ទីក្រុងហុងកុងៈ ធនាគារ HSBC បានឱ្យដឹង​កាលពី​ថ្ងៃ​អង្គារ​ថា ប្រាក់ចំណេញ​ត្រីមាស​ទី​ ១ ​បាន​ធ្លាក់ចុះ​ជិត​ ៣០ ​ភាគរយ ដោយសារតែ​ការខាតបង់​ឥណទាន និង​អតិផរណា​ខ្ពស់ជាង​ការរំពឹងទុក ប៉ុន្តែ​ធនាគារ​ផ្តល់ប្រាក់​កម្ចី​ឈានមុខ​គេ ដែល​ផ្តោតលើ​តំបន់​អាស៊ី​មួយ​នេះ នៅតែមាន​សុទិដិ្ឋនិយម​អំពី​ចក្ខុវិស័យ​របស់ខ្លួន​។

ធនាគារ​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុងដ៍​មួយ​នេះ បានប្រកាស​ប្រាក់ចំណេញ​មុន​បង់ពន្ធ​ចំនួន​ ៤,២ ​ពាន់​លាន​ដុល្លារ​សម្រាប់​ខែមករា​ដល់​ខែមីនា ធ្លាក់ចុះ ២៨ ​ភាគរយ ធៀប​នឹង​ឆ្នាំមុន ប៉ុន្តែ​លើសពី​ការ​ប៉ាន់ប្រមាណ ខណៈ​ប្រាក់ចំណូល​ដែល​បាន​រាយការណ៍​បាន​ធ្លាក់ចុះ ៤ ​ភាគរយ​មក​នៅត្រឹម ១២,៥ ​ពាន់​លាន​ដុល្លារ​។

លោក Noel Quinn ប្រធាន​ប្រតិបត្តិ​ HSBC បានឱ្យដឹង​នៅក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​មួយ​ថា​៖ «​ខណៈពេល​ដែល​ប្រាក់ចំណេញ​បាន​ធ្លាក់ចុះ​កាលពី​ត្រីមាស​ទី​ ១​ កាលពី​ឆ្នាំមុន ដោយសារ​ផលប៉ះពាល់​ទីផ្សារលើ​ប្រាក់ចំណូល​ទ្រព្យសម្បត្តិ និង​កម្រិត​ធម្មតា​នៃ​ការបាត់បង់​ឥណទាន​ដែល​រំពឹងទុក (ECL) ​ការផ្តល់​ប្រាក់កម្ចី​កាន់តែ​ខ្ពស់​នៅ​ទូទាំង​អាជីវកម្ម និង​តំបន់​ទាំងអស់ និង​កំណើន​អាជីវកម្ម​ដ៏ល្អ​ផ្នែក​ធនាគារ​ផ្ទាល់ខ្លួន ការធានារ៉ាប់រង និង​ហិរញ្ញវត្ថុ​ពាណិជ្ជកម្ម​ល្អ​សម្រាប់​ត្រីមាស​នៅពេល​អនាគត​»​។

ធនាគារ​ផ្ដល់ប្រាក់​កម្ចី​មួយ​នេះ​បាន​រាយការណ៍ ECL ចំនួន ៦០០​ លាន​ដុល្លារ​ធៀប​នឹង​ការបញ្ចេញ​ទឹកប្រាក់​ចំនួន ៤០០ ​លាន​ដុល្លារ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

ធនាគារ​មួយ​នេះ បានឱ្យ​ដឹងថា ខ្លួន​បន្ត​រំពឹងថា​នឹងមាន​កំណើន​នៅ​ឆ្នាំនេះ​សម្រាប់​ប្រាក់ចំណូល និង​ការផ្តល់​ប្រាក់កម្ចី​។

លទ្ធផល​កាលពី​ថ្ងៃ​អង្គារ​ត្រូវបាន​ចេញផ្សាយ​ក្នុង​បរិបទ​នៃ​ការ​លុកលុយ​របស់​ប្រទេស​រុស្ស៊ី​លើ​អ៊ុយក្រែន ដែល​ធនាគារ​មួយ​នេះ បានឱ្យដឹងថា​កំពុង​ធ្វើឱ្យ​សម្ពាធ​អតិផរណា​កាន់តែ​ធ្ងន់ធ្ងរ និង​រួមចំណែក​ដល់​ការគិតថ្លៃ ECL​ កាន់តែ​ខ្ពស់​សម្រាប់​ត្រីមាស​នេះ​។

