ទីក្រុងតូក្យូៈ ធនាគារកណ្តាល​របស់​ប្រទេស​ជប៉ុន​បាន​បង្កើន​ការ​ព្យាករ​អតិផរណា​ពេញ ​១ ​ឆ្នាំ​របស់ខ្លួន​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ប៉ុន្តែ​បាន​ព្រមាន​ថា​ខ្លួន​មើលឃើញថា​តម្លៃ​កើនឡើង​ដែល​ជំរុញ​ដោយ​ការកើនឡើង​ថ្លៃទំនិញ​ប្រើប្រាស់ ដែល​បណ្តាលមកពី​សង្គ្រាម​អ៊ុយក្រែន​គឺជា​និន្នាការ​បណ្តោះអាសន្ន​ប៉ុណ្ណោះ ហើយ​និង​មានការ​ប្រែប្រួល​។

ទោះបីជា​តម្លៃ​កើនឡើង និង​ការធ្លាក់​ចុះថ្លៃ​ប្រាក់​យ៉េន​ដល់​កម្រិត​ទាប​ក្នុង​រយៈពេល ២០ ​ឆ្នាំ​ធៀប​នឹង​ប្រាក់​ដុល្លារ​ក៏ដោយ ក៏​ធនាគារកណ្តាល​ជប៉ុន​បាន​រក្សា​គោលនយោបាយ​រូបិយវត្ថុ​ដែល​បន្ធូរបន្ថយ​បំផុត​របស់ខ្លួន​មិន​ផ្លាស់ប្តូរ​។

ធនាគារ​មួយ​នេះ​បានកែតម្រូវ​ការ​ព្យាករ​អតិផរណា​របស់ខ្លួន​សម្រាប់​ឆ្នាំ​ហិរញ្ញវត្ថុ ២០២២ ​ដល់ ​២០២៣ ដល់​ ១,៩​ ភាគរយ ដែល​កើនឡើង​យ៉ាងខ្លាំង​ពី​ការ​ព្យាករ​ ១,១ ​ភាគរយ​ពី​លើក​មុន​របស់ខ្លួន​។

តួលេខ​ដែល​មិន​រាប់បញ្ចូល​អាហារ​ស្រស់ គឺ​ស្ថិតនៅក្រោម​គោលដៅ ២ ​ភាគរយ​រយៈពេល​យូរ​របស់​ធនាគារ​មួយ​នេះ ប៉ុន្តែ BoJ ​ចាត់ទុក​ការកើនឡើង​នៅពេល​ថ្មីៗ​នេះ​ថា​ជា​និន្នាការ​រយៈពេល​ខ្លី ហើយ​កំពុង​អំពាវនាវ​ឱ្យ​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​សម្រេចបាន​កំណើន​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​។

ធនាគារ​មួយ​នេះ បានឱ្យដឹងថា តម្លៃ​ទំនិញប្រើប្រាស់ «​ទំនង​ជា​នឹង​កើនឡើង​ជា​បណ្ដោះអាសន្ន​ដល់​ប្រហែល ២ ​ភាគរយ ដោយសារតែ​ផលប៉ះពាល់​ការ​កើនឡើង​ខ្លាំង ផ្នែក​តម្លៃ​ថាមពល​នៅក្នុង​សារពើពន្ធ​សម្រាប់​ឆ្នាំ ២០២២ នេះ​»​។

ធនាគារកណ្តាល​ជប៉ុន​លើកឡើងថា​៖ «​ទោះជា​យ៉ាងណា​ក៏ដោយ អត្រា​ការកើនឡើង​ត្រូវបាន​រំពឹងថា​នឹង​ធ្លាក់ចុះ ពីព្រោះ​ការរួមចំណែក​ជា​វិជ្ជមាន​នៃ​ការកើនឡើង​តម្លៃ​ថាមពល​ធៀប​នឹង​សន្ទស្សន៍​តម្លៃ​ទំនិញ​ប្រើប្រាស់​ (CPI) ទំនងជា​នឹង​ធ្លាក់ចុះ​»​។

កាលពី​ក្នុង​ខែមីនា តម្លៃ​ទំនិញប្រើប្រាស់​ស្នូល​បាន​កើនឡើង ០,៨ ​ភាគរយ ជាការ​កើនឡើង​រហ័ស​បំផុត​ក្នុង​រយៈពេល​ជាង ​២ ​ឆ្នាំ ដោយសារតែ​តម្លៃ​ប្រេង​កើនឡើង​។

ទោះយ៉ាងណា​ក៏ដោយ ដោយ​មិន​រាប់បញ្ចូល​ថាមពល​តម្លៃ​បាន​ធ្លាក់ចុះ ០,៧ ​ភាគរយ​។

លោក Tom Learmouth ​នៅ​ក្រុមហ៊ុន​ Capital Economics បានសរសេរថា ទោះបី​ជា​ការ​ព្យាករ​អតិផរណា​ដែល​ត្រូវបាន​កែតម្រូវ​របស់​ធនាគារ​មួយ​នេះ​ «​ស្របគ្នា​» ជាមួយ​នឹង​គោលដៅ​កំណត់ ២ ​ភាគរយ​របស់ខ្លួន​ក៏ដោយ​ «​ក៏​ការដំឡើង​អត្រា​ការប្រាក់​គោលនយោបាយ​នៅតែ​មិនទាន់​ដំណើរការ​នៅឡើយ ព្រោះ​គ្មាន​ការបង្កើន​ល្បឿន​អតិផរណា​ត្រូវបាន​ជំរុញ​ដោយ​តម្រូវការ​ក្នុងស្រុក​នោះទេ​»​។

