ប្រេងឆៅ​បាន​កើនឡើង​ពី​កម្រិត​ទាប ៩៥,២ ​ដុល្លារ​ក្នុង​ ១​ បារ៉ែល ដល់​កម្រិត​ខ្ពស់​នៅ​ថ្ងៃ​អង្គារ ១០២,៧០ ​ដុល្លារ ខណៈដែល​ករណី​កូវីដ​ ១៩ នៅ​ប្រទេស​ចិន​បាន​ធ្លាក់ចុះ​ដល់​កម្រិត​ទាប​ក្នុង​រយៈពេល ៣ ​សប្តាហ៍​។ ជាមួយនឹង​ការធានា​ពី​ធនាគារកណ្តាល​ប្រទេស​ចិន​ក្នុង​ការគាំទ្រ​ដល់​សេដ្ឋកិច្ច វា​បាន​បន្ធូរបន្ថយ​ការភ័យខ្លាច​នៃ​ការបិទ​ខ្ទប់​ ដោយសារ​ជំងឺ​កូវីដ​សាជាថ្មី ដែល​ធ្វើឱ្យ​តម្រូវការ​ប្រេង​ឆៅ​អាច​កើនឡើង​។

យោងតាម​គេហទំព័រ Bloomberg ករណី​ជំងឺ​កូវីដ​ ១៩ នៅក្នុង​ប្រទេស​ចិន​បាន​ធ្លាក់ចុះ​ដល់​កម្រិត​ទាប​បំផុត​របស់​ពួកគេ​ក្នុង​រយៈពេល ៣ ​សប្តាហ៍ ខណៈដែល​ទីក្រុង​ប៉េកាំង​បាន​ចាប់ផ្តើម​តេស្ត​កម្ចាត់​មេរោគ​មុនពេល​ដែល​វា​បណ្តាល​ឱ្យមាន​ការបិទខ្ទប់​ថ្មី ដែល​បង្ខំ​ឱ្យ​រោងចក្រ​បិទទ្វារ​នៅ​ទីក្រុង​សៀងហៃ​។ ការកើត​ឡើងវិញ​នៃ​ជំងឺ​កូវីដ​ ១៩ បាន​រារាំង​ការប្រើប្រាស់​ប្រេងឥន្ធនៈ​នៅក្នុង​ប្រទេស​សេដ្ឋកិច្ច​ធំ​បំផុត​ទី ​២ ​របស់​ពិភពលោក​។ តម្លៃ​ប្រេងឆៅ​បាន​ស្ទុះ​ងើបឡើង​វិញ​បន្ទាប់ពី People Bank of China បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​ ដើម្បី​ធ្វើ​​ឱ្យ​ទីផ្សារ​ស្ងប់ស្ងាត់​។ តម្រូវការ​របស់​ចិន និង​ការផ្គត់ផ្គង់​របស់​រុស្ស៊ី គឺជា​កង្វល់​ចម្បង​របស់​វិនិយោគិន នៅពេលដែល​សង្គ្រាម​អ៊ុយក្រែន​បានអូសបន្លាយ​ដល់​ខែ​ទី ​៣ របស់ខ្លួន​។

ដោយសារ​ប្រេង​ឆៅ​ស្ថិតនៅ​ប្រហែល ១០០ ​ដុល្លារ សូចនាករ​ទីផ្សារ​សំខាន់ៗ​នៅ​អឺរ៉ុប​កំពុង​ចុះខ្សោយ ជាការ​ឆ្លើយតប​ទៅនឹង​ការប្រើប្រាស់​របស់​ចិន​កាន់តែ​តិច ខណៈ​នៅ​ជុំវិញ​ពិភពលោក សម្ពាធ​អតិផរណា​កំពុង​កើនឡើង ដែល​បង្ខំ​ឱ្យ​ធនាគារកណ្តាល​ពិចារណា​លើ​ការ​រឹតបន្តឹង​គោលនយោបាយ​រូបិយវត្ថុ​របស់ខ្លួន​។ តាម​ការវិភាគ​បច្ចេកទេស ប្រេង​ត្រូវបាន​ជួញដូរ​ក្នុង​កម្រិត​ទាប​នៃ​ខែមេសា​ពី​តម្លៃ ៩២,៨៨ ទៅ ១០៩,២០​ ដុល្លារ បន្ទាប់មក​បាន​ទៅដល់​តម្លៃ​ទាប​នៅ​សប្តាហ៍​នេះ ៩២ ​ដុល្លារ និង​បន្ត​កើនឡើង​ដល់ ១០២​ ដុល្លារ​។ ក្នុង​សប្តាហ៍​នេះ វិនិយោគិន​អាច​ចាំ​ទិញ​ក្នុងតម្លៃ ១០០​ ដុល្លារ ដោយ​កំណត់​មុខងារ​ការពារ​ហានិភ័យ​នៅ​តម្លៃ ៩៨ ​ដុល្លារ និង​មុខងារ​ទាញយក​ប្រាក់ចំណេញ​នៅ​តម្លៃ ១០៥ ​ដុល្លារ​៕