
ច្រកព្រំដែនកម្ពុជា-វៀតណាម អន្លង់ជ្រៃ កាលពីឆ្នាំ ២០១៥។ ហេង ជីវ័ន
ភ្នំពេញៈ កម្ពុជា និងវៀតណាមកំពុងពិចារណាស្វែងរកដំណោះស្រាយរួមគ្នាលើបញ្ហាមួយចំនួនទាក់ទងនឹងការនាំចេញ ស្ករស និងស្វាយចន្ទីទៅទីផ្សារដៃគូនៅក្រៅប្រទេស បន្ទាប់ពីជួបប្រទះការរាំងស្ទះផ្នែកបច្ចេកទេសមួយចំនួន។
លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានប្រាប់ភ្នំពេញ-ប៉ុស្តិ៍ថា កម្ពុជា-វៀតណាម បានពិភាក្សាគ្នាឡើងវិញ ដើម្បីសម្រួលនូវរបាំងពាណិជ្ជកម្មទាំងអស់ដែលទាក់ទងនឹងទំនិញមួយចំនួនដូចជា ស្ករស និងស្វាយចន្ទី ដើម្បីស្វែងរកមធ្យោបាយបង្ហាញទៅកាន់ទីផ្សារគោលដៅថា ពុំមានការនាំចេញទំនិញឆ្លងពីប្រទេសទី ៣ ណាមួយកាត់តាមកម្ពុជាទៅវៀតណាម ដើម្បីនាំចេញបន្តទេ។
ចំពោះករណីស្ករសនេះ លោកបានបន្តថា កន្លងមកមានមន្ទិលមកពីខាងប្រទេសបញ្ជាទិញជុំវិញករណីនាំចេញស្ករពីប្រទេសថៃ ឆ្លងកាត់កម្ពុជាទៅកាន់ប្រទេសវៀតណាម។ លោកបន្តថា កន្លងមកកម្ពុជាបាននាំចេញស្ករសទៅក្រៅប្រទេសបានដោយខ្លួនឯងរួមទាំងទីផ្សារវៀតណាមផងដែរ ដែលនាំចេញជាលក្ខណៈប្រើប្រាស់ក្នុងប្រទេសវៀតណាមផ្ទាល់ តែមិនមែនជាការនាំចេញក្នុងចំនួនច្រើនដើម្បីយកទៅលក់បន្តនៅទីផ្សារក្រៅប្រទេសនោះទេ។
លោកបញ្ជាក់ថា៖ «ករណីនេះ យើងស្វាគមន៍ពីការត្រួតពិនិត្យណាមួយពីដៃគូក្រៅប្រទេស ពិសេសសហគមន៍-អឺរ៉ុប ដែលនាំចូលផលិតផលស្កររបស់ប្រទេសទាំង ២ ពីព្រោះបច្ចុប្បន្នទំហំនៃការនាំចេញស្កររបស់យើងក៏មិនធំ ហើយក៏គ្មានសមត្ថភាពក្នុងការនាំចេញស្ករពីថៃឆ្លងតាមយើង យកទៅវៀតណាមដែរ។ យើងបានជជែកគ្នាជាមួយវៀតណាម ដើម្បីឱ្យច្បាស់ថា កម្ពុជាមិនមានស្ករសរបស់ថៃ សម្រាប់នាំចេញទៅវៀតណាមទេនាពេលនេះ។ បច្ចុប្បន្នយើងមានតែនាំចូលស្ករពីថៃនិងវៀតណាមមកប្រើប្រាស់វិញ»។
ចំណែកករណីស្វាយចន្ទី ត្រូវបានលោក សុវិជាតិ អះអាងថា ដោយសារកម្ពុជាមានផ្ទៃដីដាំដុះ និងផលិតកម្មច្រើនលើសលប់ទើបធ្វើឱ្យមានការនាំចេញទាំងផ្លូវការ និងការនាំចេញរបស់ប្រជាពលរដ្ឋនៅតាមព្រំដែន។
