ភ្នំពេញៈ គម្រោង​អភិវឌ្ឍន៍​ចំណត​ផែ​រណប​ពហុ​បំណង TS១១ ដែល​ស្ថិត​ក្នុងចំណោម​ផែ​រណប ៧ ​ផ្សេងទៀត​របស់​កំពង់​ផែ​ស្វយ័ត​ភ្នំពេញ សម្រេចការ​សាងសង់​បាន​ប្រមាណ ៨៥ ​ភាគរយ​ហើយ ដោយ​គ្រោង​បញ្ចប់​ការ​សាងសង់ និង​បើក​ឱ្យ​ដំណើរការ​ផ្លូវការ​នៅ​ថ្ងៃទី​ ១ ខែកក្កដា ឆ្នាំ​ ២០២២ ដើម្បី​កាត់បន្ថយ​ពេលវេលា និង​តម្លៃ​ដឹកជញ្ជូន និង​ទទួល​ទំនិញ​ឆ្លងកាត់​មកពី​បណ្តា​ខេត្ត​នានា​របស់​កម្ពុជា​។

រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​លោក ស៊ុន ចាន់ថុល បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​កាលពី​ថ្ងៃទី ​២៥ ខែមេសា​ថា ក្រោយ​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​កំពង់ផែ​រណប​នេះ​ (​ដើមខែ​កក្កដា​) ក្រសួង​ក៏​នឹង​ត្រៀម​ដាក់ឱ្យ​ដំណើរការ​ផែ​រណប​ផ្សេងទៀត​ក្នុង​រយៈពេល ៣ ឬ ៤ ​ខែ ទៅមុខទៀត​ដូចជា ផែ​ព្រែក​អញ្ចាញ​, ផែ​ព្រែក​ក្តាម​, ផែ​ទន្លេ​បិទ នៅ​ខេត្តកំពង់ចាម​, ផែ​ឆ្លូង នៅ​ខេត្តក្រចេះ និង​ផែ​កំពង់ឆ្នាំង​ជា​បន្តបន្ទាប់​ទៀត​។ លោក​បន្តថា គម្រោង​អភិវឌ្ឍន៍​កំពង​ផែ​រណប​ពហុបំណង TS១១ នៅ​ភ្នំពេញ​នេះ គឺជា​ផែនការ និង​ជា​ផ្នែក​មួយ​ឈានទៅរក​ការដឹកជញ្ជូន​ទំនិញ​តាមផ្លូវ​ទឹក​នៅ​កម្ពុជា​ឱ្យបាន​កាន់តែច្រើន​។ ផែ​រណប​ TS១១ នេះ​អាច​ទទួលបាន​ពី ៦-៩ ​ម៉ឺន TEUs និង​បង្កើត​ការងារ​បានជា​ច្រើន កាត់បន្ថយ ការដឹក​ទំនិញ​តាម​ផ្លូវគោក កាត់បន្ថយ​ថវិកា​ និង​ពេលវេលា​បាន​មួយកម្រិត​ទៀត​។

បើតាម លោក ចាន់ថុល នេះ​ជា​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​ក្នុងការ​ជំរុញ​ឱ្យមាន​ការដឹក​ជញ្ជូន​តាមផ្លូវ​ទឹក​កាន់តែច្រើន​តាម​ដែល​អាច​ធ្វើបាន​។ ជាមួយគ្នានេះ​បណ្តា​ប្រទេស​នៅ​ជិតខាង​កម្ពុជា ក៏បាន​ប្រើប្រាស់​ការដឹកជញ្ជូន​ទំនិញ​តាម​ផ្លូវទឹក​ក្នុងការ​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ប្រទេស​គេ​ផងដែរ​។

