ភ្នំពេញៈ ចិន ឈរ​លំដាប់​ទី ​១ ក្នុងចំណោម​ប្រទេស​ទាំង ៦ ដែល​វិនិយោគ​ផ្ទាល់​នៅ​កម្ពុជា​ច្រើនជាងគេ​បើ​គិត​ត្រឹម​ចុងឆ្នាំ​ ២០២១ ខណៈ​ការវិនិយោគ​ផ្ទាល់​ពី​បរទេស​នៅ​កម្ពុជា​មាន​ទឹកប្រាក់​សរុប ៤១ ​ពាន់​លាន​ដុល្លារ កើន​ជាង ១១ ​ភាគរយ បើ​ធៀប​នឹង​ចុងឆ្នាំ​ ២០២០​។

យោងតាម​របាយការណ៍​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​ធនាគារជាតិ​នៃ​កម្ពុជា គិត​ត្រឹម​ចុងឆ្នាំ​ ២០២១ ការវិនិយោគ​ផ្ទាល់​ពី​បរទេស​នៅ​កម្ពុជា នៅ​បន្ត​ភាពរឹងមាំ​ដោយមាន​ទំហំ​ទឹកប្រាក់ ១៦៨,៨ ​ពាន់​ពាន់​លាន​រៀល ឬ​ស្មើនឹង ៤១ ​ពាន់​លាន​ដុល្លារ កើន ១១,២ ​ភាគរយ​ធៀប​ចុងឆ្នាំ​ ២០២០ ដែល​ការវិនិយោគ​ដោយផ្ទាល់​នេះ​មានការ​គាំទ្រ​ដោយ​វិនិយោគ​ពី​ប្រទេស​ចិន​កូរ៉េខាងត្បូង វៀតណាម សិង្ហបុរី ជប៉ុន និង​ម៉ាឡេស៊ី​។ ប្រទេស​ទាំងនេះ​ភាគច្រើន​វិនិយោគ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ កម្មន្តសាល អចលនទ្រព្យ សណ្ឋាគារ និង​ភោជនីយដ្ឋាន កសិកម្ម និង​សំណង់​។ ចិន​បាន​វិនិយោគ​ភាគច្រើន​ទៅលើ​វិស័យ​កម្មន្តសាល ដែលជា​វិស័យ​ស្រូប​ទាញ​ការវិនិយោគ​លំដាប់​ទី​ ២ បន្ទាប់ពី​ហិរញ្ញវត្ថុ ដែលមាន​ប្រមាណ​ជាង ៣០ ​ភាគរយ​នៃ​ការវិនិយោគ​សរុប​របស់​ខ្លួន​នៅ​កម្ពុជា​។

លោក លឹម ហេង អនុប្រធាន​សភា​ពាណិជ្ជ​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា កំណើន​ការវិនិយោគ​ផ្ទាល់​បរទេស​នៅ​កម្ពុជា​កាលពី​ឆ្នាំ ​២០២១ គឺជា​លទ្ធផល​ដែល​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ ពិសេស​ប្រមុខ​រដ្ឋាភិបាល​ដែល​តែង​កៀរគរ​វិនិយោគិន​បរទេស​ឱ្យមក​វិនិយោគ​នៅ​កម្ពុជា​។

លោក​បាន​បន្ថែមថា កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា តាំង​មុនពេល​កូវីដ​ ១៩ រហូតមកដល់​ពេលនេះ​ភាគច្រើន​បាន​ពី​ការវិនិយោគ​ផ្ទាល់​ពី​ក្រុមហ៊ុន​ចិន ដោយ​ក្រៅពី​រាជធានី​ភ្នំពេញ វិនិយោគិន​ចិន ក៏បាន​ជួយ​ជំរុញ​កំណើនសេដ្ឋកិច្ច​ខេត្ត​ព្រះសីហនុ​តាមរយៈ​ការវិនិយោគ​ទៅលើ​វិស័យ​អចលនទ្រព្យ និង​វិស័យ​ផ្សេងៗ​ទៀត ដែល​ជួយ​ឱ្យ​ចរន្ត​សេដ្ឋកិច្ច​មាន​ដំណើរការ​ល្អ​។

លោក​បញ្ជាក់ថា​៖ «​ចំពោះ​ការវិនិយោគ​នេះ​កម្ពុជា​មិនមាន​ការរើសអើង​ទេ ដោយ​យើង​ទទួល​រាល់​វិនិយោគិន​ដែល​ចង់​វិនិយោគ​ដោយ​ស្របច្បាប់​មិន​ត្រឹមតែ​ចិន​នោះទេ​។ បន្ទាប់ពី​ប្រទេស​ចិន និង​កូរ៉េខាងត្បូង យើង​ឃើញថា ជប៉ុន​ជា​ប្រទេស​ដែលមាន​លទ្ធភាព​ច្រើន​ក្នុងការ​វិនិយោគ​ផ្ទាល់​នៅ​កម្ពុជា​។ មួយទៀត​ប្រទេស​ឥណ្ឌា ក៏មាន​សេដ្ឋកិច្ច​ធំ និង​រីកលូតលាស់​ដែល​អាចឱ្យ​យើង​ចាប់យក​ឱកាស​វិនិយោគ​ជាមួយ​ប្រទេស​នេះ​បាន ខណៈ​ថ្នាក់ដឹកនាំ​ប្រទេស​យើង​កំពុង​ជំរុញឱ្យមាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ឥណ្ឌា​ផងដែរ​»​។

