
ប្រព័ន្ធបញ្ជាយន្តហោះគ្មានមនុស្សបើក Drone របស់ក្រុមហ៊ុន DJI របស់ចិន។ AFP
ទីក្រុងប៉េកាំងៈ DJI ជាក្រុមហ៊ុនផលិតយន្តហ្រោះដូនឈានមុខគេរបស់ពិភពលោកបានឱ្យដឹងថា ខ្លួននឹងផ្អាកប្រតិបត្តិការអាជីវកម្មទាំងអស់នៅក្នុងប្រទេសរុស្ស៊ី និងអ៊ុយក្រែន ជាវិធានការសាធារណៈដ៏កម្រមួយដោយក្រុមហ៊ុនរបស់ប្រទេសចិន ដោយសារតែការលុកលុយរបស់ទីក្រុងម៉ូស្គូលើប្រទេសជិតខាងរបស់ខ្លួន។
ប្រទេសរុស្ស៊ីបានទទួលរងដោយសារតែការដាក់ទណ្ឌកម្មជាច្រើន ជុំវិញសង្គ្រាមនេះ ហើយក្រុមហ៊ុនអន្តរជាតិរបស់ប្រទេសលោកខាងលិចជាច្រើនបានដកខ្លួនចេញពីប្រទេសនេះ។
យ៉ាងណាក៏ដោយ ទីក្រុងប៉េកាំងបានបដិសេធថ្កោលទោសការឈ្លានពាននេះ ហើយក្រុមហ៊ុនរបស់ប្រទេសចិនភាគច្រើនបានរក្សាភាពស្ងៀមស្ងាត់អំពីរបៀបដែលពួកគេនឹងដោះស្រាយផលប៉ះពាល់ ដោយសារតែការដាក់ទណ្ឌកម្ម។
ក្រុមហ៊ុនមួយនេះបានឱ្យដឹងកាលពីថ្ងៃអង្គារថា៖ «ក្រុមហ៊ុន DJI កំពុងវាយតម្លៃឡើងវិញនូវតម្រូវការអនុលោមភាពផ្ទៃក្នុងផ្នែកយុត្តាធិការផ្សេង»។
ក្រុមហ៊ុនបន្តថា៖ «ដោយរង់ចាំការត្រួតពិនិត្យនៅពេលបច្ចុប្បន្ន ក្រុមហ៊ុន DJI នឹងផ្អាកសកម្មភាពអាជីវកម្មទាំងអស់នៅក្នុងប្រទេសរុស្ស៊ី និងអ៊ុយក្រែនជាបណ្តោះអាសន្ន»។
ក្រុមហ៊ុន DJI បានប្រឈមមុខនឹងការរិះគន់យ៉ាងខ្លាំងកាលពីខែមុនពីប្រទេសអ៊ុយក្រែន ដែលបានចោទប្រកាន់ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុង Shenzhen មួយនេះពីបទអនុញ្ញាតឱ្យកងកម្លាំងយោធារុស្ស៊ីប្រើប្រាស់បច្ចេកវិទ្យារបស់ខ្លួនក្នុងប្រតិបត្តិការយោធា រួមទាំងប្រឆាំងនឹងជនស៊ីវិលផងដែរ។
លោក Mykhailo Fedorov ឧបនាយករដ្ឋមន្ត្រីប្រទេសអ៊ុយក្រែនបានបង្ហោះលើ Twitter «@DJIGlobal តើអ្នកប្រាកដទេថាអ្នកចង់ធ្វើជាដៃគូនៅក្នុងឃាតកម្មទាំងនេះដែរឬទេ?» ។
លោកថ្លែងថា៖ «ចូររារាំងផលិតផលរបស់អ្នកដែលជួយដល់ប្រទេសរុស្ស៊ី ដើម្បីសម្លាប់ជនជាតិអ៊ុយក្រែន!»។
ការរិះគន់របស់ប្រទេសអ៊ុយក្រែនគឺផ្តោតលើប្រព័ន្ធ AeroScope របស់ក្រុមហ៊ុន DJI ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចរកឃើញទីកន្លែង និងត្រួតពិនិត្យយន្តហោះគ្មានមនុស្សបើក (Drone) នៅក្នុងបរិវេណជុំវិញរបស់វា។ វាត្រូវបានលក់ជាឧបករណ៍មួយដើម្បីការពារកន្លែងដែលងាយរងគ្រោះ ដូចជាទីកន្លែងព្រលានយន្តហោះ និងទីតាំងពន្ធនាគារជាដើម។
ទីក្រុង Kyiv បានចោទប្រកាន់ថា ប្រព័ន្ធនេះត្រូវបានរុស្ស៊ីប្រើប្រាស់ដើម្បីនាំផ្លូវកាំជ្រួចរបស់ខ្លួន។
ក្រុមហ៊ុនមួយនេះបានបដិសេធយ៉ាងដាច់អហង្ការថា ខ្លួនមិនបានអនុញ្ញាតឱ្យរុស្ស៊ីប្រើប្រាស់ផលិតផលរបស់ខ្លួនសម្រាប់គោលបំណងផ្នែកយោធា ឬផ្តល់ទិន្នន័យទីតាំងលើទីកន្លែងរបស់អ៊ុយក្រែននោះទេ។
ប៉ុន្តែក្រុមហ៊ុននេះបានឱ្យដឹងនៅក្នុងការឆ្លើយតបរបស់ខ្លួនទៅលោក Fedorov តាម Twitter ថា មុខងារដែលអនុញ្ញាតឱ្យយន្តហ្រោះដូនរបស់ក្រុមហ៊ុន DJI ត្រូវបានរកឃើញដោយប្រព័ន្ធ AeroScope មិនអាចបិទបានទេ។
ក្រុមហ៊ុន DJI បានឱ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយកាលពីសប្តាហ៍មុនថាក្រុមហ៊ុន DJI បាន «ការប្រឆាំងដាច់ខាតចំពោះការប៉ុនប៉ងភ្ជាប់អាវុធជាមួយនឹងផលិតផលរបស់យើង»។
ក្រុមហ៊ុនបន្តថា៖ «យើងនឹងមិនទទួលយកការប្រើប្រាស់ផលិតផលរបស់យើងណាមួយ ដើម្បីបង្កគ្រោះថ្នាក់នោះទេ»។
ក្រុមហ៊ុន DJI ធ្លាប់ទទួលរងការរិះគន់ពីសកម្មជនសិទ្ធិមនុស្សពីបទចោទប្រកាន់ថាបានជួយដល់កិច្ចខិតខំប្រឹងប្រែងឃ្លាំមើលនៅក្នុងតំបន់ Xinjiang របស់ប្រទេសចិនជាកន្លែងដែលជនជាតិ Uyghurs រាប់លាននាក់ និងជនជាតិភាគតិចមូស្លីមផ្សេងទៀតត្រូវបានឃុំខ្លួននៅក្នុងការបង្ក្រាបជាហេតុផលសន្តិសុខ៕ LA
វីដេអូ៖