ទីក្រុងវ៉ាស៊ីនតោនៈ ក្រុមហ៊ុន​ផលិត​រថយន្ត​អាមេរិក General Motors បានប្រកាស​កាលពី​ថ្ងៃ​ចន្ទ​ថា ខ្លួន​កំពុង​អភិវឌ្ឍ​រថយន្ត​អគ្គិសនី Chevrolet ចេញពី​ប្រភេទ​រថយន្ត Corvette ដែលមាន​ការពេញនិយម​របស់ខ្លួន​។

ក្រុមហ៊ុន​ផលិត​រថយន្ត​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង Detroit បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​៖ «​យើង​នឹង​ផ្តល់ជូន​នូវ​រថយន្ត​ Corvette អគ្គិសនី​នៅ​ដើមឆ្នាំ​ក្រោយ​»​។

ក្រុមហ៊ុន​នេះ​បាន​បន្ថែមថា​៖ «​ព័ត៌មាន​លម្អិត និង​ឈ្មោះ​នឹង​មក​នៅពេល​ក្រោយ​»​។

លោក Mark Reuss ប្រធាន​ក្រុមហ៊ុន GM បាន​និយាយ​នៅលើ​គេហទំព័រ​អាជីព LinkedIn ថា​៖ «​ពិត​ហើយ បន្ថែម​ពីលើ​រថយន្ត​ប្រភេទ Chevrolet ថ្មី​ដ៏​អស្ចារ្យ ម៉ូដែល Corvette Z06 និង​ប្រភេទ​បំប្លែង​ផ្សេងទៀត​ប្រតិបត្តិការ​ដោយ​ថាមពល​ហ្គាស យើង​នឹង​ផ្តល់ជូន​នូវ​ថាមពល​អគ្គិសនី ពេញលេញ គឺ Corvette ក្នុង​អនាគតកាល​។

ការប្រកាស​នេះ​បាន​ធ្វើឡើង​ខណៈដែល​ក្រុមហ៊ុន​ផលិត​រថយន្ត​បែប​ប្រពៃណី​មួយ​នេះ​កំពុង​ប្រជែង​គ្នា​ក្នុង​ការផលិត​រថយន្ត​អគ្គិសនី​បន្ថែមទៀត​ ដើម្បី​ប្រកួតប្រជែង​ជាមួយ​ក្រុមហ៊ុន​ Tesla ដែលជា​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​កំពុង​ល្បីល្បាញ​នៅ​ទូទាំង​សកលលោក កាន់កាប់​ដោយ​សេដ្ឋី​មាន​ជាងគេ​បំផុត Elon Musk​។

ក្រុមហ៊ុន GM បានកំណត់​គោលដៅ​ដើម្បី​វ៉ាដាច់​ក្រុមហ៊ុន Tesla ក្នុង​ការលក់​រថយន្ត​អគ្គិសនី ហើយ​ដើម្បី​សម្រេចបាន​នោះ ខ្លួន​គ្រោង​នឹង​វិនិយោគ ៣៥ ​ពាន់​លាន​ដុល្លារ​លើ​រថយន្ត​អគ្គិសនី និង​រថយន្ត​ស្វ័យប្រវត្តិ​នៅ​ឆ្នាំ​ ២០២៥​ នោះ​។

ទោះបីជា​មាន​ការ​ពេញនិយម​យ៉ាងខ្លាំង​ពី​ក្រុមហ៊ុន​ផលិត​រថយន្ត​ធំៗ​ក៏ដោយ រថយន្ត​អគ្គិសនី​បច្ចុប្បន្ន​ក៏​នៅ​តំណាង​ឱ្យតែ​ភាគរយ​មួយផ្នែក​តូច​នៃ​ការលក់​រថយន្ត​សរុប​នៅ​ទូទាំង​ពិភពលោក​។

ក្នុង​វិស័យ​រថយន្ត​អគ្គិសនី ក្រុមហ៊ុន GM បាន​ចាប់​ដៃគូ​សហការ​ជាមួយ​ក្រុមហ៊ុន​ផលិត​រថយន្ត​ជប៉ុន Honda​។

នៅ​ដើមខែ​មេសា​នេះ ក្រុមហ៊ុន​ទាំង​ ២ ​បានប្រកាសថា ពួកគេ​នឹង​សហការគ្នា​ដើម្បី​បង្កើត​រថយន្ត​អគ្គិសនី​ម៉ូដែល​ថ្មី​លក់​ក្នុងតម្លៃ​សមរម្យ ដោយ​ការផលិត​នឹង​ចាប់ផ្តើម​នៅ​ឆ្នាំ ​២០២៧ ​ខាងមុខនេះ​៕ RR