ភ្នំពេញៈ សមាគម​ជប៉ុន​-​កម្ពុជា (JCA) បាន​ដឹកនាំ​ក្រុមហ៊ុន​ជប៉ុន​ចំនួន ២៤ មក​ស្វែងរក​ឱកាស​វិនិយោគ​នៅក្នុង​វិស័យ​ចម្រុះ​នៅ​កម្ពុជា តាមរយៈ​ធនាគារ​អេស៊ីលីដា និង​សមាគម​អតីតនិស្សិត​ជប៉ុន​នៅ​កម្ពុជា​។

អតីត​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​បាន​ដឹកនាំ​អ្នកវិនិយោគ​ជប៉ុន​ប្រមាណ​ជាង ៣០​ រូប​មកពី ២៤ ​ក្រុមហ៊ុន​ដែលមាន​ជំនួញ​ក្នុង​វិស័យ​ចម្រុះ​ជាច្រើន ដូចជា​ផលិតកម្ម​វាយនភណ្ឌ​កាត់ដេរ​សម្លៀកបំពាក់ សុខាភិបាល សេវាកម្ម សំណង់ កសិកម្ម និង​ផ្នែក​ផ្សេងៗ​ទៀត មក​ស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា​។

នៅក្នុង​ជំនួប​ជាមួយ​ប្រធាន​សមាគម​ជប៉ុន​-​កម្ពុជា និង​គណៈប្រតិភូ​កាលពី​ថ្ងៃទី​ ២៥ ខែមេសា លោក អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា បាន​ប្រាប់ថា នេះ​ជា​លើក​ទី​ ២ ហើយ​ដែល​ធនាគារ​អេស៊ីលីដា​រៀបចំ​ឱ្យមាន​ជំនួប​រវាង​សមាគម​ជប៉ុន​-​កម្ពុជា ជាមួយ​វិនិយោគិន​ខ្មែរ​។

លោក​បន្ថែមថា កាលពី​ឆ្នាំ ​២០១៩ ភាគី​ទាំង​ ២ ​បាន​ព្រមព្រៀងគ្នា​ថា នឹង​រៀបចំ​ឱ្យមាន​ជំនួប​នេះ​ជា​រៀងរាល់ឆ្នាំ ប៉ុន្តែ​ត្រូវបាន​ខកខាន​រយៈពេល ២ ​ឆ្នាំ ដោយសារ​វិបត្តិ​ជំងឺ​កូវីដ​ ១៩​។

លោក​បញ្ជាក់ថា​៖ «​កិច្ចពិភាក្សា​នេះ មាន​គោលបំណង​ក្នុងការ​ពង្រីក​ដៃគូ​អាជីវកម្ម​រវាង​ប្រទេស​កម្ពុជា​-​ជប៉ុន ដោយ​ខាង​ភាគី​ជប៉ុន មាន​ចំនួន ២៤ ​ក្រុមហ៊ុន ចំណែក​ភាគី​កម្ពុ​ជាមាន ២៩​ ក្រុមហ៊ុន​ដែល​មកពី​គ្រប់​វិស័យ​។ ការអញ្ជើញ​ពី​អ្នកវិនិយោគ​ពី​គ្រប់​វិស័យនេះ គឺ​ដើម្បី​ផ្តល់​ជម្រើស​ឱ្យ​គ្នា​ទៅវិញ​-​ទៅមក​រវាង​ភាគី​ទាំង​ ២​ ក្នុងការ​ឈានដល់​សហប្រតិបត្តិការ​នាពេលខាងមុខ​។ យើង​រីករាយ​ដែល​វិនិយោគិន​ទាំង​ ២ ​ប្រទេស​មានការ​ចាប់អារម្មណ៍​លើ​អាជីវកម្ម​ទៅវិញទៅមក​»​។