នៅពេលនេះ BoJ រំពឹងថា​សេដ្ឋកិច្ច​នឹង​កើនឡើង​ចំនួន​ ២,៩ ​ភាគរយ​ក្នុង​ឆ្នាំសារពើពន្ធ​បច្ចុប្បន្ន​ធៀប​នឹង​ការព្យាករ​លើក​មុន​ចំនួន ៣,៨ ​ភាគរយ​។ ប៉ុន្តែ​ធនាគារ​មួយ​នេះ​ក៏បាន​ព្យាករ​ការកើនឡើង ១,៩ ​ភាគរយ​ក្នុង​ឆ្នាំ​ ២០២៣ ដល់​ឆ្នាំ​ ២០២៤​ ធៀប​នឹង​ការ​ព្យាករ​លើក​មុន​ដែលមាន​ចំនួន ១,១ ​ភាគរយ​។

អ្នកចេញ​គោលនយោបាយ​របស់​ធនាគារ​បាន​រក្សា​ការព្យាករ​អតិផរណា​របស់​ពួកគេ​សម្រាប់​ឆ្នាំ​ ២០២៣ ដល់​ឆ្នាំ​ ២០២៤ ដោយ​មិនមាន​ការផ្លាស់ប្តូរ​ក្នុង​ចំនួន​ ១,១ ​ភាគរយ​។

សេចក្តី​ប្រកាស​នេះ​បាន​ធ្វើឡើង​ បន្ទាប់ពី​កិច្ចប្រជុំ​គោលនយោបាយ​រយៈពេល ​២ ​ថ្ងៃ ហើយ​ស្របគ្នា​នឹង​តម្លៃ​ប្រាក់​យ៉េន​ស្ថិតក្នុង​កម្រិត​ទាប​បំផុត​របស់ខ្លួន​ធៀប​នឹង​ប្រាក់​ដុល្លារ​ចាប់តាំងពី​ឆ្នាំ​ ២០០២ ដោយសារ​តែ​គម្លាត​កាន់តែ​ធំ​រវាង​គោលនយោបាយ​រូបិយវត្ថុ​ធូររលុង​របស់​ប្រទេស​ជប៉ុន និង​ការធ្លាក់ចុះ​ការគាំទ្រ​កាន់តែខ្លាំង​របស់​ធនាគារ​កណ្តាល​អាមេរិក​។

BoJ បានផ្តល់​យោបល់​ថា អត្ថប្រយោជន៍​ដោយសារតែ​តម្លៃ​ប្រាក់​យ៉េន​ធ្លាក់ចុះ ជាពិសេស​សម្រាប់​ក្រុមហ៊ុននាំចេញ​ធំៗ​របស់​ប្រទេស​ជប៉ុន ដែល​សំខាន់​ជាង​ការធ្វើឱ្យ​ប្រយោជន៍ ប៉ុន្តែ​ការផ្ញើ​សារ​នេះ​កាន់តែ​ពិបាក​ក្នុងការ​រក្សា​និរន្តរភាព​ក្នុង​គ្រា​មានការ​បារម្ភ​កាន់តែខ្លាំង​ឡើង​។

តម្លៃ​ប្រាក់​យ៉េន​ធ្លាក់ចុះ មាន​បញ្ហា​ជាពិសេស​សម្រាប់​ប្រទេស​ជប៉ុន​ដែល​មិន​សម្បូរ​ធនធាន ដែល​ពឹង​ផ្អែកលើ​ការ​នាំចូល​ថាមពល ហើយ​ក្នុង​រយៈពេល​ជាច្រើន​សប្តាហ៍​ថ្មីៗ​នេះ ក្រុម​អ្នកនយោបាយ​បាន​សម្តែង​ការបារម្ភ​អំពី​ល្បឿន​នៃ​ការធ្លាក់ចុះ​តម្លៃ​រូបិយប័ណ្ណ​នេះ​។

ប៉ុន្តែ​មិនមាន​ការអន្តរាគមន៍​ណាមួយ​នឹងធ្វើ​ឡើង​នៅពេល​ខាងមុខ​នោះទេ ទោះបីជា​រដ្ឋាភិបាល​ក្នុង​សប្តាហ៍​នេះ​បាន បង្ហាញ​កញ្ចប់​សេដ្ឋកិច្ច​ថ្មី រួមទាំង​ការផ្តល់​សាច់ប្រាក់​សម្រាប់​គ្រួសារ​ដែលមាន​ប្រាក់ចំណូល​ទាប និង​ការបង្កើន​ការឧបត្ថម្ភ​ធន​លើ​ប្រេងឥន្ធនៈ ដើម្បី​បន្ថយ​ផលប៉ះពាល់​៕ LA