លោក​ថ្លែងថា​៖ «​ប្រទេស​ខាងលើ​ក៏​ប្រើប្រាស់​ទឹក​អភិវឌ្ឍន៍​ប្រទេស​គេ និង​ប្រទេស​ខាងក្រោម​ក៏​គេ​ប្រើ​ទឹក​អភិវឌ្ឍន៍​ប្រទេស​គេ​ដែរ​។ ដូច្នេះ​យើង​ក៏មាន​លទ្ធភាព​ដើម្បី​ប្រើប្រាស់​ទឹកទន្លេមេគង្គ​ ដើម្បី​ដឹកជញ្ជូន​ទំនិញ​ដែរ​។ យើង​មាន​ផែនការ​សាងសង់​កំពង់ផែ​រណប​ចំនួន ៧ ដើម្បីឱ្យ​ងាយស្រួល​ប្រមែប្រមូល​ទំនិញ​ទូទាំងប្រទេស​ឱ្យចូល​មក​កំពង់ផែ​ភ្នំពេញ ហើយ​យកទៅលក់​នៅ​បរទេស និង​ចែកចាយ​ទីផ្សារ​ក្នុងស្រុក​»​។

លោក គី សេរីវឌ្ឍន៍ អ្នក​ជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ថា ការសាងសង់​ផែ​រណប​នឹង​ជំរុញឱ្យមាន​ការដឹកជញ្ជូន​តាម​ផ្លូវទឹក​កើនឡើង​ដែល​នេះ​ជា​ប្រភព​ធ្វើឱ្យ​ការចំណាយ​នៅក្នុង​ការដឹកជញ្ជូន​ក្នុងប្រទេស​ចុះថោក និង​កាត់បន្ថយ​គ្រោះថ្នាក់​ផ្សេងៗ​។

លោក​បន្តថា ការដាក់ចេញ​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការរៀបចំ​ប្រព័ន្ធ​ដឹកជញ្ជូន និង​ការរៀបចំ​កំពង់ផែ​រណប​ជាច្រើន​នៅតាម​ទន្លេមេគង្គ​នេះ គឺ​បាន​លើកកម្ពស់​ឱ្យ​ការប្រកួតប្រជែង​ឱ្យមាន​ការរីកចម្រើន និង​អាចមាន​លទ្ធភាព​ដណ្តើម​ឈ្នះ​ប្រទេស​ជិតខាង​ក្នុង​តំបន់ ខណៈ​ដែល​ប្រទេស​វៀតណាម​បានធ្វើ​រួចហើយ និង​ទទួលជោគជ័យ​ចំពោះ​ផែនការ​ដឹកជញ្ជូន​តាមផ្លូវ​ទឹក​នេះ​។

លោក​ថ្លែងថា​៖ «​ការតភ្ជាប់​ប្រព័ន្ធ​ផ្លូវទឹក ការរៀបចំ​ចំណត និង​ការរៀបចំ​តភ្ជាប់​ពី​ទន្លេ​មេគង្គ​ទៅ​កំពត កែប ព្រះសីហនុ និង​កោះកុង និង​តំបន់​ផ្សេងទៀត គឺជា​ចំណុច​យុទ្ធសាស្ត្រ​នៃ​ការដឹកជញ្ជូន និង​ទម្លាក់​ថ្លៃដើម​ឱ្យ​កាន់តែ​ទាប​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា និង​ជំរុញ​លទ្ធភាព​ក្នុងការ​ប្រកួតប្រជែង​កាន់តែ​ខ្លាំងក្លា​»​។

លោក ហ៊ឺ បាវី អគ្គនាយក​កំពង់ផែ​ស្វយ័ត​ភ្នំពេញ (PPA-P) បាន​និយាយ​កាលពី​ចុងខែ​មីនា​ថា ជាមួយ​ស្ថានភាព​ធូរស្រាល​នៃ​ការរីករាល​ជំងឺ​កូវីដ ១៩ ដោយសារតែ​អត្រា​នៃ​ការចាក់​វ៉ាក់សាំង​ទាំង​ក្នុង​តំបន់ និង​ពិភពលោក​កើនឡើង​ខ្ពស់​បាន​បង្កើត​ភាពស៊ាំ​ក្នុង​សហគមន៍​ធ្វើឱ្យ​បណ្តា​ប្រទេស​នានា​បាន​បើក​សេដ្ឋកិច្ច​ទូលំទូលាយ​ជាង​មុន ដែលជា​កត្តា​នឹងធ្វើ​ឱ្យ​សកម្មភាព​ទំនិញ​ឆ្លងកាត់​ផែ កាន់​តែមាន​សកម្មភាព​ខ្លាំង​ជាង​មុន​ជា​លំដាប់​៕ LA