ធនាគារ​មួយ​នេះ​បន្តថា​៖ «​ផលប៉ះពាល់​ដោយសារតែ​សង្គ្រាម​រវាង​ប្រទេស​រុស្ស៊ី និង​អ៊ុយក្រែន រួម​ជាមួយនឹង​ផលប៉ះពាល់​សេដ្ឋកិច្ច​ដែល​បន្ត​កើតចេញពី​ការរីក​រាលដាល​ជំងឺ​កូវីដ​ ១៩ ​បាន​ជំរុញ​ឱ្យ​តម្លៃ​ទំនិញ​ជាច្រើន​ប្រភេទ​កើនឡើង ដោយសារតែ​ការកើនឡើង​អតិផរណា​ដែល​បង្កបញ្ហា​ប្រឈម​បន្ថែមទៀត​សម្រាប់​អាជ្ញាធរ​រូបិយវត្ថុ និង​អតិថិជន​របស់​យើង​»​។

លោក Quinn បាន​បន្តថា​អាជីវកម្ម​របស់​ធនាគារ​ HSBC «​ភាគច្រើន​» ​នៅក្នុង​ប្រទេស​រុស្ស៊ី​បម្រើ​អតិថិជន​សាជីវកម្ម​អន្តរជាតិ ដែលមាន​ការិយាល័យ​កណ្ដាល​​នៅក្នុង​ប្រទេស​ជាច្រើន​ផ្សេងទៀត ហើយ​ធនាគារ​មួយ​នេះ កំពុង​អនុវត្ត​ទណ្ឌកម្ម​ដែល​ដាក់​ដោយ​ចក្រភព​អង់គ្លេស និង​រដ្ឋាភិបាល​ផ្សេងទៀត​។

ប៉ុន្តែ​ធនាគារ​នេះ បាន​ព្យាករ​ថា ប្រតិបត្តិការ​របស់ខ្លួន​នៅក្នុង​ប្រទេស​រុស្ស៊ី​អាច​នឹង «​មិនអាច​បន្ត​ទៅមុខ​បានទេ​» បើ​ស្ថិតក្រោម​ការ​រឹតបន្តឹង​បន្ថែមទៀត​។

ធនាគារ HSBC បានចាប់ផ្ដើម​ចំណុច​ស្នូល​ជា​យុទ្ធសាស្ត្រ​ជាច្រើន​ឆ្នាំ​ទៅកាន់​តំបន់​អាស៊ី និង​មជ្ឈិមបូព៌ា ហើយ​កាលពី​ថ្ងៃ​អង្គារ ធនាគារ​នេះ​បាន​កត់សម្គាល់ថា ខណៈពេល​ដែល​ការ​រឹតបន្តឹង​លើ​វីរុស​កូរ៉ូណា​កំពុង​កើនឡើង​នៅ​ទូទាំង​ពិភពលោក ទីផ្សារ​សំខាន់ៗ​ដូចជា​ប្រទេស​ចិន និង​ហុងកុង​នៅតែ​ប្តេជ្ញាចិត្ត​ចំពោះ​ការគ្រប់គ្រង​ជំងឺ​កូវីដ​ ១៩ ​សូន្យ​។

ធនាគារ​បានឱ្យដឹងថា​៖ «​ការរឹតបន្តឹង​ការបិទខ្ទប់ ដែល​ធ្វើឡើង​ដោយ​រដ្ឋាភិបាល​របស់​ប្រទេស​ចិន​នៅក្នុង​ទីក្រុង​ធំៗ​របស់​ប្រទេសចិន​បាន​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន ទេសចរណ៍​អាស៊ី និង​ខ្សែចង្វាក់​ផ្គត់ផ្គង់​ពិភពលោក​យ៉ាងធ្ងន់ធ្ងរ​»​។

កិច្ចខិតខំ​ប្រឹងប្រែង​រៀបចំ​រចនាសម្ព័ន្ធ​ឡើងវិញ​របស់​ធនាគារ​ HSBC ដើម្បី​នាំមុខ​ទីផ្សារ​ក្នុងការ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​អាស៊ី​កាលពី​លើក​មុន​បានដាក់​បញ្ចូល​កម្មវិធី​មួយ ដើម្បី​វិនិយោគ​ជា​ទឹកប្រាក់​ចំនួន​ ៦ ​ពាន់​លាន​ដុល្លារ​នៅ​ទីក្រុង​ហុងកុង ប្រទេស​ចិន និង​សិង្ហបុរី និង​ជួល​ទីប្រឹក្សា​ផ្នែក​ទ្រព្យសម្បត្តិ​ជាង​ ៥ ០០០ ​នាក់​៕ LA