លោក​បន្តថា ជំនួប​ពិភាក្សា​លើក​នេះ គឺមាន​ក្រុមហ៊ុន​ភាគច្រើន​មកពី​វិស័យ​កាត់ដេរ​សម្លៀកបំពាក់ ខណៈ​គេ​សង្កេតឃើញថា ថ្វីដ្បិតតែ​វិស័យ​កាត់ដេរ​កម្ពុជា​មានការ​វិនិយោគ​ច្រើន​ហើយ ប៉ុន្តែ​ពួកគេ​នៅតែមាន​ការចាប់​អារម្មណ៍​ច្រើន​លើ​វិស័យនេះ ដោយសារ​តែ​ពួកគេ​ដឹង​អំពី​តម្រូវការ​ទីផ្សារ​នៅក្នុង​ប្រទេស​ជប៉ុន និង​ប្រទេស​ដែល​ត្រូវ​នាំ​ទំនិញ​ទៅ​។

ប្រធាន​សមាគម​ជប៉ុន​-​កម្ពុជា និង​ជា​អតីត​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា លោក Fumiaki Takahashi បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា សមាគម​-​ជប៉ុន​-​កម្ពុជា តែងតែ​ផ្សព្វផ្សាយ និង​ទាក់ទាញ​ក្រុមហ៊ុន​ជប៉ុន​ឱ្យមក​វិនិយោគ​នៅ​កម្ពុជា ដើម្បី​រួមចំណែក​ក្នុងការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ផង និង​ដើម្បី​រក្សា​ចំណងមិត្តភាព​រវាង​ប្រទេស​ទាំង​ ២ ​ផង​។ លោក​បន្ថែមថា សមាគម​បាន​ដឹកនាំ​វិនិយោគិន​ជប៉ុន​ទៅ​ជួបពិភាក្សា​ជាមួយនឹង​ស្ថាប័ន​ជាច្រើន ដូចជា ធនាគារ​អេស៊ីលីដា ក្រសួង​ការងារ និង​សមាគម​អតីត​និស្សិត​ខ្មែរ​មកពី​ប្រទេស​ជប៉ុន​ជាដើម ដើម្បី​ស្វែងរក​ឱកាស​វិនិយោគ និង​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន​ឯកជន​នៅ​កម្ពុជា​។

លោក​និយាយថា​៖ «​យើង​ឃើញថា កម្ពុជា​បានរៀបចំ​បរិយាកាស​ធុរកិច្ច​ដ៏​គួរឱ្យ​ទាក់ទាញ ដូចជា​ច្បាប់​ស្តីពី​វិនិយោគ​ថ្មី​, កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​បណ្តា​ប្រទេស​នានា និង​ស្របពេល​ស្ថានភាព​ជំងឺ​កូវីដ​ ១៩ ក៏បាន​ប្រសើរឡើង​ផង​នោះ ទើប​យើង​ជំរុញ​ឱ្យ​វិនិយោគិន​ជប៉ុន មក​ស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា​។ ក្រុមហ៊ុន​ជប៉ុន​មួយចំនួន​កំពុង​ស្វែងរក​ក្រុមហ៊ុន​នៅ​កម្ពុជា​ដែលមាន​សក្តានុពល​ក្នុងការ​សហការ​។ យើង​សង្ឃឹមថា ជំនួប​នេះ​នឹង​ផ្តល់​អត្ថប្រយោជន៍​ដ៏​ច្រើន​ដល់​អ្នកវិនិយោគ​នៃ​ប្រទេស​ទាំង ​២»​។

លោក សុង សារ៉ន ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា និង​ជា​អគ្គនាយក​ក្រុមហ៊ុន Amru Rice បាន​ប្រាប់ថា ក្នុងជំនួប​នេះ​ខាង​វិស័យ​ស្រូវ​អង្ករ​បាន​ស្វែងរក​ឱកាស​វិនិយោគ​ពី​ខាង​ជប៉ុន​ផ្នែក​កែច្នៃ​ផលិតផល​កសិកម្ម ព្រោះ​ប្រទេស​ជប៉ុន​មាន​បច្ចេកវិទ្យា​ខ្ពស់ ក្នុងការ​កែច្នៃ​ផលិតផល​កសិកម្ម ទៅជា​ផលិតផល​សម្រេច​។

