
ច្រកព្រំដែនកម្ពុជា-ថៃ ប៉ោយប៉ែត កាលពីឆ្នាំ ២០១៩។ ហេង ជីវ័ន
ភ្នំពេញៈ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ថៃ ក្នុងត្រីមាសទី ១ ឆ្នាំ ២០២២ មានទឹកប្រាក់ប្រមាណជិត ១,២ ពាន់លានដុល្លារ កើន ១៦ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១។
បើតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាចាប់ពីខែមករា ដល់មីនា ឆ្នាំ ២០២២ ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា និងថៃ ដែលជាប្រទេសជិតខាងមានទំហំទឹកប្រាក់សរុប ១ ១៧៤ លានដុល្លារកើនឡើង ១៦ ភាគរយបើធៀបនឹងត្រីមាសទី ១ ឆ្នាំ ២០២១។ នៅក្នុងនោះការនាំចេញពីកម្ពុជាទៅថៃ មានតម្លៃ ៣១៨,១៦ លានដុល្លារ កើន ២៨ ភាគរយ ខណៈកម្ពុជានាំទំនិញចូលពីប្រទេសថៃមានទឹកប្រាក់ ៨៥៦,៦៤៧ លានដុល្លារ កើនឡើង ១២ ភាគរយ។
អ្នកនាំពាក្យនៃក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ បានប្រាប់ភ្នំពេញ-ប៉ុស្តិ៍ថា ការកើនឡើងទំហំពាណិជ្ជកម្មរវាងកម្ពុជា និងថៃគឺដោយសារការបើកព្រំដែនរវាងប្រទេសទាំង ២ នៅពេលស្ថានការណ៍នៃការឆ្លងរាលដាលជំងឺកូវីដ ១៩ មានភាពធូរស្រាល។ ម្យ៉ាងទៀតកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការនាំចេញ-ចូលទំនិញមួយចំនួនទៅវិញទៅមក មានដូចជា ផលិតផលកសិផល ទំនិញឧស្សាហកម្ម (សម្លៀកបំពាក់ជជុះ) ទំនិញកាកសំណល់ (ដែក សម្បកកំប៉ុង កាកសំណល់អាគុយចាស់) គ្រឿងបន្លាស់ គ្រឿងបង្គុំអគ្គិសនី និងយានយន្តជាដើម បានជួយជំរុញឱ្យមានកំណើន បន្ទាប់ពីការបិទព្រំដែនមួយរយៈពេល។
លោកបានបញ្ជាក់ថា៖ «សម្ទុះនៃការកើនឡើងនេះនឹងបន្តរហូតដល់ចុងឆ្នាំ ២០២២ នេះ ដែលនឹងស្របតាមប៉ាន់ស្មានថាកំណើនទំហំពាណិជ្ជកម្មក្រៅប្រទេសនឹងជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជាឱ្យបន្តកើនឡើងក្នុងឆ្នាំនេះ និងឆ្នាំក្រោយ»។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានឱ្យដឹងដែរថា កំណើននៃការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា-ថៃ បានបង្ហាញពីសញ្ញាវិជ្ជមានមួយសម្រាប់ទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសជិតខាង ដែលជាច្រកចាំបាច់មួយសម្រាប់កម្ពុជាក្នុងការនាំចេញទំនិញកសិផលទៅកាន់ទីផ្សារក្រៅប្រទេស។
លោកបានបញ្ជាក់ថា៖ «កន្លងមកប្រទេសកម្ពុជាបាននាំចូលទំនិញពីថៃមកច្រើន ដោយសារប្រទេសយើងជាប្រទេសកំពុងអភិវឌ្ឍន៍ ដូចនេះយើងត្រូវការវត្ថុធាតុដើមច្រើនដូចជា គ្រឿងបន្លាស់ គ្រឿងបង្គុំអគ្គិសនី និងវត្ថុប្រើប្រាស់ជាច្រើនទៀត ដើម្បីបម្រើឱ្យការកែច្នៃសម្រាប់នាំចេញ»។
លោកបានបន្តថា ដោយសារកម្ពុជាមិនទាន់មានលទ្ធភាពគ្រប់គ្រាន់ក្នុងការកែច្នៃផលិតសម្រេចបានដោយខ្លួនឯង ទើបត្រូវនាំចេញវត្ថុធាតុដើមច្រើនជាងផលិតសម្រេច។ កម្ពុជាត្រូវការវិនិយោគិនពីក្រៅប្រទេស ដើម្បីវិនិយោគលើបច្ចេកវិទ្យា ធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធនានាសម្រាប់ចង្វាក់ផលិតកម្ម ដែលចំណុចនេះកម្ពុជាអាចរៀនសូត្របន្ថែមពីថៃ។
យោងតាមទិន្នន័យស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ក្នុងឆ្នាំ ២០២១ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ថៃ សម្រេចបានទឹកប្រាក់ប្រមាណ ៨ ពាន់លានដុល្លារ កើន ១០ ភាគរយបើប្រៀបនឹងឆ្នាំ ២០២០។ ការនាំចេញទំនិញកម្ពុជាទៅប្រទេសថៃ មានតម្លៃជិត ៩០០ លានដុល្លារ ធ្លាក់ចុះ ២២ ភាគរយ និង ការនាំចូលទំនិញពីថៃមកកម្ពុជាមានដល់ប្រមាណជាង ៧ ពាន់លានដុល្លារ កើនឡើង ១៦ ភាគរយ៕ LA