លោកបានបន្ថែមថា ចំពោះករណីស្វាយចន្ទីនេះ ដោយសារតែជាទំនិញយុទ្ធសាស្ត្រ និងមានការនាំចេញទៅប្រទេសវៀតណាមច្រើនទើបភាគីទាំង ២ លើកយកមកពិភាក្សា ដើម្បីធានានិរន្តរភាពនៃការផ្គត់ផ្គង់ឱ្យគ្នាទៅវិញទៅមក និងដើម្បីជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យបានលើសពី ១០ ពាន់លានដុល្លារនៅឆ្នាំ ២០២២ នេះ។
លោក សុវិជាតិ បានបន្ថែមថា ភាគីទាំង ២ ក៏បានរិះរកយុទ្ធសាស្ត្របើកសេដ្ឋកិច្ចឡើងវិញ ដើម្បីស្តារសេដ្ឋកិច្ចក្រោយវិបត្តិកូវីដ ១៩ និងដើម្បីសម្រួចការនាំចេញតាមផ្លូវគោកទៅទីផ្សារចិនផងដែរ បន្ទាប់ពី FTA រវាងកម្ពុជា និងចិន បានចូលជាធរមានកាលពីខែមករា ឆ្នាំ ២០២២ នេះ។
លោក អួន ស៊ីឡូត ប្រធានសមាគមស្វាយចន្ទីកម្ពុជាបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា កន្លងទៅមានបញ្ហាទិន្នន័យល្អៀងគ្នាខ្លះរវាងទិន្នន័យរបស់សមាគម ជាមួយក្រសួងកសិកម្មកម្ពុជា និងវៀតណាមក្នុងការនាំចេញស្វាយចន្ទី។ លោកបន្តថា នៅឆ្នាំ ២០២១ ទិន្នន័យរបស់សមាគមស្វាយចន្ទីកម្ពុជា គឺមាន ៩៨ ម៉ឺនតោន ចំណែកទិន្នន័យពីក្រសួងកសិកម្មមានប្រមាណ ៩៣ ម៉ឺនតោន ខណៈទិន្នន័យពីខាងគយវៀតណាមមានជាង ១,១ លានតោន។ ទិន្នន័យបានធ្វើឱ្យវៀតណាមមានការសង្ស័យចំពោះទិន្នន័យនេះ។
លោកបញ្ជាក់៖ «ខ្ញុំឮថាវៀតណាមសង្ស័យថា កម្ពុជាបានស្វាយចន្ទីពីណានាំចេញទៅវៀតណាម ព្រោះការនាំផលិតផលស្វាយចន្ទីទៅវៀតណាមត្រូវបានរួចពន្ធ ប៉ុន្តែបើពីប្រទេសផ្សេងឆ្លងកាត់កម្ពុជាទៅវៀតណាមត្រូវគិតពន្ធធម្មតា។ ដូចនេះ វៀតណាមចង់សិក្សាបន្ថែមលើបញ្ហានេះ»។
តាមការសិក្សារបស់សមាគមនៅឆ្នាំនេះ វៀតណាមបានបញ្ជាទិញស្វាយចន្ទីពីកម្ពុជាក្នុងចំនួនតិចប៉ុណ្ណោះ។
លោកបន្ថែមថា ចំពោះការថយចុះការបញ្ជាទិញពីវៀតណាមនេះ គឺស្របពេលដែលទិន្នផលគ្រាប់ស្វាយចន្ទីកម្ពុជាថយចុះចន្លោះពី ១០-៣០ ភាគរយ ដោយសារបញ្ហាអាកាសធាតុ។
ទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានបង្ហាញថា កម្ពុជា និងវៀតណាម បានសម្រេចទំហំពាណិជ្ជកម្មទ្វេភាគីក្នុងទំហំទឹកប្រាក់ជាង ១,៧២២ លានដុល្លារ នៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២២ កើនឡើង ១៣,៦ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១៕ LA
វីដេអូ៖