
ការដ្ឋានសំណង់ ១ កន្លែងក្នុងខណ្ឌមានជ័យ។ ហ៊ាន រង្សី
ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាតាមរយៈអគ្គនាយកដ្ឋានពន្ធដារបានប្រកាសបន្តការលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ (លំនៅឋានគ្រប់ប្រភេទ) ដែលមានតម្លៃស្មើ ឬទាបជាង ៧០ ០០០ (ប្រាំពីរម៉ឺន) ដុល្លារ ដើម្បីជួយសម្រាលបន្ទុកអ្នកជាប់ពន្ធ និងវិស័យអចលនទ្រព្យរហូតដល់ដាច់ឆ្នាំ ២០២២។
លិខិតរបស់លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ដែលបានផ្ញើជូនលោកប្រធាននាយកដ្ឋានពន្ធចលនទ្រព្យ និងអចលនទ្រព្យ ព្រមទាំងប្រធានសាខាពន្ធដារខេត្តទាំងអស់កាលពីថ្ងៃទី ២២ ខែមេសា ឱ្យដឹងថា ការសម្រេចពន្យារពេលនេះ គឺអនុលោមតាមក្របខ័ណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ ១៩ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ ២០២១-២០២៣ របស់រាជរដ្ឋាភិបាល និងផ្អែកតាមចំណារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោកស្រី តាំង ហួរ អគ្គនាយិកាក្រុមហ៊ុនអចលនទ្រព្យ Amatak Property Service បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ការពន្យារពេលបន្ថែមត្រឹម ១ ឆ្នាំនេះមិនទាន់ឆ្លើយតបនឹងការធ្លាក់ចុះនៃវិស័យអចលនទ្រព្យដែលទទួលរងនូវផលប៉ះពាល់ពីជំងឺកូវីដ ១៩ នៅក្នុងប្រទេសនោះទេ។ ម្យ៉ាងទៀតសេដ្ឋកិច្ចពិភពលោកក៏មិនមានផលល្អប្រសើរនៅឡើយដែរ។ លោកស្រីបន្តថា ជាក់ស្តែងកូវីដ ១៩ មិនទាន់ធូរស្រាលផង ក៏ចូលដល់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ដែលបានធ្វើឱ្យទំនិញនានានៅលើពិភពលោកមានការកើនឡើងតម្លៃ និងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកក៏ដូចជាកម្ពុជា។
លោកស្រីក៏បានស្នើឱ្យរដ្ឋាភិបាលបន្តពន្យារពេលការយកពន្ធប្រថាប់ត្រានេះយ៉ាងហោចណាស់ ២-៣ ឆ្នាំទៅមុខទៀត ដើម្បីជួយដល់អ្នកស្វែងរកទិញលំនៅឋាន និងជំរុញឱ្យវិស័យមួយនេះមានសម្ទុះឡើងវិញ។
លោកស្រីប្រាប់ថា៖ «យើងស្វាងពីកូវីដ ១៩ បន្តិចមែន ប៉ុន្តែវាមានផលប៉ះពាល់ពីសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន ដែលធ្វើឱ្យប៉ះពាល់ទៅលើទំនិញ និងប្រេងសាំងឡើងថ្លៃ ហើយសេដ្ឋកិច្ចពិភពលោកក៏មានការរងផលប៉ះពាល់ខ្លាំងដែរ។ ការពន្យារពេលនេះវាល្អហើយ ប៉ុន្តែ ១ ឆ្នាំវាមិនទាន់គ្រប់គ្រាន់ទេ បើអាច ២-៣ ឆ្នាំទៀតកាន់តែប្រសើរ»។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានប្រាប់ថា ការប្រកាសបន្តពន្យារពេលយកពន្ធប្រថាប់ត្រានេះ គឺជាយន្តការរបស់រដ្ឋាភិបាលក្នុងការផ្តល់សម្បទានរយៈពេលខ្លីតែប៉ុណ្ណោះដល់អ្នកទិញផ្ទះ ប៉ុន្តែ សម្រាប់រយៈពេលវែងវិញរដ្ឋាភិបាលគួរតែមានការគាំទ្រហិរញ្ញប្បទាន និងបង្កលក្ខណៈងាយស្រួលក្នុងការកាត់ប្លង់ឱ្យបានលឿន។ ការដោះដូរលឿននឹងជួយឱ្យរដ្ឋបានចំណូលពន្ធកាន់តែច្រើនផងដែរ។
លោកបញ្ជាក់ថា៖ «ការលើកលែងពន្ធប្រថាប់ត្រាអចលនទ្រព្យដែលជាប្រភេទផ្ទះមានតម្លៃក្រោម ៧ ម៉ឺនដុល្លារនេះ គឺជាតម្លៃទាប ហើយការលើកលែងពន្ធនេះគឺជាយន្តការរបស់រដ្ឋាភិបាលក្នុងការគាំទ្រជួយទៅដល់អ្នកដែលមានចំណូលមធ្យម និងក្រោមមធ្យម»។
រដ្ឋាភិបាលកម្ពុជាបានលើកលែងពន្ធប្រថាប់ត្រាឱ្យអ្នកទិញផ្ទះមានតម្លៃទាបជាង ឬស្មើ ៧ ម៉ឺនដុល្លារចំនួន ២ លើករួចមកហើយ ដោយលើកទី ១ កាលពីខែកុម្ភៈ ឆ្នាំ ២០២០ ដល់ខែមករា ឆ្នាំ ២០២១ និងលើកទី ២ ដល់ចុងឆ្នាំ ២០២១៕ LA
វីដេអូ៖