ដើម្បី​បន្ត​ពង្រីក​ការវិនិយោគ​ដោយផ្ទាល់​ពី​បរទេស​នេះ​ថែមទៀត លោក លឹម ហេង បាន​អះអាងថា នៅ​ខែក្រោយ​ (​ខែឧសភា​) គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម​កម្ពុជា​នឹងធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​ញូវយ៉ក​សហរដ្ឋ​អាមេរិក​ ដើម្បី​ជួបពិភាក្សា​ធុរកិច្ច និង​វិនិយោគ​ជាមួយ​សភាពាណិជ្ជកម្ម​ញូវយ៉ក​ដែល​គ្រោង​នឹង​មក​កម្ពុជា​ស្វែងរក​ឱកាស​វិនិយោគ​។ ដោយឡែក​នៅ​ខែមិថុនា សភាពាណិជ្ជកម្ម​កម្ពុជា​នឹង​បើក​ការិយាល័យ​តំណាង​នៅ​ប្រទេស​កាណាដា ហើយ​ពេលនោះ​លោក និង​ក្រុមការងារ នឹង​ជួបពិភាក្សា​ជាមួយ​អ្នកវិនិយោគ​ក្នុងប្រទេស​នេះ​ផងដែរ​។

អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក គី សេរីវឌ្ឍន៍ បាន​ប្រាប់ឱ្យដឹង​ដែរ​ថា នេះ​ជា​សុទិដ្ឋិនិយម​មួយ​ក្នុង​ចរន្ត​សេដ្ឋកិច្ច ស្រប​ពេលដែល​កម្ពុជា ត្រូវបាន​គេ​រំពឹងថា ជា​ប្រទេស​ដែលមាន​ការ​ថមថយ​ការរីករាលដាល​កូវីដ​ ១៩ មុនគេ​តាមរយៈ​ការចាក់​វ៉ាក់សាំង​។

លោក​បន្ថែមថា កត្តា​នេះ​ធ្វើឱ្យ​អ្នកវិនិយោគ​ពី​បរទេស​បង្វែរ​ការចាប់​អារម្មណ៍​មក​ប្រទេស​កម្ពុជា និង​បាន​សុំ​សិទ្ធិ​វិនិយោគ​នៅ​កម្ពុជា​ដោយផ្ទាល់ ដែល​នេះ​ជាការ​លើកទឹកចិត្ត​ពលរដ្ឋ​កម្ពុជា​ឱ្យ​ត្រៀមខ្លួន​សម្រាប់​ការចូល​បម្រើការ​ទៅតាម​ជំនាញ និង​ឯកទេស​ដែល​ខ្លួន​មាន​។

លោក​បញ្ជាក់ថា​៖ «​កំណើន​នេះ​អាច​លើកកម្ពស់​ឱ្យមាន​ចរន្ត​សេដ្ឋកិច្ច​ដែល​ផលិត​ក្នុងស្រុក និង​ជំរុញ​ការនាំចេញ​ឱ្យ​ច្រើនជាង​មុន​។ យើង​ឃើញថា ចិន​នៅតែ​វិនិយោគ​ច្រើន ទោះ​មាន​វិបត្តិ​កូវីដ​ ១៩ ហើយ​ក្រៅពី​ចិន អាច​ថា​ជប៉ុន និង​កូរ៉េ ដោយ​ប្រទេស​ទាំង ​២ ​នេះ​នឹង​ជួយ​ទាញ​បរិយាកាស​នៃ​ការវិនិយោគ​ឱ្យមាន​តុល្យភាព និង​មាន​ភាពងាយស្រួល​ជាង​មុន​»​។

បើតាម​របាយការណ៍​ដដែល ការវិនិយោគ​ផ្ទាល់​លើ​វិស័យ​ហិរញ្ញវត្ថុ មាន​ទឹកប្រាក់​ ៩,៤​ ពាន់​លាន​ដុល្លារ​, កម្មន្តសាល ៨,៥ ​ពាន់​លាន​ដុល្លារ​, អចលនទ្រព្យ ៤,៩​ ពាន់​លាន​ដុល្លារ​, សណ្ឋាគារ និង​ភោជនីយដ្ឋាន ៤,៤​ ពាន់​លាន​ដុល្លារ​, កសិកម្ម ៤,២ ​ពាន់​លាន​ដុល្លារ​, អគ្គិសនី ២,៦ ​ពាន់​លាន​ដុល្លារ​, សំណង់ ១,៦​ ពាន់​លាន​ដុល្លារ និង​វិស័យ​ផ្សេងៗ​ទៀត​មាន​ចំនួន ៥,៣ ​ពាន់​លាន​ដុល្លារ​៕ LA