើយតប​ទៅនឹង​អនុសាសន៍​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​លើកឡើងថា ជាការ​កែលម្អ​នូវ​បរិយាកាស​វិនិយោគ និង​ការធានា​នូវ​លក្ខខណ្ឌ​អំណោយផល​សម្រាប់​វិស័យ​ឯកជន ក៏ដូចជា​អំពាវនាវ គាំទ្រ និង​លើកទឹកចិត្ត​ដល់​វិស័យ​ឯកជន គឺជា​កាតព្វកិច្ច​ចាំបាច់​របស់​ក្រសួង​ដែល​ត្រូវ​សហការ​ចូលរួម​បំពេញ​តួនាទី​ ដើម្បី​លើកស្ទួយ​វិស័យ​ផលិតកម្ម​ចិញ្ចឹមសត្វ ធានា​បាន​ការផ្គត់ផ្គង់​ឱ្យ​ទីផ្សារ​ក្នុងស្រុក​ក្នុង​បរិបទ​កូវីដ​ ១៩ និង​ធ្វើដំណើរ​ឆ្ពោះទៅរក​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។

លោក​បញ្ជាក់ថា​៖ «​ភ្ជាប់​ទៅនឹង​ភាពជោគជ័យ​ដែល​ក្រុមហ៊ុន​សម្រេចបាន​ក្នុង​វ័យ​ជាង ១០ ​ឆ្នាំ​នៃ​អាយុ​អាជីវកម្ម នៅ​កម្ពុជា​គឺ​ពិតជា​បាន​ចូលរួមចំណែក​បន្ថែមទៀត​ក្នុងការ​លើកកម្ពស់ និង​ជំរុញ​ផលិតកម្ម​ចំណី​សត្វ​ក្នុងស្រុក កាត់បន្ថយ​ការនាំ​ចូល បង្កើត​ការងារ​ជូន​ប្រជាជន បង្កើន​ចំណូល​គ្រួសារ​»​។

លោក​រដ្ឋមន្ត្រី​បានផ្តល់​អនុសាសន៍​ថា ក្រុមហ៊ុន​គួរ​សិក្សា និង​ស្រាវជ្រាវ​បន្ថែម​លើ​ការផលិត​ចំណី​ត្រី​ឆ្តោ ដើម្បី​ជំនួស​ឱ្យ​ការប្រើ​វត្ថុធាតុដើម​ជា​ប្រភេទ​កូន​ត្រី​ដែល​ចាប់ពី​ប្រភព​ធម្មជាតិ ដោយ​ជំរុញ និង​លើកទឹកចិត្ត​ឱ្យប្រើប្រាស់​វត្ថុធាតុដើម​ក្នុងស្រុក តាមរយ:​ការធ្វើ​កិច្ចសន្យា​ផលិត​ប្រមូល​ទិញ​ពី​កសិករ ដើម្បី​កាត់បន្ថយ​ការនាំ​ចូល​។ ម្យ៉ាងវិញទៀត ក្រុមហ៊ុន​គួរ​បង្កើត​កសិដ្ឋាន​ចិញ្ចឹមសត្វ ឬក៏​ត្រូវ​ចុះកិច្ចសន្យា​ជាមួយ​អ្នក​ផលិត ដើម្បី​ផ្សព្វផ្សាយ​ពូជ និង​បច្ចេកទេស ក៏ដូចជា​ធ្វើការ​ពិសោធ​គុណភាព​ចំណី​។

លោក​បាន​បន្តថា ក្រុមហ៊ុន​ត្រូវខិតខំ​ពង្រីក​សមត្ថភាព​ផលិត​ចំណី​សត្វ​គ្រប់​ប្រភេទ ដើម្បី​ស្រូបយក​ឱ្យបាន​កាន់តែច្រើន​ទាំង​ធនធានមនុស្ស ​ធនធាន​ចំណេះដឹង បទពិសោធ និង​ធនធាន​វត្ថុធាតុដើម​។

លោក ចាន់ គឹម​រិទ្ធី អគ្គនាយក​នៃ​ក្រុមហ៊ុន​ ឌី ហឹស្ស ធីអិមអេច បាន​លើកឡើង​ថា ក្រុមហ៊ុន​នេះ គឺជា​ក្រុមហ៊ុនចម្រុះ​អន្តរជាតិ​ពី​ប្រទេស​ហូឡង់​ក្នុង​ផ្នែក​ឧស្សាហកម្ម​ចំណី​សត្វ ដែល​បាន​ចាប់​ដៃគូ​សហការគ្នា​រវាង​ក្រុមហ៊ុន De-Heus Cambodia B.V. (De Heus) ជាមួយ​ក្រុមហ៊ុន TMH (Cambodia) Co., Ltd ដើម្បី​បង្កើតជា​សម្ព័ន្ធ​អាជីវកម្ម ក្រុមហ៊ុន រួម​ទុន​ថ្មី​មួយ​។

លោក​បាន​បន្ថែមថា ឆន្ទ:​ចម្បង​របស់​ក្រុមហ៊ុន​គឺ​បង្កើត​រោងចក្រ​ផលិត​ចំណី​សត្វ​នៅ​កម្ពុជា​មួយ​ដែល​ឆ្លើយតប​តាម​ស្តង់ដា​ទំនើប មាន​អនាម័យ និង​គោរព​តាម​បទដ្ឋាន ISO 22000 ព្រមទាំង​ធ្វើ​អាជីវកម្ម​ផលិតផល​អាហារ​បំប៉ន​សត្វ ដើម្បី​បម្រើឱ្យ​អនុវិស័យ​ផលិតកម្ម​សត្វ​នៅ​កម្ពុជា​ទាំង​ពេលបច្ចុប្បន្ន និង​ពេលអនាគត​។