លោក​បន្ថែមថា​៖ «​ជប៉ុន​ជា​ប្រទេស​ដែលមាន​បច្ចេកវិទ្យា​ខ្ពស់​ក្នុង​វិស័យ​ផលិតកម្ម​ម្ហូបអាហារ​។ យើង​ជឿថា ជប៉ុន នឹង​អាចជួយ​ជំរុញ​បន្ថែមទៀត​ដល់​កម្ពុជា​លើ​វិស័យនេះ​»​។

លោក ង៉ូវ ប៉េងហ៊ុយ ប្រធាន​សមាគម​អតីត​និស្សិត​ខ្មែរ​ពី​ប្រទេស​ជប៉ុន​នៅ​កម្ពុជា​ (JAC) បាន​ប្រាប់​ឱ្យដឹងថា ជំនួប​នេះ​គឺជា​ការផ្គូផ្គង​អាជីវកម្ម​រវាង​ក្រុមហ៊ុន​មកពី​ជប៉ុន និង​ក្រុមហ៊ុន​នៅ​កម្ពុជា ដោយ​ភាគី​ទាំង​ ២​ បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា ​(MOU) សម្រាប់​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍​អាជីវកម្ម​ក្នុងប្រទេស​កម្ពុជា​។

លោក​ប្រាប់ថា​៖ «​អនុស្សរណៈ​យោគយល់​គ្នា​នេះ​មាន​គោលដៅ​ជួយ​សម្រួល​ដល់​វិនិយោគិន​នៃ​ប្រទេស​ទាំង​ ២​ ដែលជា​សមាជិក​របស់​សមាគម ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​ការធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២​។ ​សមាគម​យើង​មាន​សមាជិក​ជាង​ ១ ​ពាន់​នាក់ ដែល​មួយចំនួន​ជា​អ្នក​ដែលមាន​អាជីវកម្ម​នៅក្នុង​ដៃ​ស្រាប់ ដូចនេះ MOU ​នេះ នឹង​ជួយ​សម្រួល​ដល់​ពួកគាត់​បន្ថែម​ក្នុងការ​ស្វែងរក​ដៃគូ​វិនិយោគ​ដ៏ល្អ​មកពី​ជប៉ុន​»​។

ទិន្នន័យ​ពី​អង្គការ​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​ជប៉ុន Jetro ឱ្យដឹងថា នៅក្នុង​ឆ្នាំ​ ២០២១ ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​-​ជប៉ុន មានតម្លៃ​សរុប ២ ៣៣៣,០៦ ​លាន​ដុល្លារ​កើន ១០,៩៩ ភាគរយ​បើ​ធៀប​ឆ្នាំ​ ២០២០ ដែលមាន​តម្លៃ ២ ១០១,៩១ ​លាន​ដុល្លារ​។ នៅក្នុង​នោះ​ទំនិញ​កម្ពុជា​នាំទៅ​ជប៉ុន​មាន​ទឹកប្រាក់ ១ ៧៥២,៩៨ ​លាន​ដុល្លារ កើនឡើង ៨,៣៩ ​ភាគរយ​ពី​ចំនួន ១ ៦១៧,២១ ​លាន​ដុល្លារ និង​ការនាំ​ទំនិញ​ពី​ជប៉ុន​មក​កម្ពុជា​មាន​ទឹកប្រាក់ ៥៨០,០៨៤​ លាន​ដុល្លារ​កើនឡើង ១៩,៦៧ ​ភាគរយ​ពី​ចំនួន ៤៨៤,៧០ លាន​ដុល្លារ​៕ LA