លោក គឹមរិទ្ធី បញ្ជាក់ថា​៖ «​ក្រុមហ៊ុន​បាន​សាងសង់​រោងចក្រ​លើ​ផ្ទៃដី​ចំនួន ៧១៥៤ ​ម៉ែត្រការ៉េ មាន​សមត្ថភាព ផលិត​ចំណី​សត្វ​គ្រប់​ប្រភេទ​ចំនួន ១៥ ០០០ ​តោន​ក្នុង​ ១ ​ខែ និង​មាន​កម្មករ​បម្រើការ​ចំនួន ​៥២​ នាក់ ព្រមទាំង​មាន​ផែនការ​ផលិត​ចំណី​សត្វ ១៨ ​ម៉ឺន​តោន​ក្នុង​ ១ ​ឆ្នាំ​។

តាម​មន្ត្រី​ក្រុមហ៊ុន វត្ថុធាតុដើម​ក្នុងស្រុក​ដែល​ក្រុមហ៊ុន​ប្រើ​គឺ​ដំឡូងមី ពោតក្រហម ចុងអង្ករ កន្ទក់ ថ្មម៉ដ្ឋ កាកដូង កាក​ស្រាបៀរ និង​ម្សៅ​ឆ្អឹងសត្វ​។ បច្ចេកទេស​ផលិត​ភាគច្រើន​ត្រូវបាន​នាំយក​ពី​សហភាព​អឺរ៉ុប​។ ២០ ​ភាគរយ​នៃ​ថាមពល​ដែល​ប្រើប្រាស់​ក្នុង​រោងចក្រ​គឺ​បាន​ពី​ប្រភព​ថាមពល​ពន្លឺព្រះអាទិត្យ​។ ទិសដៅ​អនាគត​ក្រុមហ៊ុន​នឹង​បង្កើត​រោងចក្រ​នៅ​ខេត្តបាត់ដំបង​មួយទៀត​ដែលជា​ខេត្ត​ផលិត​វត្ថុធាតុដើម​សំខាន់​មួយ​»​។

លោក ស្រ៊ុន ពៅ ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា នៅពេល​ដែលមាន​រោងចក្រ​ផលិត​ចំណី​សត្វ​កាន់តែច្រើន​គឺ​កាន់តែ​ល្អ សម្រាប់​អ្នក​ចិញ្ចឹមសត្វ​នៅក្នុង​ស្រុក ដោយសារតែ​មានការ​ប្រកួតប្រជែង​តម្លៃ​គ្នា​ជំរុញ​ឱ្យ​វិស័យ​ផលិតកម្ម​សត្វ​មានការ​រីកចម្រើន​។

លោក​បញ្ជាក់ថា​៖ «​បច្ចុប្បន្ន​ចំណីសត្វ​នាំចូល​កំពុងមាន​ការឡើង​ថ្លៃ​ប្រមាណ ​២០ ​ភាគរយ​ធៀប​នឹង​តម្លៃ​ពីមុន ដូចនេះ​បើសិន​ជាមាន​រោងចក្រ​ផលិត​ក្នុងស្រុក​កាន់តែច្រើន កសិករ​នឹង​អាច​ទិញ​ក្នុងតម្លៃ​មួយ​សមរម្យ​។ ម្យ៉ាងវិញទៀត មាន​រោងចក្រ​កាន់តែច្រើន​ក៏​អាចមាន​លទ្ធភាព​ស្រូបយក​ផលិតផល​កសិកម្ម ដែលជា​វត្ថុ​ធាតុដើម​ផលិត​រួមមាន ដំឡូងមី ពោត​ក្រហម​ជាដើម​កាន់តែច្រើន ដើម្បី​ជួយ​បង្កើន​ទីផ្សារ​ដល់​កសិករ​ផងដែរ​»​។

ទោះជា​យ៉ាងណា​ក៏ដោយ លោក ស្រ៊ុន ពៅ បាន​លើកឡើងថា ចំណីសត្វ​នៅក្នុង​ស្រុក​នៅមាន​តម្លៃ​ថ្លៃ​ជាង​ចំណី​សត្វ​ដែល​បាន​នាំចូល​ពី​ប្រទេស​ជិតខាង​ទៅទៀត ដោយសារតែ​ការចំណាយ​ថ្លៃដើម​ខ្ពស់​លើ​ប្រព័ន្ធ​ទឹក​ និង​អគ្គិសនី​ដែលមាន​តម្លៃ​ថ្លៃ​។ ព្រោះហេតុនោះ កសិករ​ភាគច្រើន​នៅតែ​ប្រើប្រាស់​ចំណី​នាំចូល​ដដែល​។

បើតាម​ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា​រូបនេះ បច្ចុប្បន្ន​កម្ពុជា​មាន​រោងចក្រ​ផលិត​ចំណី​សត្វ​ប្រមាណ​ជាង​ ២០ ​នៅ​ទូទាំងប្រទេស​៕LA